អន្តរជាតិ
នយោបាយអន្តរជាតិ
លោកស្រី យីងឡាក់ សម្រក់ទឹកភ្នែក ព្រោះគ្មានលុយបង់ប្រាក់ពិន័យជិតមួយពាន់លានដុល្លារ អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា (រូបភាពហ្វេសប៊ុក Yingluck Shinawatra)
×
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃទី៣ ខែតុលា បានសម្រក់ទឹកភ្នែកនៅចំពោះមុខប្រជាជនថៃ ព្រោះលោកស្រី មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងប្រាក់ចំនួន៣៥ពាន់លានបាត (ជិតមួយពាន់លានដុល្លារ) ដល់រដ្ឋាភិបាលយោធាឡើយ។ ទឹកប្រាក់សន្ធឹកសន្ធាប់នេះ គឺជាប្រាក់ពិន័យដែលរបបយោធាតម្រូវឲ្យលោកស្រីសង ជុំវិញរឿងពុករលួយក្នុងគម្រោងទិញស្រូវអង្ករ អំឡុងពេលលោកស្រីនៅធ្វើជានាយករដ្ឋមន្ត្រី។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងក្នុងឆ្នាំ២០១៤ បានធ្វើដំណើរទៅកាន់តំបន់ភាគឦសាន ដើម្បីពិនិត្យមើលស្ថានភាពកសិករថៃ ដែលកំពុងជួបបញ្ហាតម្លៃអង្ករធ្លាក់ចុះ។ នៅទីនោះ លោកស្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានកសិករថៃមកពីខេត្តស៊ីសាកេត សួរនាំពីជំហររបស់លោកស្រី ទាក់ទងនឹងការទាមទារសងប្រាក់របស់រដ្ឋាភិបាលថៃ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ បានឆ្លើយសារភាពដោយទឹកភ្នែកថា៖ «ខ្ញុំមិនដឹងទៅរកលុយមកពីណាឡើយ។ វាពិតជាច្រើនខ្លាំងណាស់។» លោកស្រី យីងឡាក់ ឆ្លើយទាំងទឹកភ្នែកដូចនេះ ដ្បិតលោកស្រី ត្រូវរបបយោធាបង្គាប់ឲ្យសងប្រាក់ដល់ទៅជិតមួយពាន់លានដុល្លារ សម្រាប់ថ្លៃខូចខាតនៃគម្រោងទិញអង្កររបស់រដ្ឋបាលលោកស្រី ដែលត្រូវបានអះអាងថា ធ្វើឲ្យរដ្ឋបាត់បង់ប្រាក់រាប់សិបលានបាតនោះ។
សារព័ត៌មាន The Nation ផ្សាយថា ក្រៅពីខេត្តស៊ីសាកេត លោកស្រី យីងឡាក់ ក៏បានធ្វើដំណើរទៅកាន់ខេត្តអ៊ូបុនរាជធានី។ ប៉ុន្តែអ្វីដែលកាន់រំជួលអារម្មណ៍ កសិករខ្លះក្នុងខេត្តនេះ បានសុំជួយចេញលុយឲ្យលោកស្រី ដើម្បីសងប្រាក់ពិន័យរបស់រដ្ឋាភិបាលថៃ។ អតីតនាយករដ្ឋមន្ត្រីរូបនេះនិយាយថា លោកស្រីគ្មានអ្វីត្រូវថ្លែងឡើយ។ កសិករទាំងនេះ កំពុងរងគ្រោះស្រាប់ផង ប៉ុន្តែពួកគេនៅតែមានសមានចិត្ត និងចង់ជួយលោកស្រីទៀត។
ប្រភពជិតស្និទ្ធលោកស្រី យីងឡាក់ បញ្ជាក់ថា លោកស្រីធ្វើដំណើរទៅកាន់ខេត្តនេះ ដើម្បីជួយទិញអង្ករពីកសិកររងគ្រោះទាំងនោះ និងមានគម្រោងយកទៅលក់បន្តនៅក្រុងបាងកក។ ប្រសិនបើគម្រោងនេះដំណើរការ លោកស្រីនឹងរៀបចំឲ្យកសិករទាំងនោះ ទៅលក់អង្ករនៅបាងកកផ្ទាល់តែម្ដង ដ្បិតកសិករក្នុងខេត្តនេះ ប្រមូលផលរួចរាល់មុនខេត្តដទៃ ហើយលោកស្រីនឹងផ្ដល់ទីតាំងសម្រាប់លក់ ក៏ដូចជាហិរញ្ញវត្ថុខ្លះផងដែរ។
ទាក់ទងបញ្ហានេះ អតីតនាយករដ្ឋមន្ត្រីស្ត្រីថៃអះអាងថា លោកស្រី គ្រាន់តែចង់ជួយកសិករប៉ុណ្ណោះ បើទោះជាសព្វថ្ងៃ បក្សលោកស្រី មិនមែនជាបក្សកាន់អំណាចក៏ដោយ។ លោកស្រីបន្តថា នៅពេលនេះ តម្លៃស្រូវអង្ករធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំនេះ។ ដូច្នេះលោកស្រីចង់ជួយពួកគេ និងផ្ដល់ការគាំទ្រផ្នែកស្មារតីដល់ពួកគេ។
សូមរម្លឹកថា រដ្ឋាភិបាលយោធាថៃ បានចេញបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិលោកស្រី និងពិន័យជាប្រាក់ចំនួន៣៥ពាន់លានបាត ដែលស្មើនឹង៩៩៦.៨៧លានដុល្លារ ជុំវិញសំណុំរឿងទិញអង្ករក្នុងតម្លៃថោក ពេលលោកស្រីកាន់អំណាច។ គម្រោងទិញអង្ករនេះហើយ ដែលធ្វើឲ្យលោកស្រីកើនប្រជាប្រិយភាពខ្លាំង។ ប៉ុន្តែលោកស្រីទាត់ចោលការចោទប្រកាន់នេះ នឹងប្ដឹងទៅតុលាការកំពូលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com