អន្តរជាតិ
យោធា​ថៃ​ថា រជ្ជទាយាទ Maha Vajiralongkorn នឹង​ឡើង​សោយរាជ្យ​ក្នុង​ខែធ្នូ​
31, Oct 2016 , 5:22 pm        
រូបភាព
រជ្ជទាយាទថៃ Maha Vajiralongkorn (រូបភាព Xinhua)
រជ្ជទាយាទថៃ Maha Vajiralongkorn (រូបភាព Xinhua)
​ប្រភពពី​មន្ត្រី​យោធា​ថៃ​ពីររូប​អះអាងថា ថៃ​កំពុង​រៀបចំ​ដើម្បី​ប្រារព្ធ​ពិធី​ឡើង​សោយរាជ្យ​របស់​រជ្ជទាយាទ Maha Vajiralongkorn នៅ​ថ្ងៃទី​១ ខែធ្នូ​ខាងមុខ​។ រជ្ជទាយាទ Maha Vajilongkorn បាន​ពន្យារពេល​ស្នង​តំណែង​ពី​បិតា​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត​(Bhumibol Adulyadje) ដែល​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៣ ខែតុលា​កន្លងទៅ ដើម្បី​កាន់ទុក្ខ​សិន​។



​រជ្ជទាយាទ Maha Vajiralongkorn នឹង​ឡើង​សោយរាជ្យ​បន្ត​ពី​បិតា​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត នៅ​ថ្ងៃទី​១ ខែធ្នូ ខណៈ​ការរៀបចំ​សម្រាប់​ពិធី​សោយរាជ្យ​សម្បត្តិ កំពុង​ត្រូវ​បានរៀបចំ​។ នេះ​បើ​យោងតាម​ប្រភព​មន្ត្រី​យោធា​ជាន់ខ្ពស់​ថៃ​ពីររូប ដែល​បានដឹង​ពី​រឿងរ៉ាវ​នៃ​ការរៀប​ចំនេះ ហើយ​ត្រូវបាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ព័ត៌មាន​នៃ​ពិធី​សោយរាជ្យ​នេះ លេចឡើង​ក្រោយ​ការចាកចេញ​របស់​រជ្ជ​ទាយាទ Maha Vajiralongkorn ទៅកាន់​អាល្លឺម៉ង់ ដោយសារ​កិច្ចការផ្ទាល់ខ្លួន​ព្រះអង្គ​នោះ​។ មន្ត្រី​យោធា​ជាន់ខ្ពស់​ដែល​បដិសេធ​ផ្ដល់​អត្តសញ្ញាណ​និយាយទៀតថា រជ្ជទាយាទ​អង្គ​នេះ នឹង​យាង​ត្រឡប់មក​ប្រទេស​វិញ​ក្នុង​ខែវិច្ឆិកា​។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មន្ត្រី​យោធា​ម្នាក់ទៀត​ក៏បាន​លើកឡើង​ពី​ការរៀបចំ​ពិធី​ឡើង​សោយរាជ្យ​ផងដែរ​។ មន្ត្រី​យោធា​នេះ​អះអាងថា​៖ «​អ្វីៗ​កំពុង​រៀបចំ​សម្រាប់​ថ្ងៃទី​១ ខែធ្នូ​។ ប៉ុន្តែ​ពេលវេលា​រៀបចំ​នេះ ក៏​អាស្រ័យ​លើ​រជ្ជទាយាទ Maha Vajiralongkorn ដែរ​»​។​

​គេ​ចាំបាន​ថា នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្លាប់​ប្រកាសថា ការឡើង​សោយរាជ្យ​ផ្លូវការ​របស់​រជ្ជទាយាទ អាចធ្វើ​ឡើង​ក្នុង​រយៈពេល​៧​ថ្ងៃ ទៅ​១៥​ថ្ងៃ​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល ឬក៏​អាច​យូរ​ជាង​នេះ​។ លោក ប្រា​យុទ្ធ បញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ Maha Vajiralongkorn ចង់​កាន់ទុក្ខ​ជាមួយ​ប្រជាជន​សិន និង​ទុក​ការឡើង​សោយរាជ្យ​នៅពេល​ក្រោយ រហូតដល់​ពេល​សភា​យាង​ព្រះអង្គ​ឡើង​សោយរាជ្យ​តែម្ដង​។

​យ៉ាងណាមិញ ការឡើង​គ្រងរាជ្យ​ផ្លូវការ​របស់​រជ្ជទាយាទ Maha Vajiralongkorn នឹងធ្វើ​ក្រោយ​ពិធីបុណ្យ​រំលាយ​ព្រះ​សព​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ចប់សព្វគ្រប់​សិន​។ ពោល​គឺអាច​ធ្វើឡើង​ក្នុង​រយៈពេល​យ៉ាងហោចណាស់​ក៏​មួយឆ្នាំ​ទៀត​ដែរ​។ នេះ​ក៏​ដោយសារតែ​ព្រះ​សព ត្រូវ​តម្កល់ទុក​ដើម្បី​បំពេញ​តាម​ប្រពៃណី​សិន​។ ក្នុង​រយៈពេល​នេះ លោក Prem Tinsulanonda ដែលជា​រាជា​នុ​សិទ្ធិ ត្រូវ​គ្រប់គ្រង​រាជកិច្ច រហូតដល់​មាន​ស្ដេច​ថ្មី​៕   


Tag:
 ថៃ​
  Bhumibol Adulyadej
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com