អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ប្រាប់​ឲ្យ ISIS ចុះចាញ់ ខណៈ​កងទ័ព​ចម្រុះ​ចូលដល់​ជាយក្រុង Mosul
01, Nov 2016 , 1:48 pm        
រូបភាព
​កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់ ដែលមាន​ការគាំទ្រ​ពី​សំណាក់​សម្ព័ន្ធមិត្ត​ដឹកនាំ​អាមេរិក​នោះ បាន​ចូលដល់​តំបន់​ជាយក្រុង Mosul ហើយ​ស្រប​ពេលដែល​យុទ្ធនា​ការរំដោះ​ទីក្រុង​នេះ ខិតជិត​ដល់​សប្ដាហ៍​ទី​បី​ហើយ​នោះ​។ តំបន់​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង​ធំជាងគេ​របស់​អ៊ីរ៉ាក់​នេះ ត្រូវបាន​រំដោះ​ជា​បន្តបន្ទាប់ និង​ឈានដល់​ការរំដោះ​ទីក្រុង​ទាំងមូល​។ ចំណែក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ក៏​ប្រាប់​ឲ្យ​ក្រុម​ជ្រុលនិយម​ដាក់អាវុធ បើ​មិន​ចង់​ស្លាប់​ទេនោះ​។



​កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់​ជាង​បី​ម៉ឺន​នាក់ បាន​រុល​ចូលកាន់​ជិត​ទៅកាន់​ទីក្រុង Mosul បន្ទាប់ពី​ពួកគេ​បណ្ដេញ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ចេញ​អស់ពី​ភូមិ​នៅ​ជុំវិញ​ទីក្រុង​នេះ​នៅ​ថ្ងៃទី​៣១ ខែតុលា​មក​។ កងទ័ព​អ៊ីរ៉ាក់ សម្រុកចូល​ភូមិ​ចុងក្រោយ​នៅ​ភាគ​ខាងកើត​ក្រុង Mosul ដោយមាន​គាំទ្រ​ដោយ​កាំភ្លើង​ធំ និង​ការវាយប្រហារ​ដែនអាកាស​ដែល​បាន​កម្ទេច​ទីតាំង​ក្រុម​ជ្រុលនិយម​ជាច្រើន​នោះ​។​

​នៅពេលនេះ កងទ័ព​អ៊ីរ៉ាក់​នៅ​ចម្ងាយ​មិន​ដល់​មួយ​គីឡូ​ម៉ែត​ឡើយ​ពី​ជាយក្រុង និង​ស្ថិតនៅ​ត្រឹមតែ​៨​គីឡូ​ម៉ែត​ប៉ុណ្ណោះ​ពី​កណ្ដាល​ក្រុង Mosul បន្ទាប់​ការបើក​ប្រតិបត្តិ​ការរំដោះ​ទីក្រុង​នេះ កាលពី​ជាង​បី​សប្ដាហ៍​មុន​។ អ្នកនាំពាក្យ​កងកម្លាំង​ពិសេស​អ៊ីរ៉ាក់ លោក​ឧ​ត្ត​ម​សេនីយ៍ Haider Fadhil និយាយថា កងទ័ព​នឹង​ចូល​ទីក្រុង Mosul ក្នុងពេល​ពេល​ឆាប់ៗ​នេះ និង​រំដោះ​ទីក្រុង​នេះ​ក្នុងពេល​ខ្លី​នេះដែរ​។

​បើតាម​សារព័ត៌មាន Al Jazeera អាមេរិក​បាន​ប៉ាន់​ស្មានថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ចន្លោះ​៣​បី​ពាន់ ទៅ​៥​ពាន់​នាក់ កំពុង​គ្រប់គ្រង​ក្រុង Mosul ហើយ​សកម្មជន​ចន្លោះ​១៥០០​នាក់ ទៅ​២៥០០​នាក់ ស្ថិតនៅ​ខ្សែក្រវ៉ាត់​ការពារ​ខាងក្រៅ​ក្រុង Mosul ។ ជាមួយនឹង​ចំនួន​សកម្មជន​ច្រើន​បែបនេះ កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់ ប្រហែលជា​ប្រទះ​នឹង​ការ​វាយ​ប្រយុទ្ធ​ដ៏​ខ្លាំង​ដើម្បី​ដណ្ដើម​ទីក្រុង​នេះ បើទោះជា​ខាង​កងទ័ព​អ៊ីរ៉ាក់​មាន​កម្លាំង​ច្រើនជាង​ក៏ដោយចុះ​។​

​យ៉ាងណាក្ដី នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi នៅ​ថ្ងៃទី​៣១ ខែតុលា បាន​ប្រាប់​ឲ្យ​សកម្មជន​រដ្ឋ​ឥស្លាម ដាក់អាវុធ​ចុះចាញ់ បើ​មិន​ចង់​អស់​ជីវិត​ទេ​។ ថ្លែង​តាម​ទូរទស្សន​រដ្ឋ​ពី​ទីក្រុង Shura ភាគខាងត្បូង​ក្រុង Mosul នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បញ្ជាក់ថា កងទ័ព​បាន​ឡោមព័ទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​គ្រប់​ទិស​ទាំងអស់ ហើយ​ពួកគេ​គ្មាន​ផ្លូវ​រត់​ឡើយ និង​ប្រឈម​មុខតែ​ការស្លាប់​ប៉ុណ្ណោះ​។

​ជាមួយគ្នានេះ បន្ថែម​ពីលើ​កងកម្លាំង​ចម្រុះ​បី​ម៉ឺន​នាក់​នោះ សកម្មជន​ប្រយុទ្ធ​ស៊ី​អ៊ី​ត​រាប់ពាន់នាក់​ទៀត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះដែរ ដែល​ធ្វើ​ឲ្យ​ចំនួន​កងកម្លាំង​ចម្រុះ​កើន​ដល់​ចំនួន​ប្រហាក់ប្រហែល​៤​ម៉ឺន​នាក់​ហើយ​។ សកម្មជន​ស៊ី​អ៊ី​ត​នេះ នឹង​បិទផ្លូវ​សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទិស​ខាងត្បូង​ក្រុង Mosul ៕


Tag:
 អ៊ីរ៉ាក់​
  Mosul
  ក្រុម​រដ្ឋ​ឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com