អន្តរជាតិ
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កាណាដា​-​អឺរ៉ុប ត្រូវ​ចុះហត្ថលេខា
31, Oct 2016 , 8:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីកាណដា និងមេដឹកនាំអឺរ៉ុប នាឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀង CETA (រូបភាព Xinhua)
នាយករដ្ឋមន្ត្រីកាណដា និងមេដឹកនាំអឺរ៉ុប នាឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀង CETA (រូបភាព Xinhua)
​ទីបំផុត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​កាណាដា ដែលជា​សមាជិក​ប្រទេស G7 ត្រូវបាន​ចុះហត្ថលេខា​ហើយ​នៅ​ថ្ងៃទី​៣០ ខែតុលា ក្រោយ​ការរអាក់រអួល​ដោយសារ​តែមាន​ការតវ៉ា​ពី​សំណាក់​រដ្ឋបាល​នៃ​តំបន់​មួយ​របស់​បែលហ្ស៊ិក​។ កិច្ចព្រមព្រៀង​នេះ នឹង​ជម្រុះ​ចោល​របាំង​ពន្ធ​នាំចូល​រវាង​កាណាដា និង​អឺរ៉ុប ព្រមទាំង​បង្កើតបានជា​ទីផ្សារ​រួម​ដ៏​ធំ​ក្នុងចំណោម​ប្រជាជន​ជាង​៥០០​លាន​នាក់​។



សូមស្ដាប់ព័ត៌មានលម្អិត៖




​សហភាព​អឺរ៉ុប និង​កាណាដា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ (CETA) ដែលមាន​គោលដៅ​បង្កើន​ការងារ និង​កំណើនសេដ្ឋកិច្ច​រវាង​ប្លុក​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ពិភពលោក​។ កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៣០ ខែតុលា ធ្វើឡើង​ក្រោយ​តំបន់​និយាយ​ភាសា​បារាំង​របស់​បែលហ្ស៊ិក​ប​ញ្ច​ប់​ការ​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​នេះ ដោយ​អះអាងថា​កិច្ចព្រមព្រៀង​នេះ​អាច​ប៉ះពាល់​ផលប្រយោជន៍​ពួកគេ​នោះ​។​

​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau ជា​អ្នកចុះហត្ថលេខា​នេះ​ជាមួយ​មេដឹកនាំ​ដឹកនាំ​អឺរ៉ុប​មាន ប្រធាន​គណៈកម្មាការ​អឺរ៉ុប Jean-Claude Juncker ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk និង​នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី Robert Fico ដែលជា​ប្រធាន​ប្ដូរ​វេន​របស់​អឺរ៉ុប​។ តាមពិតទៅ កិច្ចព្រមព្រៀង​នេះ គ្រោង​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៧ ខែតុលា ប៉ុន្តែ​ត្រូវ​លុបចោល​វិញ ដោយសារ​តំបន់ Wallonia របស់​បែលហ្ស៊ិក​ប្រឆាំង​។

​បើតាម​សារព័ត៌មាន​អង់គ្លេស BBC ប្រជាជន​តំបន់ Wallonia បារម្ភ​ថា កិច្ច​ព្រម​ពៀង​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​កសិករ​អឺរ៉ុប ព្រោះ​វា​ផ្ដល់​អំណាច​ច្រើន​ដល់​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​។ ប៉ុន្តែ​ចុងក្រោយ សភា​តំបន់ Wallonia ក៏​សម្រេច​ទទួលយក​កិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃទី​២៨ ខែតុលា ដែល​បើកផ្លូវ​ឲ្យ​មានការ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៣០ ម្ដង​ទៅ​។ កិច្ចព្រមព្រៀង​អាច​ចុះហត្ថលេខា​បាន លុះត្រា​សមាជិក​អឺរ៉ុប​ទាំងអស់​មូលមតិ​គ្នា​យល់ព្រម​ជាមុនសិន​។

​កិច្ចព្រមព្រៀង CETA នឹង​លុបចោល​ពន្ធ​៩៩​ភាគរយ ដែល​កំពុង​ដាក់​អនុវត្ត​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កាណាដា និង​សហភាព​អឺរ៉ុប​។ ហើយ​កិច្ចព្រមព្រៀង​នេះ នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​ឲ្យ​ដល់​១២​ពាន់​លាន​អឺរ៉ុប​ក្នុង​មួយឆ្នាំ​ដែរ​។ ទំនិញ​ដែល​ផលិត​នៅ​អឺរ៉ុប​ជាច្រើន​រយ​មុខ នឹងត្រូវ​រួច​ពន្ធ​នាំចូល​របស់​កាណាដា ហើយ​ផលិត​នាំចេញ​ជាច្រើន ក៏​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ផងដែរ​។​

​យ៉ាងណាក្ដី គណៈកម្មាការ​អឺរ៉ុប​បញ្ជាក់ដែរថា កិច្ចព្រមព្រៀង​នេះ នឹងមិន​ប៉ះពាល់​ដល់​សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​អឺរ៉ុប ក្នុង​ត្រួតពិនិត្យ​លើ​ស្តង់ដា​ផលិតផល​ឡើយ​។ គោលការណ៍​សុវត្ថិភាព​ផលិតផល​ទាក់ទង​នឹង​បរិស្ថាន និង​ស្តង់ដា​សង្គម នឹង​នៅតែ​ត្រូវ​បន្ត​អនុវត្ត ហើយ​រដ្ឋ​សមាជិក​អឺរ៉ុប​នៅតែ​អាច​ប្រើ​សិទ្ឋិ​របស់ខ្លួន​ទៅតាម​បទបញ្ញត្តិ​របស់​អឺរ៉ុប​ទាក់ទង​នឹង​បញ្ហា​នេះ​បាន​ដដែល​៕


Tag:
 អឺរ៉ុប​
  កាណាដា​
  CETA
© រក្សាសិទ្ធិដោយ thmeythmey.com