អន្តរជាតិ
រដ្ឋាភិបាល​អង់គ្លេស​ត្រូវ​សុំ​យោបល់​សភា​សិន មុន​ចរចា​ជាមួយ​អឺរ៉ុប
04, Nov 2016 , 7:39 pm        
រូបភាព
​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​របស់​នាយករ​ដ្ឋ​មន្ត្រី Theresa May ទទួល​បរាជ័យ​លើ​សមរភូមិ​តុលាការ បន្ទាប់ពី​តុលាការ​ចក្រភព​អង់គ្លេស សម្រេច​ឲ្យ​សភា​ចូលរួម​ក្នុងការ​សម្រេចចិត្ត​លើ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​។ វា​មានន័យថា រដ្ឋាភិបាល​លោកស្រី Theresa May ត្រូវមាន​ការយល់ព្រម​ពី​សភា​ជាមុនសិន មុននឹង​ចាប់ផ្ដើម​ដំណើរការ​ចាកចេញ​នោះ​។ ការសម្រេចចិត្ត​នេះ អាច​ប៉ះពាល់​ដល់​ផែនការ​របស់​រដ្ឋាភិបាល ដ្បិត​បើ​សភា​ចូលរួម​ក្នុង​ដំណើរការ​នេះដែរ ការចាកចេញ​មួយ​នេះ ពិតជា​ស្មុគស្មាញ​មិនខានឡើយ​។



សូមស្ដាប់ព័ត៌មានលម្អិត៖




​តុលាការ​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា បានចេញ​សេចក្ដីសម្រេច​មួយ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ស្វែងរក​ការយល់ព្រម​ពី​រដ្ឋសភា​លើ​ការអនុវត្ត​តាម​មាត្រា​៥០​សន្ធិសញ្ញា Lisbon ជាមុនសិន​។ ការអនុវត្ត​តាម​មាត្រា​នេះ ទើប​ជាការ​ចាប់ផ្ដើម​ផ្លូវការ​នៃ​ដំណើរការ​ចែកផ្លូវ​រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ហើយ​វា​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​ក៏​ពីរ​ឆ្នាំ​ដែរ​។​

​យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តុលាការ​ជាន់ខ្ពស់​អង់គ្លេស​សម្រេច​ថា រដ្ឋាភិបាល ត្រូវការ​ការគាំទ្រ​ពី​សំណាក់​សភា​ក្នុងការ​អនុវត្តតាម​មា​ត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ដែល​ចែង​ពី​នីតិវិធី​នៃ​ការចាកចេញ​នោះ​។ ប្រធាន​តុលាការ​អង់គ្លេស លោក John Thomas បញ្ជាក់ថា គោលការណ៍​សំខាន់​ជាងគេ​របស់​រដ្ឋធម្មនុញ្ញ គឺ​សភា​ជា​អំណាច​អធិបតេយ្យ​របស់​ប្រទេស​។

​នាយករដ្ឋមន្ត្រី May ធ្លាប់បាន​ប្រកាស​ហើយ​ថា រដ្ឋាភិបាល​លោកស្រី នឹង​ចាប់ផ្ដើម​ការចរចា​ចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប នៅ​ដើមឆ្នាំ​ក្រោយនេះ​។ ហើយ​លោកស្រី នឹងមាន​ពេល​រហូតដល់​ពីរ​ឆ្នាំ ដើម្បី​ចរចា​ជាមួយ​ដៃគូ​ស្ដីពី​លក្ខខណ្ឌ​ផ្សេងៗ​នៃ​ទំនាក់ទំនង​រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ក្រោយ​ការចែក​ផ្លូវ​គ្នា ដែល​អាច​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០១៩​។ 

​យ៉ាងណាក្ដី ការសម្រេចចិត្ត​ខាងលើ ត្រូវបាន​ចាត់ទុក​ជាប​រា​ជ័យ​របស់​រដ្ឋាភិបាល ដែល​ចង់​អារកាត់​ការចរចា​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប ដោយ​មិនចាំបាច់​ឆ្លង​សភា​។ ភ្លាមៗ​បន្ទាប់ពី​តុលាការ​ចេញ​សេចក្ដីសម្រេច​បែបនេះ រដ្ឋាភិបាល​អង់គ្លេស​និយាយថា ខ្លួន​នឹង​ប្ដឹង​ជំទាស់​ការសម្រេច​នេះ ទៅ​តុលាការ​កំពូល​បន្តទៀត​។ ហើយ​តុលាការ​កំពូល​ចក្រភព​អង់គ្លេស នឹង​បើកសវនាការ​លើ​សំណុំ​រឿងនេះ នៅ​ដើមខែ​ធ្នូ​ខាងមុខ​ដែរ​។

១. ពេលវេលា​ចរចា​ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប នឹងមិន​ប្រែប្រួល
​ការិយាល័យ​នាយករដ្ឋមន្ត្រី Theresa May បាន​ចេញមក​បញ្ជាក់ថា ការសម្រេចចិត្ត​របស់​តុលាការ​ទាក់ទង​នឹង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប នឹងមិន​ប៉ះពាល់​ដល់​គម្រោង​របស់​រដ្ឋាភិបាល​ក្នុងការ​ចាប់ផ្ដើម​ការចរចា​ដើម្បី​ចាកចេញ ដែល​ស្របតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ឡើយ​។ មានន័យថា កាលបរិច្ឆេទ​ដើម្បី​ការចរចា ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៧ នឹង​នៅតែ​បន្ត​ដដែល​។​

