អន្តរជាតិ
រុស្សី​៖«​អាមេរិក​មិនអាច​ធ្វើ​អ្វី​តែឯង​ឡើយ បើ​ចង់​ដោះស្រាយ​បញ្ហា​ពិភពលោក​»
03, Nov 2016 , 7:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov និថសមភាគីអាមេរិក John Kerry (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov និថសមភាគីអាមេរិក John Kerry (រូបភាព Xinhua)
​ទំនាក់ទំនង​រវាង​រុស្សី និង​អាមេរិក បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន ចាប់តាំងពី​សង្គ្រាមត្រជាក់​បញ្ចប់ទៅ​។ ទាំង​រុស្សី និង​អាមេរិក ខ្វែងគំនិត​គ្នា​មិនចេះចប់​ឡើយ​លើ​បញ្ហា​អន្តរជាតិ​ធំ ជាពិសេស​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន និង​នៅ​ស៊ី​រី ហើយ​សកម្មភាព​របស់​មហាអំណាច​ទាំងពីរ មិនដែល​ត្រូវ​គ្នា​ឡើយ ដោយ​ម្ខាងៗ​ប្រកាន់​ជំហរ​ផ្ទាល់​របស់ខ្លួន​ប៉ុណ្ណោះ​។ ទាក់ទង​បញ្ហា​នេះ ប្រមុខ​ការទូត​រុស្សី អះអាងថា គ្មាន​រដ្ឋ​ណាមួយ​អាច​ដោះស្រាយ​បញ្ហា​ពិភពលោក​តែឯង​បានទេ​។  



​រដ្ឋមន្ត្រីការបរទេស​រុស្សី Sergey Lavrov បានលើកឡើង​ពី​ការធ្លាក់ចុះ​នៅក្នុង​ទំនាក់ទំនង​រវាង​រុស្សី និង​អាមេរិក ដោយ​លោក​អះអាងថា ទំនាក់ទំនង​រុស្សី និង​អាមេរិក រង្គោះរង្គើ​តាំងពី​មុន​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើងមក​ម្លេះ​។ លោក​បញ្ជាក់ទៀតថា ចាប់ពីពេលនេះ អាមេរិក ត្រូវតែ​ចរចា​ជាមួយ​រុស្សី ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​កំពុង​កើតឡើង​ជុំវិញ​ពិភពលោក ព្រោះ​អាមេរិក​មិនអាច​ធ្វើ​អ្វី​តែឯង​បានឡើយ​។

​ថ្លែង​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ក្រិ​កនៅ​ថ្ងៃទី​២ ខែតុលា លោក Lavrov និយាយថា សហគមន៍​អន្តរជាតិ មិនគួរ​ធ្វើ​តាមតែ​អាមេរិក​នោះទេ បើ​ទោះ​អាមេរិក​ជា​មហាអំណាច​ក៏ដោយ​។ លោក​បន្តថា​៖ «​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​លើកឡើង​ហើយ​ថា អាមេរិក​គឺជា​អ្នកកំណត់​បញ្ញត្តិ​ទាំងឡាយ ប៉ុន្តែ​បើ​អាមេរិក​គិតថា ខ្លួន​អាចដឹកនាំ​គេឯង​បាន ពួកគេ​នឹង​ពិបាក​មិន​ខាន ដ្បិត​គ្មាន​នរណា​អាចធ្វើ​អ្វី​តែឯង​បានឡើយ​។​»

​បើតាម​សារព័ត៌មាន RT រដ្ឋមន្ត្រីការបរទេស​រុស្សី​បន្ថែមថា ទាំង​រុស្សី និង​អាមេរិក ត្រូវ​កំណត់​ឲ្យ​ជួបចរចា​គ្នា ហើយ​បើ​ការចរចា​កាន់តែ​ឆាប់ គឺ​កាន់តែ​ប្រសើរ​ថែមទៀត​។ លោក​សង្កត់ធ្ងន់ថា ទំនាក់ទំនង​រវាង​រុស្សី និង​អាមេរិក មិនមែន​ទើបតែ​អាក្រក់​ខ្លាំង​នាពេល​ថ្មីៗ​នេះឡើយ​។ បញ្ហា​នេះ លេច​ជា​រូបរាង​តាំងពី​មុន​ឆ្នាំ​២០១៤ ពោលគឺ​មុន​ការ​ផ្ទុះឡើង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ដើម្បី​ទម្លាក់​លោក Viktor Yanukovich ពី​តំណែង​ប្រធានាធិបតី​ទៅទៀត​។​

​យ៉ាងណាក្ដី បើទោះជា​មហាអំណាច​ទាំងពីរ​ខ្វែងគំនិត​គ្នា​ក៏ដោយចុះ ក៏​មិនមែន​មានន័យថា រុស្សី និង​អាមេរិក មិនអាច​ចរចា​គ្នា​ឡើយ​។ ជា​ញឹកញយ ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ាស៊ីនតោន ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​នៅ​ស៊ី​រី ដែល​ភាគី​ទាំងពីរ​គាំទ្រ​ក្រុម​ជម្លោះ​ផ្សេងៗ​គ្នា​នោះ​។ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​យូរអង្វែង​ណាមួយ នៅតែ​មិនអាច​លេច​ជា​រូបរាង​ឡើយ និង​មាន​ត្រឹមតែ​បទ​ឈប់​បាញ់​រយៈពេល​ខ្លី​ប៉ុណ្ណោះ ឯ​ការប្រយុទ្ធ​ក៏​ចេះតែ​បន្តទៀត​។​

​ជាការ​ពិត មហាអំណាច​រុស្សី ដែល​ទន់​ដៃ​ក្រោយ​សង្គ្រាមត្រជាក់​មក កំពុង​ព្យាយាម​ស្ដារ​មុខមាត់​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​អាមេរិក​ចាត់ចែង​អស់​ពេល​ជា​យូរ​មក​នោះ​។ អាមេរិក បាន​បញ្ចេញ​អាកប្បកិរិយា​អុង​អាត់​តែឯង​លើ​នយោបាយ​អន្តរជាតិ ដោយ​មិនសូវ​ខ្វល់​ពី​អ្នកដទៃ​ឡើយ និង​គិតតែ​ផលប្រយោជន៍​ខ្លួនឯង​ប៉ុណ្ណោះ​។ សកម្មភាព​ឯកតោភាគី​របស់​មហាអំណាច​ទាំងពីរ មិនបាន​ជួយ​អ្វី​ឡើយ ហើយ​រឹតតែ​ធ្វើ​ឲ្យ​បញ្ហា​ស្មុគស្មាញ​ថែមទៀត​៕     


Tag:
 រុស្សី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com