អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ប្រឈមមុខ​ការស៊ើបអង្កេត​រឿងអាស្រូវ​
03, Nov 2016 , 3:06 pm        
រូបភាព
​មួយថ្ងៃ​ក្រោយ​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កូរ៉េខាងត្បូង លោក  Kim Byong-joon អះអាងថា លទ្ធភាព​នៃ​ការស៊ើបអង្កេត​ផ្ទាល់​លើ​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) គឺជា​រឿង​ដែល​អាចធ្វើ​ទៅបាន​។ ប៉ុន្តែ​ការស៊ើបអង្កេត​ណាមួយ ត្រូវធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ដ្បិត​លោកស្រី ប៉ាក ហ្គឺ​ន​ហេ គឺជា​ប្រមុខរដ្ឋ​ក្នុង​តំណែង​របស់​ប្រទេស​។



​លោក Kim Byong-joon ដែល​ទើប​ត្រូវបាន​រដ្ឋបាល​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នោះ និយាយថា ការសាកសួរ​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ជុំវិញ​រឿងអាស្រូវ​នាពេល​ថ្មីៗ​នេះ គឺអាច​ដំណើរការបាន​។ យ៉ាងណាក្ដី ដំណើរការ​នេះ ត្រូវធ្វើ​ដោយ​ប្រុងប្រយ័ត្ន ខណៈ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ គឺជា​ប្រធានាធិបតី​ក្នុង​តំណែង ហើយ​ការស៊ើបអង្កេត​ប្រធានាធិបតី​លើ​ករណី​ចោទប្រកាន់​ណាមួយ ក៏​មិន​ដែលមាន​ពីមុនមក​ឡើយ​។​

​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ទើប​ជ្រើសតាំង​រូបនេះ​បញ្ជាក់ថា មានការ​បកស្រាយ​ជាច្រើន​ជុំវិញ​អត្ថន័យ​នៃ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​លោក​ជឿថា​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង អាច​បើក​ការស៊ើបអង្កេត​លើ​លោកស្រី​ប្រធានាធិបតី​បាន ព្រោះ​មនុស្ស​ទាំងអស់​ស្ថិតនៅក្រោម​ច្បាប់​។ ដោយសារ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ជា​ប្រធានាធិបតី គេ​ត្រូវ​ប្រយ័ត្ន​ទាំង​នីតិវិធី និង​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​។​

​លោក Kim Byong-joon ត្រូវបាន​ការិយាល័យ​ប្រធានាធិបតី​ប្រកាស​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Hwang Kyo-ahn នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ដែល​នេះ​ជាការ​រុះរើ​គណៈរដ្ឋមន្ត្រី​ដ៏​ធំ​ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​មក​នោះ​។ យោងតាម​សារព័ត៌មាន Yonhap លោកស្រី ប៉ាក ហ្គឺ​ន​ហេ ថែមទាំង​ប្រាប់​ឲ្យ​លោក Kim ទទួលខុសត្រូវ​លើ​កិច្ចការ​សង្គម និង​សេដ្ឋកិច្ច​ផងដែរ ដ្បិត​លោកស្រី​ប្រហែលជា​មិនអាច​បំពេញការងារ​បា​ន​ដូច​សព្វដង​ឡើយ​។​

​ទាក់ទិន​នឹង​បញ្ហា​លូកលាន់​កិច្ចការរដ្ឋ​របស់​មនុស្ស​ជំនិត​ប្រធានាធិបតី លោក Kim Byong-joon គិតថា បញ្ហា​ធំ​ក្នុង​រឿងអាស្រូវ​នេះ គឺ​ស្ថិត​ត្រង់​អំណាច​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ តែម្ដង​។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រី​ជ្រើសតាំង​រូបនេះ ក៏​ស្នើ​ឲ្យ​លោកស្រី ប៉ាក លាលែង​តំណែង​ក្នុង​បក្ស Saenuri ប្រសិនបើ​សមាជិកភាព​របស់លោក​ស្រី ប៉ះពាល់​កិច្ចការរដ្ឋ​នោះ​។

​ងាក​ទៅ​ការផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋមន្ត្រី​ពីររូប​ទៀត​នោះ  នេះ​ទំនងជា​ការប៉ុនប៉ង​ស្ដារ​ប្រជាប្រិយភាព​ឡើងវិញ​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដែលមាន​រឿងអាស្រូវ​។ លោកស្រី​បាន​សន្យា​បង្កើត​គណៈរដ្ឋមន្ត្រី​ចម្រុះ​គណបក្ស និង​អព្យាក្រឹត ដើម្បី​ទាញយក​ទំនុកចិត្ត​ពី​ប្រជាជន ក៏ដូចជា​សម្រាល​កំហឹង​របស់​ប្រជាជន​កូរ៉េខាងត្បូង ដែល​កំពុងពុះ​កញ្ជ្រោល​ដោយសារតែ​រឿងអាស្រូវ​លូកដៃ​ចូល​កិច្ចការ​ប្រទេស​នោះ​៕


Tag:
 កូរ៉េខាងត្បូង​
  Park Geun-hye
© រក្សាសិទ្ធិដោយ thmeythmey.com