អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ឃាត់ខ្លួន​ស្ត្រី​នៅ​ពីក្រោយ​រឿងអាស្រូវ​លូកដៃ​ចូល​កិច្ចការរដ្ឋ​
01, Nov 2016 , 11:11 am        
រូបភាព
 

​លោកស្រី Choi Soon-sil ដែល​នៅ​ចំ​កណ្ដាល​រឿងអាស្រូវ​នយោបាយ​រប​ស់លោក​ស្រី ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) ត្រូវបាន​ចាប់ខ្លួន​ហើយដោយ​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣១ ខែតុលា​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ក្រោយ​លោកស្រី Choi Soon-sil ចូលខ្លួន​ឲ្យ​មន្ត្រី​រដ្ឋអាជ្ញា​សាកសួរ​ជុំវិញ​ការ​លូកដៃ​ចូល​កិច្ចការ​ប្រទេសជាតិ បើទោះជា​លោកស្រី​មិនមែនជា​មន្ត្រី​រដ្ឋាភិបាល​ក៏ដោយចុះ​។​

 
​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap រាយការណ៍​ថា លោកស្រី Choi Soon-sil ត្រូវបាន​រដ្ឋអាជ្ញា​ដាក់​ក្រោម​ការឃាត់ខ្លួន​បន្ទាន់ដោយ​គ្មាន​ដីកា ក្រោយ​លោកស្រី​ចូលខ្លួន​បំភ្លឺ​រូ​ចមក​។ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បញ្ជាក់ថា ពួកគេ​ព្រួយបារម្ភ​ថា លោកស្រី Choi Soon-sil អាច​រត់គេចខ្លួន និង​បំផ្លាញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ដែល​កំពុង​រំជើបរំជួល​នយោបាយ​ផ្ទៃក្នុង​កូរ៉េខាងត្បូង​។​
 
​ការិយាល័យ​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង កំពុង​ស៊ើបអង្កេត​ការចោទប្រកាន់​លើ​លោកស្រី Choi Soon-sil ដែល​ប្រើ​ទំនាក់ទំនង​ជាមួយ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដើម្បី​កកូរកកាយ​កិច្ចការរដ្ឋ​តាមរយៈ​ការពិនិត្យ​ឯកសារ​ប្រធានាធិបតី និង​ប្រើ​ឥទ្ធិពល​លោកស្រី ប៉ាក ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ លោកស្រី Choi ត្រូវ​ចោទថា បានទទួល​ទឹកប្រាក់​ពី​ក្រុមហ៊ុន​ធំៗ​ដោយសារតែ​ទំនាក់ទំនង​រវាង​លោកស្រី និង​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ​។  
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា ការិយាល័យ​រដ្ឋអាជ្ញា​ក៏បាន​បញ្ជាក់​ពី​ការឃាត់ខ្លួន​លោកស្រី Choi និង​បាន​បញ្ជូន​លោកស្រី​ទៅកាន់​មន្ទីរឃុំឃាំង​ក្រុង​សេ​អ៊ូ​ល​ផងដែរ​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា លោកស្រី Choi ត្រូវបាន​ប៉ូលិស​នាំមក​សាកសួរ​បន្ថែម​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​ដែរ​។ ក្រោម​ច្បាប់​កូរ៉េខាងត្បូង ជនសង្ស័យ​អាច​ត្រូវបាន​ឃាត់ខ្លួន​រយៈពេល​៤៨​ម៉ោង​ដោយ​មិនចាំបាច់​មាន​ដីកា​តុលាការ ប៉ុន្តែ​ការឃាត់ខ្លួន​លើសពីនោះ ត្រូវបាន​មានការ​អនុញ្ញាត​ពី​តុលាការ​វិញ​។​
 
​រឿងអាស្រូវ​ដ៏​រសើប​នេះ ធ្វើ​ឲ្យ​ប្រជាប្រិយភាព​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ធ្លាក់ចុះ​យ៉ាងខ្លាំង​។ នៅ​ចុង​សប្ដាហ៍​មុន បាតុករ​រាប់ពាន់នាក់​ប្រមូលផ្ដុំ​ដើម្បី​តវ៉ា​ឲ្យ​លោកស្រី​ចាកចេញ​ពី​តំណែង​ប្រធានាធិបតី​ទៀតផង​។ មិនតែប៉ុណ្ណោះ លោកស្រី​ប្រធានាធិបតី ប៉ាក ក៏បាន​រុះរើ​ទីប្រឹក្សា​ជាន់ខ្ពស់​ជាច្រើន​នាក់ ដើម្បី​ស្ដារ​ប្រជាប្រិយភាព និង​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ធ្វើ​ឲ្យ​កៅអី​ប្រធានាធិបតី​លោកស្រី​រង្គោះរង្គើ​នោះ​។ 
 
​ជាការ​កត់សម្គាល់​នោះ រឿងអាស្រូវ​នេះ​លេច​ធ្លាយ​ចំ​ពេលដែល​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បង្ហាញ​បំណង​កែ​រដ្ឋធម្មនុញ្ញ​ប្រទេស ដើម្បី​បើកផ្លូវ​ឲ្យ​ប្រធានាធិបតី​កាន់តំណែង​លើស​មួយ​អាណត្តិ​។ បើទោះជា​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​សុំទោស​ជា​សាធារណ​រួចហើយ​ក៏ដោយចុះ ប៉ុន្តែ​កំហឹង​របស់​ប្រជាជន​កូរ៉េខាងត្បូង​នៅ​ពុះកញ្ជ្រោល​ដដែល​៕     
 
 

Tag:
 កូរ៉េខាងត្បូង​
  Park Geun-hye
© រក្សាសិទ្ធិដោយ thmeythmey.com