អន្តរជាតិ
សារមន្ទីរ They Also Ran ផ្ដល់​កិត្តិយស​ដល់​បេក្ខជន​ដែល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​
09, Nov 2016 , 7:39 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ ក្រុង​តូច​មួយ​នៅ​ភាគ​ពាយ័ព្យ​នៃ​រដ្ឋ Kansas នៅក្នុង​សហរដ្ឋអាមេរិក គឺជា​ទីតាំង​នៃ​សារមន្ទីរ​មួយកន្លែង​ដែល​ផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បាន​ប្រកួត​ចាញ់​ក្នុង​ការដណ្ដើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។​



​ជាង​៥០​ឆ្នាំ​មកហើយ សារមន្ទីរ​«They Also Ran» ស្ថិតនៅក្នុង​ទីក្រុង Norton រដ្ឋ Kansas បានផ្ដល់​កិត្តិយស​ដល់​អ្នក​ដែល​បរាជ័យ​នៅក្នុង​យុទ្ធនាការ​ដណ្ដើម​តំណែង​ប្រធានាធិបតី ដោយ​ការតាំង​បង្ហាញ​រូបថត​របស់​ពួកគេ​។ ឥឡូវ សារមន្ទីរ​តូច​មួយ​នេះ​បាន​ត្រៀម​កន្លែង​មួយ​រួចជាស្រេច​សម្រាប់​ការតាំង​រូបថត​លោកស្រី Hillary Clinton ឬ​រូបថត​លោក Donald Trump​។​

​ក្រុមមន្ត្រី​ធ្វើការ​នៅ​សារមន្ទីរ​នេះ​បញ្ជាក់ថា សារមន្ទីរ​នេះ​បង្កើតឡើង​មិនមែន​ចង់​ឌឺដង​ដល់​អ្នក​ដែល​ចាញ់ឆ្នោត​នោះទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ពី​ស្មារតី និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​។​

​អ្នកស្រី Lee Ann Shearer ដែលជា​អ្នក​អភិរក្ស​សារមន្ទីរ​នេះ​ជា​យូរ​មកហើយ បាន​ថ្លែងប្រាប់​ទស្សនាវដ្ដី Time ថា​៖«​មិនមាន​អ្នកណាម្នាក់​ចង់​ជាប់​ចំណាត់ថ្នាក់​លេខ​២​នោះទេ ប៉ុន្តែ​ពួកយើង​មាន​មោទនភាព​ចំពោះ​អ្នក​ដែល​បាន​ប្រឹងប្រែង​ព្យាយាម​។ យើង​មិនមែន​មិន​គោរព​អ្នក​ដោយសារតែ​អ្នក​មិនបាន​ក្លាយជា​ប្រធានាធិបតី​នោះទេ​។ វា​ត្រូវការ​សេចក្ដីក្លាហាន​។ អ្នក​ស្ទើរតែ​ទទួលបាន​តំណែង​ដ៏​ខ្ពស់បំផុត​មួយ​នៅក្នុង​ប្រទេស​ហើយ​ស្រមៃ​គិតពី​អារម្មណ៍​ដែល​ចាញ់​នៅពេលដែល​អ្នក​មិន​ទទួលបាន​តំណែង​នោះ​»​។​

​គំនិត​របស់​អ្នកស្រី​ត្រូវបាន​អ្នកស្រី Roberta Ryan ដែលជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង Norton គាំទ្រ​។​

​អ្នកស្រី Ryan បាន​ប្រាប់​កាសែត Boston Globe ថា​៖«​អ្នក​ដែល​ចាញ់​ទាំងនោះ​សក្ដិសម​នឹង​ទទួលបាន​ការទទួលស្គាល់​ខ្លះ​សម្រាប់​ភាពក្លាហាន​របស់​ពួកគេ​ក្នុងការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​។ បេក្ខជន​ដែលជា​ប់​ជា​ប្រធានាធិបតី ទទួលបាន​សិទ្ធិ​ធ្វើ​ប្រធានាធិបតី ចំណែកឯ​អ្នក​ដែល​ចាញ់​វិញ​គឺ​ស្ទើរ​ត្រូវបាន​គេ​បំភ្លេចចោល​។ នេះ​គឺជា​ការ​រំឭក​មួយ​ថា​អ្នក​ទាំងនេះ​គឺជា​ផ្នែក​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​។ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ប្រហែលជា​បាន​ប្រឹងប្រែង​ខ្លាំង​ជាង​អនុ​ប្រធានាធិបតី​ផង​»​។​

