អន្តរជាតិ
អាសាដ​៖ ប្រទេស​១០ ព្រួត​គ្នា​វាយ​ស៊ី​រី​តែម្នាក់ឯង​
07, Nov 2016 , 8:59 pm        
រូបភាព
ប្រធានាធិបតីស៊ីរី Bashar al-Assad (រូបភាព Xinhua)
ប្រធានាធិបតីស៊ីរី Bashar al-Assad (រូបភាព Xinhua)
​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad បាន​អះអាងថា ជម្លោះ​បង្ហូរឈាម​នៅ​ស៊ី​រី​សព្វថ្ងៃនេះ អាច​ត្រូវ​ចាត់ទុកជា​សង្គ្រាម​នៅ​ចន្លោះ «​សង្គ្រាមត្រជាក់ និង​សង្គ្រាមលោក​» ព្រោះ​មាន​ប្រទេស​ជាច្រើន​បាន​ចូលរួម​ក្នុង​ជម្លោះ​រ៉ាំរ៉ៃ​នេះ​។ ប្រធានាធិបតី​ស៊ី​រី​អះអាង​ដែរ​ថា ប្រទេស​ទាំងនោះ​វាយ​សង្គ្រប់​តែ​ស៊ី​រី​មួយ ហើយ​កងកម្លាំង​ស៊ី​រី បាន​ត្រឹម​តស៊ូ​តតាំង និង​មិនសូវមាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។​



​ជម្លោះ​ស៊ី​រី បាន​ឈានដល់​ឆ្នាំ​ទី​៦ ដោយបាន​សម្លាប់​មនុស្ស​អស់​រាប់សែន​នាក់ និង​ជាច្រើន​លាន​នាក់​ទៀត​រត់​ភៀសខ្លួន​ទៅកាន់​តំបន់​មាន​សុវត្ថិភាព រួមទាំងរ​ត់ទៅ​ប្រទេស​ផ្សេង​ដែរ​។ ប្រទេស​ជាច្រើន បានផ្ដល់​ការគាំទ្រ​ដល់​ក្រុម​ឧទ្ទាម ដើម្បី​ប្រយុទ្ធ​តទល់​នឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ក្នុង​គោលដៅ​ទម្លាក់​លោក បា​សា អាល់​អាសាដ (Bashar al-Assad) ចេញពី​តំណែង​ប្រធានាធិបតី​។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Sunday Times ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែតុលា ប្រធានាធិបតី បា​សា អាល់​អាសាដ បាន​ហៅ​ជម្លោះ​ក្នង​ប្រទេស​លោក ជា​សង្គ្រាមលោក ដែល​ប្រឆាំង​ស៊ី​រី ដ្បិត​ប្រទេស​ជាង​១០ សហការគ្នា​ប្រឆាំង​របប​ស៊ី​រី​មួយ​។ លោក​បន្តថា​៖ «​ប្រទេស​ទាំងនោះ ផ្ដល់​លុយ និង​សម្ភារៈ​សឹក​ឲ្យ​ក្រុម​ភេរ​វករ ខណៈ​កងទ័ព​របស់លោក សុទ្ធតែជា​ប្រជាជន​ស៊ី​រី​ទាំងអស់ ហើយ​ពួកគេ​កំពុង​ពុះពារ​យ៉ាងខ្លាំង​។​»

​ស្រប​ពេលដែល​ជម្លោះ​បង្ហូរឈាម​នេះ​បន្ត​អូសបន្លាយ ប្រធានាធិបតី​ស៊ី​រី​អះអាងថា ពេលនេះ​នៅ​មិនទាន់​ដំណោះស្រាយ​នៅឡើយ​ទេ ដ្បិត​ភាគី​ជម្លោះ​ទាំងសងខាង ទាំង​រដ្ឋាភិបាល​របស់​លោក និង​ក្រុម​ឧទ្ទាម សុទ្ធ​តែមាន​មហាអំណាច​នៅ​ពីក្រោយ ហើយ​មហាអំណាច​ទាំងនោះ តែង​លូកលាន់​កិច្ចការ​ស៊ី​រី​រហូត​។ លោក​បញ្ជាក់ថា មិនទាន់មាន​អ្នកណា​លើក​ដំណោះស្រាយ​មក​ឡើយ​។