​ជាការ​ពិត រដ្ឋាភិបាល មិន​សប្បាយ​នឹង​ការសម្រេចចិត្ត​របស់​តុលាការ​ឡើយ ដ្បិត​តុលាការ​សម្រេច​ឲ្យ​សភា ជា​អ្នកសម្រេចចិត្ត​លើ​ចុងក្រោយ​លើ​កិច្ចការ​ដ៏​សំខាន់​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​នៃ​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស បញ្ជាក់ដែរថា វា​នឹង​គ្មាន​ការពន្យារពេល​ចាកចេញ​ឡើយ ហើយ​រដ្ឋាភិបាល​នឹង​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ទៅតាម​ការគ្រោងទុករ​បស់​ខ្លួន​។ 
 
​អ្នកនាំពាក្យ​ដដែល​បន្តថា លោកស្រី​នាយករដ្ឋមន្ត្រី នឹង​ប្ដេជ្ញាចិត្ត​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​ប្រជាជន​ចក្រភព​អង់គ្លេស ដែល​ចង់​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ហើយ​រដ្ឋាភិបាល​នឹង​បន្ត​អនុវត្តតាម​ផែនការ ក្នុង​ការរៀបចំ​ការចរចា​ជាមួយ​ដៃគូ ក៏ដូចជា​ធ្វើតាម​កាលបរិច្ឆេទ​ដែល​បានកំណត់​រួចហើយនោះ​។ ពោលគឺ​ការសម្រេច​របស់​តុលាការ ទំនងជា​មិនអាច​មាន​ឥទ្ធិពល​លើ​ផែនការ​របស់​រដ្ឋាភិបាល​ឡើយ​។​

២. សភា អាច​បោះឆ្នោត​ប្រឆាំង​ផែនការ​នាយករដ្ឋមន្ត្រី Theresa May?
​នៅមុន និង​ក្រោយ​ការធ្វើប្រជាមតិ​ស្ដីពី​ការចាកចេញ​នៅ​ថ្ងៃទី​២៤ ខែមិថុនា សមាជិក​រដ្ឋសភា​អង់គ្លេស​មាន​ទំនោរ​ប្រឆាំងនឹង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​ចុងក្រោយ​នេះ សមាជិកសភា​អង់គ្លេស ទំនងជា​មិន​បោះឆ្នោត​ប្រឆាំងនឹង​ការចាកចេញ​ឡើយ ទាំង​សមាជិកសភា​បក្ស​អភិរក្ស​ជា​បក្ស​កាន់អំណាច និង​សមាជិកសភា​បក្ស​ពលករ ដែលជា​ប្រឆាំង​នោះ​។​

​របាយការណ៍​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បង្ហាញថា សមាជិកសភា​ជាច្រើន ដែល​បាន​បោះឆ្នោត​គាំទ្រ​អង់គ្លេស​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប អាច​នឹង​បោះឆ្នោត​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល អនុវត្តតាម​សន្ធិសញ្ញា Lisbon ។ មួយវិញទៀត សមាជិកសភា មកពី បក្ស កាន់អំណាច​អភិរក្សនិយម ក៏​ទំនងជា​ផ្ដល់​ការគាំទ្រ​ដល់​រដ្ឋាភិបាល​លោកស្រី Theresa May ដ្បិត​ពួកគេ​ជា​សមាជិក​បក្ស​តែមួយ​នោះ​។​
 
​យ៉ាងណាមិញ បញ្ហា​មិនមែន​មានតែ​នៅ​រដ្ឋសភា​ឡើយ​។ សូមបញ្ជាក់ថា សេចក្ដីសម្រេច​របស់​តុលាការ​ជាន់ខ្ពស់ មិនបាន​លើកឡើង​ពី​នីតិវិធី​នៃ​ការចាកចេញ​ឡើយ​។ នៅពេលនេះ នាយករដ្ឋមន្ត្រី Theresa May អាចមាន​ជម្រើស​ពីរ​យ៉ាង គឺ​ដំណើរការ​បោះឆ្នោត​ធម្មតា​ដើម្បី​ឲ្យ​សមាជិកសភា​សម្រេច​ថា គួរ​អនុវត្តតាម​សន្ធិសញ្ញា Lisbon ឬ​អត់ និង​ការបង្កើត​សេចក្ដីព្រាងច្បាប់​ថ្មី​មួយ ដើម្បី​ចាប់ផ្ដើម​ការចាកចេញ ដែល​នេះ​តម្រូវ​ឲ្យ​មានការ​ជជែក​ដេញដោល​នៅក្នុង​កិច្ចប្រជុំសភា​។​

​រដ្ឋាភិបាល​អង់គ្លេស អាច​ឆ្លង​ផុត​ដំណាក់កាល​ពិភាក្សា​សភា ដ្បិត​នៅ​ទីនោះ​ខ្លួន​មាន​សំឡេង​ភាគច្រើន ប៉ុន្តែ​នៅ​សភា​ជាន់ខ្ពស់​វិញ បក្ស​កាន់អំណាច​មិនមាន​សំឡេង​ភាគច្រើន​ឡើយ​។ សភា​ជាន់ខ្ពស់​អាច​នឹង​បោះឆ្នោត​ប្រឆាំង​សេចក្ដីព្រាងច្បាប់​ថ្មី និង​បញ្ជូន​ត្រឡប់​ទៅ​រដ្ឋសភា​វិញ ដែល​នេះ​តម្រូវ​ឲ្យ​រយៈពេល​នៃ​ការអនុម័ត​ច្បាប់​កាន់តែ​អូសបន្លាយ និង​ឈានដល់​ការពន្យារពេល​គម្រោងរ​បស់​រដ្ឋាភិបាល​ក្នុងការ​ចាប់ផ្ដើម​ចរចា​ចាកចេញ​៕


Tag:
 Brexit
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com