អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លី​បង់​ជ្រើស​បាន​ប្រធានាធិបតី​ថ្មី​ដើម្បី​បញ្ចប់​ការជាប់គាំង​នយោបាយ​ជាង​ពីរ​ឆ្នាំ​
02, Nov 2016 , 9:19 am        
រូបភាព
ប្រធានាធិបតីថ្មីលីបង់ Michel Aoun (រូបភាព Xinhua)
ប្រធានាធិបតីថ្មីលីបង់ Michel Aoun (រូបភាព Xinhua)
 
 
​អតីត​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​លី​បង់ លោក Michel Aoun ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ ដើម្បី​បញ្ចប់​ការរាំងស្ទះ​នយោបាយ​រយៈពេល​ច្រើនជាង​ពីរ​ឆ្នាំ​មកនេះ​។ លោក​ប្រធានាធិបតី Michel Aoun សន្យា​ការពារ​លី​បង់​ពី​ការ​រាលដាល​នៃ​ជម្លោះ​របស់​ស៊ី​រី និង​បញ្ចប់​ជម្លោះផ្ទៃក្នុង​រវាង​និកាយ​ជនជាតិ​ជាច្រើន​នោះ​។​

 
​សភា​លី​បង់​នៅ​ថ្ងៃទី​៣១ ខែតុលា បាន​បោះឆ្នោត​ចំនួន​បួន​ជុំ​ដើម្បី​ជ្រើសរើស​លោក Michel Aoun ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ ដែល​តំណែង​នេះ​ទំនេរ​ជាង​ពីរ​ឆ្នាំ​មកហើយ​នោះ​។ កៅអី​ប្រធានាធិបតី​លី​បង់​ទំនេរ ចាប់តាំងពី​លោក Michel Suleiman ចុះ​ចេញពី​តំណែង​នៅក្នុង​ឆ្នាំ​២០១៤ ក្រោយ​អាណត្តិ​របស់លោក​ត្រូវ​ចប់​នោះ​។ 
 
​លោក Michel Aoun ដែលជា​មេដឹកនាំ​ក្រុម​ភាគតិច​គ្រិស្ត Maronite ទទួល​សំឡេងគាំទ្រ​ចំនួន​៨៣ លើ​សំឡេង​សមាជិកសភា​សរុប​១២៨​កៅអី​។ អតីត​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ទទួល​ការគាំទ្រ​ពី​ក្រុម​ឥស្លាម​ស៊ី​អ៊ី​ត Hezbollah និង​គូប្រជែង​ពីរ​នាក់​ទៀត គឺ​មេដឹកនាំ​កងកម្លាំង​គ្រិស្ត​លី​បង់ លោក Samir Geagea ព្រមទាំង​អតីត​នាយករដ្ឋមន្ត្រី​មកពី​ក្រុម​ស៊ូ​នី លោក Saad Hariri​។​
 
​ការជ្រើសរើស​លោក Michel Aoun ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​លី​បង់​ធូរស្រាល​មួយកម្រិត ដ្បិត​ក្រុម​ជនភាគតិច​ធំៗ បន្ត​ដណ្ដើម​អំណាច​មិន​ឈប់ឈរ​នោះ​។ បញ្ហា​ប្រឈម​បន្ទាប់​គឺ​ការបង្កើត​រដ្ឋាភិបាល ដែល​នឹងត្រូវ​ចំណាយពេល​យូរ​ទៅមុខទៀត​។ ប្រធាន​ផ្នែក​ព័ត៌មាន​ប្រធានាធិបតី លោក Rafic Chlala និយាយថា ការជ្រើសរើស​នាយករ​ដ្ឋ​មន្ត្រី នឹងធ្វើ​នៅ​ថ្ងៃទី​២  ខែវិច្ឆិកា​។​
 
​សារព័ត៌មាន BBC ផ្សាយ​ថា យោងតាម​ការបែងចែក​អំណាច​ស្មុគស្មាញ​នៅ​លី​បង់ ប្រធានាធិបតី​ត្រូវតែ​មកពី​ក្រុម​ភាគតិច Maronite ដែលជា​ក្រុម​គ្រិស្ត​សាសនិក​ធំជាងគេ​។ ចំណែក​នាយករដ្ឋមន្ត្រី​មកពី​ក្រុម​មូស្លីម​ស៊ូ​នី ឯ​ប្រធានសភា​វិញ​គឺ​សម្រាប់​ក្រុម​មូស្លីម​ស៊ី​អ៊ី​ត​។ បើតាម​ការបែងចែក​នេះ អតីត​នាយករដ្ឋមន្ត្រី លោក Saad Hariri ទំនង​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី​លី​បង់​។ 
 
​លោក Hariri ជា​មេដឹកនាំ​ក្រុម​ស៊ូ​នី បានប្រកាស​គាំទ្រ​បេក្ខភាព​លោក Michel Aoun ដោយ​លោក​អះអាងថា ដើម្បី​ការពារ​លី​បង់ ការពារ​ប្រជាជន និង​ការពារ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​។ មួយវិញទៀត​នោះ វា​ក៏​ច្បាស់​ណាស់​ថា មេដឹកនាំ​ស៊ូ​នី​រូបនេះ នឹង​ទទួល​ការគាំទ្រ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​វិញ​មិនខានឡើយ​៕ 

Tag:
 លី​បង់​
  Michel Aoun
© រក្សាសិទ្ធិដោយ thmeythmey.com