អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​រង​សម្ពាធ​រឿងអាស្រូវ ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដូរ​នាយករដ្ឋមន្ត្រី
02, Nov 2016 , 10:52 am        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺនហេ (រូបភាព Xinhua)
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺនហេ (រូបភាព Xinhua)
 
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) នៅ​ថ្ងៃទី​២ ខែវិច្ឆិកា បាន​ផ្លាស់ប្ដូរ​តំណែង​នាយករដ្ឋមន្ត្រី​ហើយ ដែលជា​ផ្នែក​មួយ​នៃ​ការរុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក​ស្រី​។ ការផ្លាស់ប្ដូរ​តំណែង​នាយករដ្ឋមន្ត្រី​នេះ ធ្វើឡើង​ចំពេល​ដែល​លោកស្រី​កំពុង​ប្រឈមមុខ​រឿងអាស្រូវ​នៃ​ការ​កកូរ​កកាយ​កិច្ច​ការរដ្ឋ​របស់​មនុស្ស​ជំនិត​លោកស្រី និង​បាតុកម្ម​ដែល​ទាមទារ​ឲ្យ​លោកស្រី​ចុះ​ចេញពី​តំណែង​នោះ​។​

 
​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បានប្រកាស​ពី​ការផ្លាស់ប្ដូរ​តំណែង​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ពីររូប​ទៀត ដែលជា​ការរុះរើ​គណៈរដ្ឋមន្ត្រី​ដ៏​ធំ​ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​មក​នោះ​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានតែងតាំង​លោក Kim Byong-joon ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក Hwang Kyo-ahn​។ លោក Kim Byong-joon គឺជា​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋបាល​អតីត​ប្រធានាធិបតី Roh Moo-hyun​។​
 
​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា ក្រៅពី​ការផ្លាស់ប្ដូរ​តំណែង​នាយករដ្ឋមន្ត្រី តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក៏ត្រូវ​ដោះដូរ​ដែរ​។ ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ បានតែងតាំង​លោក Yim Jong-yong ដែលជា​ប្រធាន​គណៈកម្មការ​សេវាកម្ម​ហិរញ្ញវត្ថុ ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី ជំនួស​លោក Yoo Il-ho ផងដែរ​។ ចំណែក​លោក Park Seung-joo ក៏ត្រូវ​ទទួល​តំណែង​រដ្ឋមន្ត្រី​ក្រ​សូង​សុវត្ថិភាព​និង​សន្តិសុខ​ដែរ​។​
 
​ការផ្លាស់ប្ដូរ​នេះ ទំនងជា​ការប៉ុនប៉ង​ស្ដារ​ប្រជាប្រិយភាព​ឡើងវិញ​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដែលមាន​រឿងអាស្រូវ​នោះ​។ លោកស្រី​បាន​សន្យា​បង្កើត​គណៈរដ្ឋមន្ត្រី​ចម្រុះ​គណបក្ស និង​អ​ព្យា​ក្រិត ដើម្បី​ទាញយក​ទំនុកចិត្ត​ពី​ប្រជាជន ក៏ដូចជា​សម្រាល​កំហឹង​របស់​ប្រជាជន​កូរ៉េខាងត្បូង ដែល​កំពុងពុះ​កញ្ជ្រោល​ដោយសារតែ​រឿងអាស្រូវ​លូកដៃ​ចូល​កិច្ចការ​ប្រទេស​នោះ​។ 
 
​កាលពី​ចុង​សប្ដាហ៍​មុន ប្រជាជន​កូរ៉េខាងត្បូង​រាប់ពាន់នាក់ បាន​ចេញមក​តវ៉ា​ទាមទារ​ឲ្យ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ លាលែង​ពី​តំណែង​ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ ចំពោះមុខ​បញ្ហា​ដែល​ធ្វើ​ឲ្យ​រង្គោះរង្គើ​នយោបាយ​ក្នុងស្រុក​នោះ​។ ភ្លាមៗ​ក្រោយ​ការ​លេច​ធ្លាយ​រឿងអាស្រូវ លោកស្រី ប៉ាក ហ្គឺ​ន​ហេ ក៏​ចេញមក​សុំទោស​ដែរ ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​ស្ថានការណ៍​ធូរស្រាល​ឡើយ​។ ហើយ​លោកស្រី ក៏បាន​ផ្លាស់ប្ដូរ​តំណែង​ទីប្រឹក្សា​ជាច្រើនរូប​ផងដែរ​។​
 
​ដោយឡែក លោកស្រី Choi Soon-sil ដែល​ត្រូវ​ចោទប្រកាន់​ចំពោះ​ការ​លូកលាន់​កិច្ច​រដ្ឋ ទាំង​ខ្លួន​មិនមែនជា​មន្ត្រី​រដ្ឋាភិបាល​នោះ ក៏ត្រូវ​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​ឃាត់ខ្លួន​បន្ទាន់​ដែរ​។ បើតាម​ព័ត៌មាន​ដែល​លេច​ធ្លាយ លោកស្រី Choi Soon-sil ធ្លាប់បាន​ពិនិត្យ​លើ​សុន្ទរកថា​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ និង​ប្រើ​ទំនាក់ទំនង​ជាមួយ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​៕   
 

Tag:
 កូរ៉េខាងត្បូង​
  Park Geun-hye
© រក្សាសិទ្ធិដោយ thmeythmey.com