អន្តរជាតិ
ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជួប​បក្សប្រឆាំង​ក្រោម​ការសម្របសម្រួល​រប​ស់​បុរី​វ៉ា​ទី​កង់
31, Oct 2016 , 9:39 pm        
រូបភាព
ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro (រូបភាព Xinhua)
ប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro (រូបភាព Xinhua)
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Nicolas Maduro បាន​បន្ទន់ឥរិយាបថ​របស់លោក ងាក​មកជួប​ចរចា​ជាមួយ​ក្រុម​បក្សប្រឆាំង ក្នុងការ​ពិភាក្សា​ដែល​ផ្ដួចផ្ដើម​ដោយ​បុរី​វ៉ា​ទី​កង់ នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស់​។ ក្រុម​បក្សប្រឆាំង ក៏បាន​លក្ខខណ្ឌ​មួយចំនួន​ក្នុងជំនួប​លើក​នេះ ហើយ​គំរាម​ធ្វើពហិការ​ជំនួប​លើក​ក្រោយ​ទៀត ប្រសិនបើ​លក្ខខណ្ឌ​របស់ខ្លួន មិន​ត្រូវបាន​ដោះស្រាយ​ដោយ​រដ្ឋាភិបាល​ទេនោះ​។



​ប្រធានាធិបតី​អស់​ប្រជាប្រិយភាព​វ៉េ​ណេ​ស៊ុយ​អេ​ឡា Nicolas Maduro បាន​ចាប់ដៃ​ជាមួយ​បណ្ដា​មេដឹកនាំ​ប្រឆាំង​នៅ​ជំនួប​ថ្ងៃទី​៣០ ខែតុលា ដែល​រៀបចំ​ដោយ​បុរី​វ៉ា​ទី​កង់​។ ជំនួប​ដែល​ចូលរួម​បណ្ដា​មេដឹកនាំ​បរទេស​ដែរនោះ លេច​ជា​រូបរាង​ស្រប​ពេលដែល​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​រួបរួម ដែលជា​ក្រុមប្រឆាំង​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​រារាំង​ការធ្វើប្រជាមតិ​ទម្លាក់​លោក Maduro ចេញពី​តំណែង​។​

​ក្នុងជំនួប​នៅឯ​សារមន្ទីរ Caracas លោក Maduro បាន​ចាប់​ស្វាគមន៍​មេដឹកនាំ​ប្រឆាំង​ចំនួន​៥​នាក់ រួមទាំង​លោក Jesus Torrealba និង​អភិបាលរដ្ឋ​មកពី​បក្សប្រឆាំង​លោក Henri Falcon ផងដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន  Reuters ផ្សាយ​ថា ឥស្សរជន​បរទេស​ដែល​ចូល​ជំនួប​នេះ​មានមក​ពី​អេ​ស្ប៉ា​ញ ប៉ា​ណា​ម៉ា និង​សាធារណរដ្ឋ​ដូ​មី​នី​ក ព្រមទាំង​តំណាង​បុរី​វ៉ា​ទី​កង់ និង​តំណាង​អង្គការ Unasur ដែលជា​អង្គការ​តំបន់​ឡាទីន​ដែរ​។

​ក្រុម​អ្នកប្រឆាំង​បាន​រិះគន់​របប​ដឹកនាំ​សង្គម​របស់លោក Maduro ដែល​បន្តអំណាច​ពី​អតីត​ប្រធានាធិបតី Hugo Chavez ក្នុង​ឆ្នាំ​២០១៣​។ ក្រុមប្រឆាំង​អះអាងថា រយៈពេល​១៧​ឆ្នាំ​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​សង្គមនិយម ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ មិនតែប៉ុណ្ណោះ ប្រជាធិបតេយ្យ​របស់​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​របស់​អាមេរិក​ឡាទីន ក៏​កាន់តែ​យ៉ាប់យ៉ឺន​ទៅទៀត​។​

​ជាការ​ឆ្លើយតប ប្រធានាធិបតី Maduro បានចាត់ទុក​សកម្មភាព​របស់​ក្រុមប្រឆាំង ជាការ​ប៉ុនប៉ង​បង្កចលាចល​នៅក្នុង​ប្រទេស ដោយមាន​កម្លាំង​បរទេស​នៅ​ពីក្រោយ​។ កម្លាំង​បរទេស​នោះ គឺ​លោក​ចង់​សំដៅ​ដល់​អាមេរិក ដែល​មិនត្រូវ​គ្នា​ជាមួយ​របប​ដឹកនាំ​សង្គមនិយម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តែម្ដង​។ លោក Maduro ចោទ​អាមេរិក​ថា ជួយ​បក្សប្រឆាំង​ដើម្បី​ផ្ដួលរំលំ​លោក និង​របប​សង្គមនិយម​ដែលជា​មរតក​របស់លោក Chavez​។​

​យ៉ាងណាក្ដី ជំនួប​នៅ​ថ្ងៃទី​៣០ ខែតុលា មិន​ទទួលបាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ឡើយ ខណៈ​ក្រុមប្រឆាំង​មួយចំនួន មិនមាន​វត្តមាន​នោះទេ​។ ក្រុមប្រឆាំង​ទាមទារ​ឲ្យ​លោក Maduro បើកទូលាយ​សេរីភាព​របស់​អ្នកនយោបាយ និង​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​។ ហើយ​ក្រុមប្រឆាំង​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក Maduro គោរព​សភា​ដែល​គ្របដណ្ដប់​ដោយ​ក្រុមប្រឆាំង​ផងដែរ​៕ 


Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  វ៉ា​ទី​កង់
© រក្សាសិទ្ធិដោយ thmeythmey.com