អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ព្រម​ទទួល​ការស៊ើបអង្កេត​រឿងអាស្រូវ បើ​ចាំបាច់​
04, Nov 2016 , 11:05 am        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) កំពុង​ប្រឈមមុខ​សម្ពាធ​យ៉ាងខ្លាំង ដោយសារតែ​រឿងអាស្រូវ​លូកលាន់​កិច្ចការរដ្ឋ​របស់​មនុស្ស​ជំនិត​លោកស្រី​។ ដោយសារ​បញ្ហា​នេះ ទើប​នាយករដ្ឋមន្ត្រី​ជ្រើសតាំង​ថ្មី​កូរ៉េខាងត្បូង ក៏បាន​លើកឡើង​ពី​លទ្ធភាព​ក្នុង​ការបើក​ការស៊ើបអង្កេត​លើ​លោកស្រី​។ ចំណែក​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ផ្ទាល់ ក៏​យល់ព្រម​ចូលខ្លួន​ក្នុងការ​ស៊ើបអង្កេត​ដែរ ប្រសិនបើជា​រឿង​ចាំបាច់​។



​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចោមរោម​ដោយ​រឿងអាស្រូវ លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ប្រកាសថា លោកស្រី នឹង​ទទួលយក​ការស៊ើបអង្កេត​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ពាក់ព័ន្ធ​មនុស្ស​ជំនិត​របស់​លោកស្រី ក្នុងករណី​ចាំបាច់​នោះ​។ ប្រសិនបើ​រឿងនេះ​កើតឡើង​មែន លោកស្រី ប៉ាក ហ្គឺ​ន​ហេ នឹង​ក្លាយជា​ប្រធានាធិបតី​ក្នុង​តំណែង​ដំបូង​គេ​របស់​កូរ៉េខាងត្បូង ដែល​ត្រូវ​ស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញា​។​

​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ក៏បាន​សុំទោស​ប្រជាជន​កូរ៉េខាងត្បូង​ម្ដងទៀត ចំពោះ​បញ្ហានយោបាយ​ក្នុងស្រុក​ដែល​កំពុង​រង្គោះរង្គើ​ខ្លាំង​។ កាលពី​ថ្ងៃទី​២៥ ខែតុលា លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានចេញ​មកសុំ​ទោ​សម្ដ​ង​រួចហើយ ក្រោយ​រឿងអាស្រូវ​ចាប់ផ្ដើម​ផ្ទុះ​ចេញ​ជា​សាធារណៈ​មក​នោះ​។ ប្រជាជន​រាប់ពាន់នាក់ ក៏ដូចជា​សមាជិកសភា​ប្រឆាំង បានទាមទារ​ឲ្យ​លោកស្រី លាលែង​ពី​តំណែង​ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​។

​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ត្រូវបាន​ចោទប្រកាន់ថា បើកដៃ​ឲ្យ​លោកស្រី Choi Soon-sil ជា​មនុស្ស​ជំនិត​លោកស្រី កកូរ​ក​ការ​កិច្ចការរដ្ឋ និង​ប្រើ​ឥទ្ធិពល​នៃ​ទំនាក់ទំនង​នេះ ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បើតាម​សារព័ត៌មាន Yonhap លោកស្រី ប៉ាក ក៏បាន​សារភាព​ដែរ​ថា លោកស្រី​បានអនុញ្ញាត​ឲ្យ​លោកស្រី Choi ពិនិត្យ​សុន្ទរកថា និង​ឯកសារ​ប្រធានាធិបតី​មួយចំនួនទៀត ហើយ​លោកស្រី ក៏បាន​ទទួលយក​យោបល់​ផ្សេងៗ​ដែរ​។

​ការលើកឡើង​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ធ្វើឡើង​តែមួយ​ថ្ងៃ ក្រោយ​លោក Kim Byong-joon ដែល​ទើប​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នោះ និយាយថា ការសាកសួរ​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ គឺអាច​ធ្វើបាន​។ យ៉ាងណាក្ដី ដំណើរការ​នេះ ត្រូវធ្វើ​ឲ្យ​ប្រុងប្រយ័ត្ន ខណៈ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ គឺជា​ប្រធានាធិបតី​ក្នុង​តំណែង ហើយ​ការស៊ើបអង្កេត​ប្រធានាធិបតី​លើ​ករណី​ចោទប្រកាន់​ណាមួយ ក៏​មិន​ដែលមាន​ពីមុនមក​ឡើយ​។​

​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ទើប​ជ្រើសតាំង​រូបនេះ​បញ្ជាក់ថា លោក​ជឿថា​សមត្ថកិច្ច​កូរ៉េខាងត្បូង អាច​បើក​ការស៊ើបអង្កេត​លើ​លោកស្រី​ប្រធានាធិបតី​បាន ព្រោះ​មនុស្ស​ទាំងអស់ មាន​សិទ្ធិ​ស្មើ​ចំពោះមុខ​ច្បាប់​។ ដោយសារ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ជា​ប្រធានាធិបតី គេ​ត្រូវ​ប្រយ័ត្ន​ទាំង​នីតិវិធី និង​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​៕  


Tag:
 កូរ៉េខាងត្បូង​
  Park Geun-hye
© រក្សាសិទ្ធិដោយ thmeythmey.com