អន្តរជាតិ
នយោបាយអន្តរជាតិ
មេទ័ព UN ប្រចាំស៊ូដង់ខាងត្បូង អស់តំណែងព្រោះមិនបានការពារប្រជាជន ប្រជាជនស៊ូដង់ខាងត្បូងរត់ភៀសខ្លួនពីការប៉ះទង្គិចនៅរដ្ឋធានី Juba ក្នុងខែកក្កដា (រូបភាព UN)
× ប្រមុខអង្គការសហប្រជាជាតិ បានដកតំណែងមេបញ្ជាការកងម្លាំងអង្គការសហប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង ព្រោះគ្មានសមត្ថភាពការពារប្រជាជនអំឡុងពេលវាយប្រយុទ្ធកាលពីខែកក្កដា។ ក្នុងការប៉ះទង្គិចខែកក្កដា ទាហានមួកខៀវ មិនបានឆ្លើយតបសមស្របទៅតាមស្ថានការណ៍បន្ទាន់ដែលបានកើតឡើងនោះទេ ហើយថែមទាំងរត់ចោលទីតាំងរបស់ខ្លួនទៀតផង។
អគ្គលេខាធិការអង្គការសហប្រជាជាតិចប់អាណត្តិ លោក បាន គីមូន បានបញ្ចប់តំណែងលោកឧត្តមសេនីយ៍ Johnson Mogoa Kimani Ondiek មេទ័ពមួកខៀវអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS )។ លោក បាន គីមូន សម្រេចដូចនេះ បន្ទាប់ពីលោកទទួលបានរបាយការណ៍ឯករាជ្យលើការស៊ើបអង្កេតករណីវាយប្រយុទ្ធនៅស៊ូដង់ខាងត្បូងក្នុងខែកក្កដា ដែលបានចោទប្រកាន់កងទ័ពមួកខៀវថា បរាជ័យក្នុងការគាំពារប្រជាជនស្លូតត្រង់។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យលោក បាន គីមូន បានបញ្ជាក់ថា ប្រមុខអង្គការសហប្រជាជាតិ ខកចិត្តយ៉ាងខ្លាំងចំពោះកងកម្លាំងមួកខៀវដែលមិនបានឆ្លើយតបឲ្យមានប្រសិទ្ធភាពនោះ។ របាយការណ៍ដែលធ្វើឡើងដោយក្រុមស៊ើបអង្កេតឯករាជ្យនោះបញ្ជាក់ថា កងទ័ពមួកខៀវ ខ្វះភាពជាអ្នកដឹកនាំ និងការត្រៀមខ្លួននៅក្នុងចំណោមអង្គភាពនានារបស់កងកម្លាំងនេះ។
របាយការណ៍ដដែលខាងលើបន្តថា កងកម្លាំងរក្សាសន្តិភាពបានបោះបង់ទីតាំងរបស់ខ្លួន និងបានមិនបានជួយបុគ្គលិកមនុស្សធម៌ ដែលស្នើសុំជំនួយ បើទោះជាទីតាំងនៃការវាយប្រហារក្នុងសណ្ឋាគារ Terrain និងទីតាំងកម្លាំងមួកខៀវ នៅក្បែរគ្នាក៏ដោយចុះ។ យោងតាមរបាយការណ៍នេះ លោក Stephane Dujarric អ្នកនាំពាក្យលោក បាន គីមូន និយាយថា៖ «ប្រមុខអង្គការសហប្រជាជាតិ បានស្នើឲ្យដកតំណែងលោក Johnson Mogoa Kimani Ondiek ជាបន្ទាន់។»
សូមរម្លឹកថា ការប៉ះទង្គិចនៅថ្ងៃទី១៧ និងទី១៨ ខែកក្ដដា នៅក្នុងរដ្ឋធានីហ្សូបា គឺជាវាយប្រយុទ្ធរវាងកម្លាំងស្មោះត្រង់នឹងលោកប្រធានាធិបតី Salvar Kiir និងកងកម្លាំងរបស់អនុប្រធានាធិបតី Riek Machar។ អាគារជាច្រើនរួមទាំងទីតាំងរបស់អង្គការសហប្រជាជាតិ បានរងការវាយប្រហារ ហើយអំពើហិង្សាក៏ផ្ទុះឡើងស្ទើរគ្រប់កន្លែងក្នុងរដ្ឋធានី។ យោងតាមការស៊ើបអង្កេតរបស់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កងទ័ពទាំងសងខាង បានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដូចជាការរំលោភបំពានផ្លូវភេទ ការសម្លាប់ជីវិតប្រជាជនស្លូតត្រង់ និងការបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម៕
Tag:
ស៊ូដង់ខាងត្បូង
UN
Ban Kimoon
© រក្សាសិទ្ធិដោយ thmeythmey.com