«​ការនិយាយ​ពី​ដំណោះស្រាយ​នយោបាយ ខណៈ​ភាគី​ឧទ្ទាម ត្រូវបាន​គ្រប់គ្រង​ដោយ​មេ​កើយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត តួ​ក​គី ចក្រភព​អង់គ្លេស អាមេរិក និង​បារាំង​នោះ គឺ​មិនមែនជា​រឿង​ប្រាកដប្រជា​ឡើយ​។​» នេះ​ជាការ​លើកឡើង​របស់លោក បា​សា អាល់​អាសាដ មុននឹង​បន្តថា បញ្ហា​ស្នូល គឺ​ការ​លូកដៃ​របស់​មហាអំណាច​។ បើ​ពួកគេ​ឈប់​លូកដៃ ក្រុម​ភេរ​វករ​នឹង​ចុះខ្សោយ ហើយ​ភាគី​ជម្លោះ​ជា​ជនជាតិ​ស៊ី​រី នឹង​ចូល​តុ​ចរចា​រក​ដំណោះស្រាយ​មិន​ខាន​។​

​ប្រធានាធិបតី​ស៊ី​រី​ពន្យល់​ដែរ​ថា ក្រុម​ឧទ្ទាម បានទទួល​ជំនួយ​យ៉ាងច្រើន គឺ​ច្រើនជាង​តម្រូវការ​ទៅទៀត ស្រប​ពេលដែល​កងកម្លាំង​របស់លោក​ពុះពារ​តែឯង​។ លោក​ប្រាប់ទៀតថា តាមពិត ស៊ី​រី​ក៏​ទទួលបាន​ជំនួយ​ដែរ មាន​ពី​ក្រុម Hezbollah តែ​ក្នុង​បរិមាណ​តិចតួច ហើយ​អ៊ីរ៉ង់​វិញ មិនបាន​បញ្ជូន​ទ័ព​អ្វី​ទេ គឺមាន​ត្រឹមតែ​មន្ត្រី​ប៉ុណ្ណោះ ខណៈដែល​រុស្សី ក៏បាន​បញ្ជូន​សព្វាវុធ​មកជួយ​ដែរ ដែល​ធ្វើ​ឲ្យ​កងកម្លាំង​របស់លោក អាច​ទប់ទល់​ស្ថានការណ៍​បាន​។

​មិនតែប៉ុណ្ណោះ ក្នុង​កិច្ចសម្ភាសន៍​ដដែល លោក បា​សា អាល់​អាសាដ ក៏បាន​សរសើរ​រុស្សី ដោយ​ចាត់ទុក​រុស្សី​ជា​សម្ព័ន្ធមិត្ត​គួរ​ឲ្យ​ទុកចិត្ត និង​ស្មោះត្រង់​របស់​ស៊ី​រី និង​មិនដែល​ដាក់​សម្ពាធ​លើ​ប្រទេស​ណា​ដែរ​។ លោក​អះអាងថា គោលនយោបាយ​របស់​រុស្សី គឺ​ផ្អែកលើ​សីលធម៌ និង​ច្បាប់​អន្តរជាតិ ហើយ​រុស្សី ក៏​មិន​ចង់បាន​អ្វី​ពី​ស៊ី​រី ព្រមទាំង​មិន​ចង់​ឲ្យ​លោក​ក្លាយជា​អាយ៉ង​របស់​រុស្សី​ដែរ​៕


Tag:
 ស៊ី​រី​
 ​ បា​សា អាល់​អាសាដ
© រក្សាសិទ្ធិដោយ thmeythmey.com