អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ISIS ជួប​សមរភូមិ​ពីរ​ផ្លូវ ខណៈ​ក្រុម​ឧទ្ទាម​ស៊ី​រី​បើក​ប្រតិបត្តិ​ការរំដោះ​ក្រុង Raqqa មួយទៀត​
07, Nov 2016 , 11:42 am        
រូបភាព
 
 
​កងកម្លាំង​ឧទ្ទាម​ប្រជាធិបតេយ្យ​ស៊ី​រី ដែលជា​ក្រុម​ឧទ្ទាម​ប្រឆាំង​ដ៏​ធំ នៅ​ថ្ងៃទី​៦ ខែតុលា បានប្រកាស​បើក​យុទ្ធនា​ការរំដោះ​ទីក្រុង Raqqa ដែលជា​មូលដ្ឋាន​ធំជាងគេ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង ស្របពេល​ដែល​នៅ​អ៊ីរ៉ាក់​ឯណោះ កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់​ជាច្រើន​ម៉ឺន​នាក់ ក៏​កំពុងបើក​ប្រតិបត្តិ​ការរំដោះ​មូលដ្ឋាន​ធំ​របស់​សកម្មជន​រដ្ឋ​ឥស្លាម​នៅ​ក្រុង Mosul ផងដែរ​។​

 
​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម កំពុង​ប្រឈមមុខ​សមរភូមិ​ពីរ​ទិស បន្ទាប់ពី​ក្រុមចម្រុះ​ឃឺ​ដ និង​អារ៉ាប់ (SDF) ដែលជា​ក្រុម​ឧទ្ទាម​ប្រឆាំង​នៅ​ស៊ី​រី​គាំទ្រ​ដោយ​អាមេរិក បើក​ប្រតិបត្តិ​ការដណ្ដើម​ទីក្រុង Raqqa ។ ទន្ទឹមគ្នានេះ នៅ​អ៊ីរ៉ាក់​វិញ ដោយមាន​ជំនួយ​ពី​កងកម្លាំង​អាកាស​សម្ព័ន្ធមិត្ត​ដឹកមុខ​ដោយ​អាមេរិក កងកម្លាំង​ចម្រុះ​អ៊ីរ៉ាក់ ក៏​កំពុង​វាយ​ប្រយុទ្ធ​បណ្ដេញ​សកម្មជន​រដ្ឋ​ក្រុម​ឥស្លាម​ពី​ទីក្រុង Mosul និង​បាន​គ្រប់គ្រង​ទីតាំង​ជាច្រើន​ហើយ​ដែរ​។ 
 
​ទីក្រុង Raqqa ត្រូវបាន​ចាត់ទុកជារ​ដ្ឋ​ធានី​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី ហើយ​ក្រុង Mosul ជា​រដ្ឋធានី​ក្រុម​នេះ​នៅ​អ៊ីរ៉ាក់​។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​ជ្រុលនិយម​មួយ​នេះ បាន​បាត់បង់​ទឹកដី​យ៉ាងច្រើន​ទាំង​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី បន្ទាប់ពី​បាន​គ្រប់គ្រង​ទឹកដី​ទាំងនោះ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​នោះ​។  
 
​សារព័ត៌មាន Al Jazeera ផ្សាយ​ថា មេបញ្ជាការ​កងកម្លាំង​ចម្រុះ​ឃឺ​ដ និង​អារ៉ាប់ បានប្រកាស​ពី​ការបើក​ការ​វាយ​ដណ្ដើម​ក្រុង Raqqa នៅក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ក្រុង Ain Issa ដែលមាន​ចម្ងាយ​៥០​គីឡូ​ម៉ែត ពី​ក្រុង Raqqa ។ មន្ត្រី​របស់​ក្រុមចម្រុះ SDF ប្រកាសថា អ្នក​ប្រយុទ្ធ​របស់​ក្រុម​ឧទ្ទាម នឹង​បន្ត​គោលដៅ​របស់ខ្លួន​រហូត​ដល់​ផ្ដួលរំលំ​ក្រុម​រដ្ឋ​ឥស្លាម​ទទួលជោគជ័យ​។​
 
​ជាមួយគ្នា​នោះ កងកម្លាំង​ឧទ្ទាម​ស៊ី​រី ក៏បាន​ប្រកាស​ស្នើសុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ និង​កងកម្លាំង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ដើម្បី​សម្របសម្រួល និង​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះដែរ​។ មន្ត្រី​របស់​ក្រុមចម្រុះ​នេះ បញ្ជាក់ដែរថា អាមេរិក នឹង​ជួយផ្ដល់​ការគាំទ្រ​ផ្លូវអាកាស​សម្រាប់​កម្ទេច​ក្រុម​ជ្រុលនិយម​មួយ​នេះ​។ 
 
​ដោយឡែក អ្នកនាំពាក្យ​របស់​ក្រុម SDF បញ្ជាក់ដែរថា កងកម្លាំង​ប្រហែល​៣​ម៉ឺន​នាក់ នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​។ ហើយ​កងកម្លាំង​ចម្រុះ​នឹង​វាយលុក​ចូល​ក្រុង Raqqa តាម​ទិសដៅ​បី ព្រមទាំង​ដណ្ដើម​កាន់កាប់​ទីតាំងនៅ​ជុំវិញ​ទីក្រុង​នេះ​សិន មុននឹង​ប្រមូល​កម្លាំង​វាយ​ដណ្ដើម​មូលដ្ឋាន​រឹងមាំ​នេះ​ជា​ចុងក្រោយ​។  
 
​ច្បាស់​ណាស់​ថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នឹង​ការពារ​រដ្ឋធានី​របស់​ពួកគេ ឲ្យ​អស់​លទ្ធភាព ដ្បិត​ការបាត់បង់​ក្រុង Raqqa ក៏​មានន័យថា ពេលវេលា​ពួកគេ​នៅ​ស៊ី​រី ឈានដល់​ទីបញ្ចប់​ដែរ ខណៈ​មូលដ្ឋាន​រឹងមាំ​នៅ​អ៊ីរ៉ាក់ ក៏​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដែរនោះ​។ ចំណែក​ក្រុម​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ដែលមាន​អាមេរិក​ជួយ​ពីក្រោយ ក៏​នឹង​ជួយ​ជ្រោមជ្រែង​ប្រតិបត្តិការ​នេះ ដើម្បី​បោសសម្អាត​ការគំរាមកំហែង​ដ៏​ធំ​នេះ​៕
 
 

Tag:
 ស៊ី​រី​
  ISIS
  Raqqa
© រក្សាសិទ្ធិដោយ thmeythmey.com