អន្តរជាតិ
តួកគី ចង់ចូលជួយរំដោះក្រុង Mosul តែអ៊ីរ៉ាក់បដិសេធ
× ប្រមុខរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Haider al-Abadi នៅថ្ងៃទី១ ខែវិច្ឆិកា បានចេញមកព្រមានតួកគី ដែលបានពង្រាយរថក្រោះ និងកាំភ្លើងធំជាច្រើនគ្រឿងនៅព្រំដែនភាគខាងត្បូងជាប់ជាមួយអ៊ីរ៉ាក់ ស្របពេលដែលកងកម្លាំងចម្រុះអ៊ីរ៉ាក់កំពុងញាប់ដៃវាយប្រយុទ្ធជាមួយក្រុមជ្រុលនិយមរដ្ឋឥស្លាមដែលកំពុងគ្រប់គ្រងទីក្រុង Mosul ។ លោក al-Abadi ប្រាប់តួកគី មិនត្រូវចូលទឹកដីអ៊ីរ៉ាក់ឡើយ តែតួកគីឆ្លើយវិញថា នេះគ្រាន់តែជាការត្រៀមខ្លួនប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានបង្ហាញការមិនសប្បាយចិត្តចំពោះការពង្រាយកងទ័ពពីសំណាក់តួកគី នៅក្បែរព្រំដែនទល់នឹងភាគខាងជើងអ៊ីរ៉ាក់ សំដៅចូលរួមប្រតិបត្តិការរំដោះក្រុង Mosul។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ប្រាប់តួកគីថា ការលូកដៃរបស់តួកគីមកក្នុងប្រទេសអ៊ីរ៉ាក់ គឺជាការរំលោភអធិបតេយ្យរបស់ខ្លួន ហើយបើតួកគីនៅបន្តបំពាននោះ អ៊ីរ៉ាក់ក៏មិនខ្លាចដែរ។
តាមពិតទៅ តួកគីក៏ចង់មានតួនាទីនៅក្នុងយុទ្ធនាការរំដោះក្រុង Mosul ដែរ ដ្បិតតួកគីក៏ត្រូវចាត់ទុកជាសមាជិកនៃសម្ព័ន្ធភាពចម្រុះប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាមមួយដែរ។ មិនត្រឹមតែចង់ជួយរំដោះក្រុង Mosul ឡើយ រដ្ឋាភិបាលក្រុងអង់ការ៉ាមានបំណងបោសសម្អាតក្រុមរដ្ឋឥស្លាម និងក្រុមឃើដ នៅតាមបណ្ដោយព្រំដែនជាមួយនឹងអ៊ីរ៉ាក់ និងស៊ីរី ដើម្បីបញ្ចប់ការគំរាមកំហែងមកលើខ្លួន។
យ៉ាងណាក្ដី នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានទាត់ចោលការប៉ុនប៉ងរបស់តួកគី និងបានប្រាប់ឲ្យតួកគីដកទ័ពចេញពីតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួនដែរ។ ថ្លែងក្នុងសន្និសីទកាសែតតាមទូរទស្សន៍នៅថ្ងៃទី១ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី al-Abadi បញ្ជាក់ច្បាស់ៗថា ការឈ្លានពានអ៊ីរ៉ាក់ នឹងនាំតួកគីមានបញ្ហា។ បើទោះជាអ៊ីរ៉ាក់មិនចង់មានសង្គ្រាម ឬការប្រឈមមុខជាមួយតួកគីក៏ដោយ អ៊ីរ៉ាក់ក៏បានត្រៀមខ្លួនរួចរាល់ដើម្បីប្រយុទ្ធដែរ។
ជាការឆ្លើយតបនឹងការព្រមានរបស់អ៊ីរ៉ាក់ ឧបនាយករដ្ឋមន្ត្រីតួកគី Numan Kurtulmus អះអាងថា ការពង្រាយទ័ពនៅព្រំដែន គ្រាន់តែជាការបង្ការទុកមុនប៉ុណ្ណោះ មិនមែនជាការគំរាមអ្វីឡើយ។ លោកបន្តថា លោកនាយករដ្ឋមន្ត្រី al-Abadi គួរតែបន្ថយកម្ដៅជម្លោះវិញ ព្រោះវានឹងផ្ដល់ប្រយោជន៍ទាំងតួកគី អ៊ីរ៉ាក់ និងតំបន់ទាំងមូលដែរ ហើយអ៊ីរ៉ាក់គួរតែមើលស្ថានភាពជារួមវិញ។
សារព័ត៌មាន Al Jazeera ផ្សាយថា ក្បួនរថយន្តប្រមាណ៣០គ្រឿងមានរថក្រោះ និងកាំភ្លើងធំ បានចាកចេញពីក្រុងអង់ការ៉ា ឆ្ពោះទៅកាន់ក្រុង Andana ដែលនៅភាគខាងត្បូងជាប់អ៊ីរ៉ាក់។ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Fikri Isik និយាយដែរថា ការពង្រាយនេះជាផ្នែកមួយនៃការរៀបចំទុកមុន ដើម្បីទប់ទល់ស្ថានភាពនៅក្នុងតំបន់ ជាពិសេសសកម្មភាពរបស់សកម្មជនឃើដ និងប្រតិបត្តិការយោធានៅអ៊ីរ៉ាក់។
សូមបញ្ជាក់ដែរថា កងកម្លាំងចម្រុះអ៊ីរ៉ាក់ បានរុលចូលកាន់តែកៀកក្រុង Mosul ហើយបន្ទាប់បើកយុទ្ធនាការរំដោះទីក្រុងនោះជិតសប្ដាហ៍មកនោះ។ កងទ័ពអ៊ីរ៉ាក់បានកាន់កាប់តំបន់ខាងកើតទីក្រុងនេះ និងតំបន់ជាយក្រុងដទៃទៀត បើទោះជាសកម្មជនរដ្ឋឥស្លាម បន្តការការពារក៏ដោយចុះ៕
Tag:
អ៊ីរ៉ាក់
តួកគី
Mosul
ក្រុមរដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com