អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បើ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឈ្នះឆ្នោត គួរ​ហៅ​លោក ប៊ី​ល គ្លី​ន​តុ​ន ថា «​បុរស​ទីមួយ​»?
08, Nov 2016 , 3:00 pm        
រូបភាព
លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីឡារី គ្លីនតុន (រូបភាព Xinhua)
លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីឡារី គ្លីនតុន (រូបភាព Xinhua)
​ក្នុង​ស្ទាបស្ទង់​ចុងក្រោយ​បង្ហាញថា បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន សង្ឃឹម​ឈ្នះឆ្នោត​ច្រើនជាង​បេក្ខជន​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ។ បើ​លោកស្រី គ្លី​ន​តុ​ន ពិតជា​ឈ្នះឆ្នោត​មែន​នោះ លោកស្រី នឹង​ក្លាយជា​ប្រមុខរដ្ឋ​របស់​អាមេរិក មាន​ងារ​ជា «​ប្រធានាធិបតី​»​។ តែ​គេ​គួរ​ហៅ​ស្វាមី​លោកស្រី គឺ​លោក ប៊ី​ល គ្លី​ន​តុ​ន ដែលជា​អតីត​ប្រធានាធិបតី​នោះ ថា «​បុរស​ទីមួយ​» ដែរ​ឬ​យ៉ាងណា​?



​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មានសង្ឃឹម​ខ្ពស់ជាង​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​ស្នង​តំណែង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ការ​ក្លាយជា​ប្រធានាធិបតី​ទី​៤៥ និង​ជា​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​អាមេរិក​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ការហៅ​ឈ្មោះ​ស្វាមី លោកស្រី គឺ​លោក ប៊ី​ល គ្លី​ន​តុ​ន​។ ការហៅ​ឈ្មោះ​នេះ​ទំនងជា​បញ្ហា ដ្បិត​វា​ជា​ករណី​កម្រ​ដែលមាន​ប្រធានាធិបតី​ជា​ស្ត្រី​ណាស់​។​

​ចំពោះ​ករណី​លោក ប៊ី​ល គ្លី​ន​តុ​ន អតីត​ប្រធានាធិបតី​រូបនេះ នឹង​ក្លាយជា​ស្វាមី​របស់​ប្រធានាធិបតី​ស្ត្រី​ទីមួយ ដែល​អាច​ត្រឡប់​ទៅកាន់​សេត​វិមាន​វិញ​។ លោក ប៊ី​ល គ្លី​ន​តុ​ន ធ្វើជា​ប្រធានាធិបតី​ពីរ​អាណត្តិ គឺ​នៅ​ឆ្នាំ​១៩៩២ និង​ម្ដងទៀត​នៅ​ឆ្នាំ​១៩៩៦​។ ហើយ​វា​ក៏​ជា​រឿង​សាមញ្ញ​ក្នុងការ​ប្រើប្រាស់​ងារ «​ប្រធានាធិបតី​» ចំពោះ​អតីត​ប្រធានាធិបតី​អាមេរិក បើទោះជា​អស់តំណែង​ក៏ដោយចុះ​។​

​យោងទៅតាម​ការហៅ​របៀប​នេះ នៅពេល​លោកស្រី គ្លី​ន​តុ​ន ឈ្នះឆ្នោត​មែន គេ​មិនអាច​ហៅ​លោក ប៊ី​ល​គ្លី​តុ​ន ជា​ប្រធានាធិបតី (President Clinton) បាន​ទៀតឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ច្រឡំ​ជាមួយ​ភរិយា​របស់លោក​។ អ្នកជំនាញ​ផ្នែក​ពិធីការ​ម្នាក់ និយាយថា បញ្ហា​របៀបនេះ ក៏​ធ្លាប់​ត្រូវបាន​ដោះស្រាយ​នៅ​កម្រិត​រដ្ឋ​របស់​អាមេរិក​រួចហើយ​។ នៅ​អាមេរិក មាន​រដ្ឋ​ចំនួន​៦ មាន​អភិបាលរដ្ឋ​ជា​ស្ត្រី ហើយ​ស្វាមី​របស់​ពួកគេ ក៏ត្រូវ​បាន​ហៅ​ដោយ​មិន​ផ្លូវការ​ថា «​បុរស​ទីមួយ (First Gentlemen)​។ ប៉ុន្តែ​ករណី​ប្រធានាធិបតី​វិញ មិនដែល​មាន​ឡើយ​។​

​យ៉ាងណាក្ដី លោកស្រី Allida Black ដែលមាន​ជំនាញ​លើ​បញ្ហា​នេះដែរ អះអាងថា ការហៅ​ឈ្មោះ​នេះ មិនមែនជា​រឿង​ធំដុំ​ឡើយ​លើ​បរិបទ​ពិធីការ​នោះ​។ ដូច្នេះ​ការហៅ​ឈ្មោះ​លោក ប៊ី​ល គ្លី​ន​តុ​ន នឹង​នៅតែ​ត្រូវបាន​រក្សា​ដូចដើម នៅពេលដែល​លោក និង​លោកស្រី ហ៊ី​ឡា​រី ចូលរួម​កម្មវិធី​រួមគ្នា​។ លោកស្រី Black បញ្ជាក់ថា​៖ «​គេ​ត្រូវ​ហៅថា ប្រធានាធិបតី គ្លី​ន​តុ​ន និង​អតីត​ប្រធានាធិបតី គ្លី​ន​តុ​ន​»​។​

​បើតាម​ទីភ្នាក់ងារ AFP អ្នកជំនាញ​ដដែល​បន្តថា រឿងនេះ​ក៏​ធ្លាប់​កើតឡើង​កាលពី​ជំនាន់​គ្រួសារ Bush ផងដែរ​។ លោក George H.W. Bush ដែលជា​ឪពុក ជា​ប្រធានាធិបតី​ទី​៤១ ចំណែក​លោក George W. Bush ជា​កូន​វិញ ជា​ប្រធានាធិបតី​ទី​៤៣​។ មានន័យថា​ពេល​អ្នក​ទាំងពីរ​ចូល​កម្មវិធី​ជាមួយគ្នា គេ​ហៅថា «​ប្រធានាធិបតី Bush (​កូន​) និង​អតីត​ប្រធានាធិបតី Bush (​ឪពុក​)​។

​ទាក់ទង​នឹង​ការហៅ​ឈ្មោះ​លោក ប៊ី​ល គ្លី​ន​តុ​ន វិញ ការិយាល័យ​ពិធីការ​ប្រធានាធិបតី​អាមេរិក នឹង​ពិភាក្សា​ជាមួយ​គ្រួសារ​គ្លី​ន​តុ​ន លើ​ករណីនេះ​៕ 


Tag:
 ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com