អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte ឲ្យ​លោក អូ​បា​ម៉ា បើក​វចនានុក្រម​មើល​និយមន័យ​ពាក្យ «​សេចក្ដីថ្លៃថ្នូរ​»
06, Nov 2016 , 7:39 pm        
រូបភាព
 
 
​ក្រោយ​ក្បត់ពាក្យសន្យា​ជាមួយ​ព្រះ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បន្ត​ប្រើពាក្យ​មិន​សមរម្យ​ដាក់​អ្នកណា​ដែល​លោក​មិន​ចូលចិត្ត និង​តែងតែ​រិះគន់​លោក​។ ជាថ្មី​ម្ដងទៀត លោក Duterte បាន​រិះគន់​ខ្លាំង​លើ​ប្រធានាធិបតី​អាមេរិកជិត​ចប់​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​រដ្ឋបាល​របស់លោក ជុំវិញ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​។​

 
«​អ្នក​ដាក់ទណ្ឌកម្ម​» Rodrigo Duterte បាន​រម្លឹក​ពី​ការប្រកាស​របស់លោក​ក្នុងការ​ចែកផ្លូវ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក អំឡុង​ទស្សនកិច្ច​ចិន ដែលជា​គូប្រជែង​របស់​អាមេរិក​តែម្ដង​។ លោក Duterte អះអាងថា ការប្រកាស​ចែកផ្លូវ​ជាមួយ​អាមេរិក គឺ​ដើម្បី​ការពារ​សេចក្ដី​ថ្លែ​ថ្នូរ​របស់​ហ្វីលីពីន ដ្បិត​នាពេល​កន្លងមក ហ្វីលីពីន​ធ្វើ​តែ​តាម​បង្គាប់​អាមេរិក​ប៉ុណ្ណោះ​។ 
 
​ឆ្លៀតពេល​ចូលរួម​នៅក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ប្រធានាធិបតី​ហ្វីលីពីន បន្ត​និយាយ​រិះគន់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បានបង្ហាញ​ការព្រួយបារម្ភ ជុំវិញ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន និង​ការដែល​អាមេរិក​ចេះតែ​ឲ្យ​ហ្វីលីពីន​ធ្វើតាម​រហូតមក​។ លោក Duterte និយាយថា​៖ «​លោក អូ​បា​ម៉ា ! មានរឿង​អី​កើតឡើង​ហ្នឹង​? ទៅ​បើក​វចនានុក្រម ហើយ​រក​អត្ថន័យ​ពាក្យ «​ថ្លៃថ្នូរ​» ទៅ​។​»
 
​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ និយាយ​បែប​ខឹង​ខ្លាំង​ដូចនេះ ក្រោយពេល​អាមេរិក​គំរាម​ផ្ដាច់ជំនួយ​បរទេស ក្រោម​ហេតុផល​ព្រួយបារម្ភ​ជុំវិញ​ការសម្លាប់​មនុស្ស​យ៉ាងច្រើន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នាពេល​កន្លងមក​។ លោក Duterte ប្រាប់​ទៅវិញ​ថា ប្រទេស​របស់លោក នឹង​នៅតែ​អាចរ​ស់បាន បើទោះជា​គ្មាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​អាមេរិក​ក៏ដោយចុះ​។​
 
​បន្ថែម​ពីលើ​នេះ លោក Duterte ចាត់ទុក​ការ​គំរាម​របស់​អាមេរិក ជាការ​ប្រមាថ​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាជន​ហ្វីលីពីន ដោយ​ធ្វើ​ដូច​ហ្វីលីពីន​ជា​ឆ្កែ​របស់​អាមេរិក​អ៊ីចឹង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler មុននឹង​បន្ត​ស្រង់​សំដី​លោក Duterte ថា អាមេរិក​ធ្វើខ្លួន​ដូច​ម្ចាស់​របស់​ហ្វីលីពីន ដែល​ចូលចិត្ត​បោះ​សាច់​ឲ្យ​ប្រជាជន​ហ្វីលីពីន​ពី​ចម្ងាយ​។​
 
​តាំងពីដើម​មក​នោះ ប្រធានាធិបតី Duterte ដែលជា​ត្រូវគេ​ហៅថា «​មេដឹកនាំ​មាត់​អត់​គម្រប​» តែងតែ​រិះគន់​អ្នក​ដែល​រិះគន់​ការបង្ក្រាប​គ្រឿងញៀន ជាពិសេស អាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​ជាដើម​។ ទាំង​អាមេរិក និង​អង្គការ​ពិភពលោក​ទាំងពីរ ក៏​ធ្លាប់​ត្រូវបាន​លោក Duterte ប្រើ​ពាក្យអសុរស​ដាក់​ជា​ញឹកញយ​ផងដែរ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី ធ្លាក់ចុះ​ខ្លាំង​នាពេល​កន្លងទៅ​៕ 
 
 

Tag:
 ហ្វីលីពីន​
  អាមេរិក​
  Rodrigo Duterte
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com