​បច្ចុប្បន្ននេះ ជញ្ជាំង​សារមន្ទីរ​នេះ​ត្រូវបាន​គេ​តុបតែង​លំអ​ដោយ​រូបថត​ស ខ្មៅ ចំនួន ៦០ ផ្ទាំង នៃ​អ្នក​ដែល​ចាញ់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។ រូបថត​របស់លោក Trump ឬ ក៏​រូបថត​របស់​លោកស្រី Clinton នឹង​ក្លាយជា​រូបថត​ទី​៦១​។​

​អ្នកស្រី Shearer បាន​ប្រាប់​ទស្សនា​វ​ដ្តី Time ថា អ្នកស្រី​សង្ឃឹមថា​អ្នកស្រី​នឹងដាក់​រូបថត​លោកស្រី Clinton នៅ​សារមន្ទីរ​នេះ នៅ​ថ្ងៃ​ដែល​ប្រធានាធិបតី​ថ្មី​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ ២០១៧​។​

​អ្នកស្រី​បាន​ថ្លែងថា​៖ «​រូបថត​លោកស្រី Clinton នឹង​ក្លាយជា​រូបថត​ស្ត្រី​ដំបូង​បំផុត​នៅទីនេះ​។ យើង​មាន​រូបថត​បុរស​ចំនួន​៦០​ផ្ទាំង​រួចទៅហើយ​។ យើង​ប្រហែលជា​ចង់​ឲ្យ​មាន​រូប​ស្ត្រី​ម្នាក់​នៅទីនេះ​»​។​

​រហូតមកដល់​ពេលនេះ មានតែ​បេក្ខជន​ដែល​ធ្លាប់​ឈរឈ្មោះ​ហើយ​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​មួយរូប​គត់ ដែល​បានមក​ទស្សនា​សារមន្ទី​រ​នេះ​។ បេក្ខជន​នោះ​គឺ​អតីត​សមាជិក​ព្រឹទ្ធសភា​លោក Bob Dole ដែល​លោក​មកពី​រដ្ឋ Kansas នេះ​។ លោក​បាន​ចាញ់​ការប្រកួត​ចូលកាន់​តំណែង​នៅក្នុង​សេត​វិមាន​កាលពី​ឆ្នាំ​១៩៩៦ នៅពេលដែល​លោក Bill Clinton បានឈ្នះ​ការបោះឆ្នោត​នៅពេលនោះ​។​

​សារមន្ទីរ​នេះ​នៅ​មិនទាន់​ក្លាយជា​កន្លែង​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​នៅឡើយ​ទេ ដោយ​ទាក់ទាញ​ភ្ញៀវទេសចរ​បានត្រឹមតែ ២៥០ នាក់ ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ ទោះជា​យ៉ាងនេះ​ក្ដី ក៏មាន​ភ្ញៀវទេសចរ​ទស្សនា​សារមន្ទី​រ​នេះ​មួយចំនួន​មកពី​ប្រទេស​ឆ្ងាយៗ​ដូចជា​ប្រទេស​អាល្លឺម៉ង់​ជាដើម​។​

​អ្នកស្រី Shearer បាន​ថ្លែង​បន្ថែមថា​៖ « អ្នក​មិនដែល​ឃើញ​កន្លែង​ណា​ដែល​ប្រមូលផ្ដុំ​រូបថត​អ្នក​ដែល​ប៊ិះ​នឹង​ឈ្នះ​ទាំងនោះ​នៅ​មួយកន្លែង​នោះទេ​។ ពួកគេ​ងាយ​នឹងត្រូវ​បាន​គេ​បំភ្លេចចោល ប៉ុន្តែ​ដោយសារតែ​យើង​មាន​ការតាំង​បង្ហាញ​រូបថត​របស់​ពួកគេ​នៅទីនេះ ពួកគេ​នឹងមិន​ត្រូវបាន​គេ​បំភ្លេចចោល​នោះទេ​។ ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​។ បើទោះបីជា​ពួកគេ​មិនបាន​ក្លាយខ្លួនជា​ប្រធានាធិបតី​ក៏ពិតមែន ប៉ុន្តែ​ច្បាស់​ណាស់ ពួកគេ​បាន​ប្រឹងប្រែង​ខ្លាំងណាស់​សម្រាប់​ប្រទេស​ដែល​ពួកគេ​ស្រឡាញ់​»៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com