អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តារា​ល្បីៗ​ចូលរួម​យុទ្ធនាការ​ជាមួយ​លោកស្រី គ្លី​ន​តុ​ន ឯ​លោក ត្រាំ ធ្វើ​តែឯង​
05, Nov 2016 , 8:59 pm        
រូបភាព
 
 
​តារា​ល្បីៗ​អាមេរិក​ជាច្រើន​នាក់ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ខណៈដែល​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​ហើយ​នោះ​។ ដោយឡែក​នៅលើ​ឆាក​យុទ្ធនាការ​របស់​បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ​វិញ គេ​ឃើញ​មានតែ​សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ ម្នាក់ឯង​ប៉ុណ្ណោះ​។​

 
​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​បក្ស កំពុង​ប្រឹង​ធ្វើ​យុទ្ធនាការ​រៀងៗ​ខ្លួន ដ្បិត​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នឹង​មកដល់​ពេល​ខ្លី​ខាងមុខ​នេះហើយ​។ ដូច​សព្វមួយដង​នោះ នៅក្នុង​ការធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ទាំង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​វាយប្រហារ​គ្នា​ទៅវិញទៅមក ដោយ​លើក​នេះ បេក្ខជន​ទាំងពីរ​រិះគន់​គ្នា​លើ​បញ្ហា​សេដ្ឋកិច្ច និង​ចំនួន​ការងារ​នៅ​អាមេរិក​។ 
 
​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោកស្រី គ្លី​ន​តុ​ន បានបញ្ចប់​យុទ្ធនាការ​របស់លោក​ស្រី​ជាមួយនឹង​កម្មវិធី​តន្ត្រី​នៅឯ​រដ្ឋ Cleveland ។ តារាចម្រៀង​ល្បី​ជាច្រើន​បាន​ចូលរួម​ជាមួយ​លោកស្រី ដូចជា​តារាចម្រៀង​រ៉េ​ប Jay Z និង​ប្រពន្ធ Beyoncé តារា​រ៉េ​ប Big Sean តារាចម្រៀង Chance the Rapper និង​លោក J. Cole ជាដើម​។ លោកស្រី​និយាយ​នៅពេល​ប្រគំ​តន្ត្រី ថា មាន​ការងារ​ជាច្រើន ត្រូវធ្វើ និង​មាន​របាំង​ជាច្រើន​ដែល​ត្រូវ​បំបែក​។​
 
​ក្រឡេក​ទៅ​មើល​បេក្ខជន​បក្ស​សាធារណរដ្ឋ​វិញ នៅលើ​ឆាក​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុង​រដ្ឋ Pennsylvania នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​នោះ មិនមាន​តារា​ល្បី​ណា​ចូលរួម​ឡើយ​។ លោក ត្រាំ និយាយ​ឌឺដង​ឲ្យ​លោកស្រី គ្លី​ន​តុ​ន ថា​៖ «​ខ្ញុំ​មក​ទីនេះ​តែម្នាក់ឯង​។ គ្មាន​ហ្គី​តា គ្មាន​ព្យ៉ា​ណូ គ្មានអ្វី​ទាំងអស់​។ បើតាម​ទីភ្នាក់ងា​ព័ត៌មាន AP សេដ្ឋី​អចលនទ្រព្យ​រូបនេះ​និយាយទៀតថា លោក​មិនបាន​នាំ​តារា​ល្បី​ដូចជា Jay Z ឬ J-Lo មក​ឡើយ​។​
 
​លោកស្រី គ្លី​ន​តុ​ន និង​លោក ត្រាំ បន្តធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា នៅក្នុង​រដ្ឋ Florida ដើម្បី​ទាក់ទាញ​សំឡេងឆ្នោត​នៅ​ទីនោះ ជាពិសេស​ពី​ក្រុម​អ្នកបោះឆ្នោត​ដើមកំណើត​ឡាទីន​។ បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ហាក់​ប្រឹងប្រែង​ខ្លាំង ដ្បិត​បក្ស​ប្រជាធិបតេយ្យ​មានការ​គាំទ្រ​ទាប​ក្នុង​សមរភូមិ​សំខាន់​ក្នុង​រដ្ឋ Ohio ដែល​លម្អៀង​ទៅរក​បក្ស​សាធារណរដ្ឋ​។ 
 
​កា​ប្រគំ​តន្ត្រី ត្រូវគេ​មើលឃើញថា ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​មួយ​របស់​លោកស្រី គ្លី​ន​តុ​ន​។ នៅ​ថ្ងៃទី​៥ ដដែល លោកស្រី គ្លី​ន​តុ​ន នឹង​បន្ត​ចូលរួម​ការប្រគំ​តន្ត្រី​នៅ​រដ្ឋ Philadelphia ដោយមាន​ការចូលរួម​ពី​តារា​ល្បីៗ​ដូចជា Steve Wonder និង Katty Perry ជាដើម​។ បេក្ខជន​ប្រ​ធានា​ធិ​ប​តិ​រូបនេះ ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​តារា​ល្បីៗ បន្ថែម​ពី​ការប្រកាស​គាំទ្រ​ពី​សំណាក់​ឥស្សរជន​នយោបាយ​ជាច្រើនរូប​ទៀត​៕
 
 

Tag:
 ​អាមេរិក​
  Hilary Clinton
  Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com