អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​ឃោសនា​ប្រឹង​ជួយ​បន្ថយ​ក្តីបារម្ភ​របស់​ពិភពលោក​ពេល ត្រាំ ជាប់ឆ្នោត​
08, Nov 2016 , 10:33 am        
រូបភាព
 
​នៅសល់​ប៉ុន្មាន​ម៉ោង​មុន​ការបោះឆ្នោត​មកដល់ ក្រុម​ឃោសនា​ដូ​ណា​ល់ ត្រាំ ​ប្រឹងប្រែង​ជួយ​សម្រាល​ស្ថានការណ៍ និង​បន្ធូរប​ន្ថ​យ ការ​ភ័យ​បារម្ភ​របស់​ពិភពលោក ចំពោះ​ការ​ឈានទៅ​ឈ្នះ​ការបោះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ​។  ការជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ​ធ្វើឡើង​ស្រប​ពេលដែល​របាយការណ៍​ស្ទង់​មតិ​បង្ហាញថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នាំមុខ​លោក ដូ​ណា​ល់ ត្រាំ ចំនួន ៤​ភាគរយ​។​



​ប្រធាន​ក្រុម​ឃោសនា របស់លោក​បេក្ខជន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោកស្រី Kellyanne Conway បាន​ព្យាយាម​បន្ធូរបន្ថយ​រាល់​ការយល់ឃើញ​អវិជ្ជមាន​របស់​ពិភពលោក​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ ស្រប​ពេលដែល​ការបោះឆ្នោត​ជិត​មកដល់​នោះ​។ លោកស្រី បាន​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ជា​បេក្ខជន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ការពារ​ផលប្រយោជន៍​អាមេរិក​បាន​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ BBC លោកស្រី​បាន​ថ្លែងថា រាល់​ការយល់ឃើញ​អវិជ្ជមាន​របស់​ពិភពលោក​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ  ពិតជា​រំខាន​អារម្មណ៍​លោកស្រី ប៉ុន្តែ​លោកស្រី​ជឿជាក់​និង​ការពារ​គោលជំហរ​រប​ស់លោក​ដូ​ណា​ល់ ត្រាំ​ដែល​តម្កល់​ប្រយោជន៍​អាមេរិកជាធំ។​
 
​លោកស្រី​បន្តថា​៖«​លោក ដូ​ណា​ល់ ត្រាំ និយាយថា លោក​ទុក​ប្រយោជន៍​អាមេរិក​ជា​រឿង​អាទិភាព ហើយ​លោក​ពិតជា​នឹងធ្វើ​វា​»​។ លោកស្រី​បាន​លើកយក​គោលនយោបាយ​មួយចំនួន ​ដែល​បញ្ជាក់​ពី​ការព្យាយាម​រក្សា​ប្រយោជន៍​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងនោះ​មាន​ទប់ស្កាត់​រាល់​ការបាត់បង់​ការងារ​រ​បស់​ប្រជាជន​ បង្ខំ​ឲ្យ​សមាជិក​ណា​តូ បង់​វិភាគទាន​ឲ្យ​គ្រប់ និង​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណា ​ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​អាមេរិក​ជាថ្មី​វិញ​។ 
 
​កន្លងមក​លោក ដូ​ណា​ល់ ត្រាំ បាន​ទទួលរង​ការរិះគន់​ខ្លាំង​ពី​សំណាក់​មេដឹកនាំ​ពិភពលោក ដោយសារ​ពាក្យសម្តី​អសីលធម៌ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​និង​ជាតិ​ដទៃ​នោះ​។ លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង បាន​រិះគន់​លោក​ដូ​ណា​ល់ ត្រាំ ឥតមាន​សំចៃមាត់​ឡើយ ដោយ​លោក​អះអាង​សម្តី​អ្នកជំនួញ​ដូច​លោក ដូ​ណា​ល់​ត្រាំ ធ្វើ​ឲ្យ​ប្រជាជន​ទូទៅ​ចង់​ក្អួត​។ ចំណែក​ឧ​ត្ត​ម​ស្នងការ​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​ក៏​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ដែរ ដោយ​លោក​បាន​អះអាង លោក​ដូ​ណា​ល់ ត្រាំ ជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក​។ 
 
​យ៉ាងណាក៏ដោយ ប្រធាន​ក្រុម​ឃោសនា​ខាងលើនេះ មិន​ត្រឹមតែ​ការពារ​ជំហរ​របស់លោក ដូ​ណា​ល់ ត្រាំ ប៉ុណ្ណោះ​ទេ លោកស្រី​ក៏​ឆ្លៀត​វាយប្រហារ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដែរ​។ លោកស្រី ឆ្លៀត​លើកយក​ពី​បញ្ហា​អ៊ី​ម៉ែ​ល​មក​រិះគន់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជាថ្មី ទោះជា​សំណុំ​រឿងនេះ​ត្រូវបាន​បិទ​តាំងពី​ថ្ងៃអាទិត្យ​ក្រោយ FBI ប្រកាសថា​ខ្លួន​មិន​កែ​សេចក្តីសន្និដ្ឋាន​កាលពី​ខែកក្កដា​ក៏ដោយ​។ 
 
​លោកស្រី Kellyanne Conway បាន​វាយតម្លៃថា មនុស្ស​ដូច​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​មិន​ស័ក្តិសម​កាន់តំណែង​ជា​ប្រធានាធិបតី​ឡើយ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ព្រោះ​លោក​ស្ត្រី​ជាម​នុស្ស​ខ្ជីខ្ជា​និង​មានរឿង​អាស្រូវ​ច្រើន​។ ហើយ​គេ​មិនអាច​ជឿជាក់​លោកស្រី  ហ៊ី​ឡា​រី គ្លី​ន​តុ​ន រឿង​លេខ​កូដ​នុយក្លេអ៊ែរ​ឡើយ​ ព្រោះ​សូម្បីតែ​អ៊ី​ម៉ែ​ល ​ក៏​លោកស្រី​មិនអាច​គ្រប់គ្រង​បាន​ត្រឹមត្រូវ​ផង​នោះ​។​
 
​យ៉ាងណា​ក៏ដោយចុះ ទោះជា​ខាង​ក្រុម​ឃោសនា វាយប្រហារ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ខ្លាំងៗ​ប៉ុន្មាន​ម៉ោង​មុន​បោះឆ្នោត​ក៏ដោយ ក៏​គេ​មើលឃើញថា លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ការគាំទ្រនាំមុខ​លោក​ដូ​ណា​ល់ ត្រាំ​។ យោងតាម​របាយការណ៍​របស់​សារព័ត៌មាន FOX News ប្រជាប្រិយភាព​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន នាំមុខ​ប្រជា​ប្រិ​ភាព​លោក​ដូ​ណា​ល់ ត្រាំ ៤​ខ្ទង់​៕ 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
 ​ ហ៊ី​ឡា​រី គ្លី​ន​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com