អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមុទ្រ​ចិន​ខាងត្បូង​៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថា គ្មាន​ការសម្រុះសម្រួល​អ្វី​ទាំងអស់​
05, Nov 2016 , 7:39 pm        
រូបភាព
 
 
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា បានប្រកាស​ខ្លាំងៗ​ថា លោក​នឹងមិន​សម្រុះសម្រួល​អ្វី​ទាំងអស់​លើ​អធិបតេយ្យ​ប្រទេស​របស់លោក​ក្នុង​តំបន់​ប្រទាញប្រទង់​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្រកាស​ខ្លាំង​ដូចនេះ នៅមុន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អូស្ត្រាលី ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក​។

 
​ជាថ្មី​ម្ដងទៀត​នោះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បានប្រកាស​ពី​ជំហរ​ប្រទេស​របស់លោក​ទាក់ទង​នឹង​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​លោក​បញ្ជាក់ថា គ្មានអ្វី​ត្រូវ​ព្រមព្រៀង ឬ​ស៊ីសង​លើ​បញ្ហា​អធិបតេយ្យ​ប្រទេស​ឡើយ​។ បើទោះជា​លោក​មិន​និយាយ​ចំ​ក៏ដោយ គេ​អាច​ដឹងថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចង់​សំដៅ​ដល់​ជម្លោះទឹកដី​នៅ​សមុទ្រ​ខាងត្បូង​ជាមួយ​ចិន​តែម្ដង​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា លោក ចូ​កូ វី​ដូ​ដូ ថ្លែង​ដូចនេះ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julia Bishop លើកឡើង​ពី​ការពិចារណា​ក្នុងការ​ល្បាត​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​។ ចិន បានទាមទារ​ដែនសមុទ្រ​ស្ទើរ​ទាំងស្រុង ដែល​សម្បូរ​ដោយ​ភោគទ្រព្យ​ហូរហៀរ និង​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​មមាញឹក​។ ព្រុយ​ណេ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​តៃវ៉ាន់ សុទ្ធតែជា​ភាគី​ទាមទារ​ទាំងអស់​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អូស្ត្រាលី ABC នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​និយាយថា​៖ «​ទាក់ទង​នឹង​អធិបតេយ្យ​ឥណ្ឌូណេស៊ី ខ្ញុំ​មិន​សម្រុះសម្រួល​អ្វី​ទាំងអស់​។ ពោលគឺ​មិន​សម្រុះសម្រួល​ដាច់ខាត​តែម្ដង​។​»
 
​តាមពិតទៅ ឥណ្ឌូណេស៊ី តែងតែមាន​ជំហរ​រឹងមាំ​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជា​ញឹកញយ​នោះ ឥណ្ឌូណេស៊ី​ក៏​ខ្វែងគំនិត​ជាមួយ​ចិន​ដែរ​។ កាលពី​ខែ​មុន យន្តហោះ​ចម្បាំង​ឥណ្ឌូណេស៊ី បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ក្នុ​ដែនទឹក​ក្បែរ​ប្រជុំ​កោះ Natuna ក្រោយ​ទូក​នេសាទ​ឥណ្ឌូណេស៊ី ប្រឈម​មុខជា​នាវា​ល្បាត​ចិន នៅ​ចុង​ភាគខាងត្បូង​សមុទ្រ​មាន​ជម្លោះ​នេះ​។ 
 
​បើទោះជា​ក្រុង​ប៉េកាំង និង​ក្រុង​ហ្សា​រកា​តា មិនមាន​ជម្លោះ​លើ​កោះ Natuna ក៏ដោយ ក្រុង​ប៉េកាំង​ធ្លាប់​ប្រកាសថា ភាគី​ទាំងពីរ​បានទាមទារ​ត្រួតស៊ីគ្នា​លើ​ដែនទឹក​ក្បែរ​ប្រជុំ​កោះ​នោះ ដែល​រឿងនេះ​ធ្វើ​ឲ្យ​ក្រុង​ហ្សា​រកា​តា​ខឹងសម្បារ​យ៉ាងខ្លាំង​។ ដោយសារ​បញ្ហា​នេះ ទើប​អូស្ត្រាលី និង​ឥណ្ឌូណេស៊ី ពិចារណា​ធ្វើ​សមយុទ្ធ​រួមគ្នា ដើម្បី​ទប់ទល់​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​មហា​យក្ស​ចិន​៕
 
    
 

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com