អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ ប្រាប់​កសិករ​ថៃ​កុំ​ពឹងផ្អែក​រដ្ឋាភិបាល​ពេក​
08, Nov 2016 , 8:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អំពាវនាវ​ដល់​កសិករ​ថៃ​ទាំងអស់ កុំ​ពឹងផ្អែក​ខ្លាំងពេក​លើ​ជំនួយ​ពី​រដ្ឋាភិបាល ដើម្បី​ស្រោចស្រង់​វិបត្តិ​ស្រូវ​អង្ករ​ដែល​កំពុង​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​។ នាយករដ្ឋមន្ត្រី​ថៃ​អះអាងថា ថវិកា​របស់​រដ្ឋ ត្រូវ​ប្រើ​សម្រាប់​ជួយ​ប្រជាជន​ទូទាំងប្រទេស មិនមែន​តែ​កសិករ​នោះឡើយ ហើយ​ការជួយ​នេះ​ទៀតសោត ក៏​មិនមាន​ការរើសអើង​អ្វី​ដែរ​។​



​រដ្ឋាភិបាល​ថៃ បាន​បញ្ចេញ​ទឹកប្រាក់​កម្ចី​រាប់សិប​ពាន់​លាន​បាត ដើម្បី​ជួយ​កសិករ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការធ្លាក់​ថ្លៃ​នៃ​តម្លៃ​ស្រូវ​អង្ករ ស្រប​ពេលដែល​រដូវ​កាល​ប្រមូល​ផល​ក៏​មកដល់​បណ្ដើរៗ​ហើយ​នោះ​។ កញ្ចប់​ទឹកប្រាក់​ទាំងនោះ ត្រូវបាន​ប្រើ​សម្រាប់​កសិករ​ដែល​ត្រូវការ​ប្រាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្តុក​ទុក​ស្រូវ​អង្ករ និង​ត្រូវបាន​បែង​ចែកជា​កញ្ចប់​ផ្សេងៗ​ទៅតាម​ប្រភេទ​ស្រូវ​អង្ករ​នីមួយៗ​។ 

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រាប់​កសិករ​ទាំងអស់​កុំ​ពឹង​អាស្រ័យ​លើ​ជំនួយ​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ខ្លាំងពេក ព្រោះ​រដ្ឋាភិបាល​របស់លោក ក៏ត្រូវ​ជួយ​ប្រជាជន​ផ្សេង​ដែរ​។ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ និយាយ​ដូចនេះ នៅក្រោយ​ជំនួប​ជាមួយ​គណៈកម្មាធិការ​ស្រូវ​អង្ករ ដែល​ទើបបាន​សម្រេច​បញ្ចេញ​ទឹកប្រាក់​១៨​ពាន់​លាន​បាត សម្រាប់​ជួយ​កសិករ​ដែល​ដាំ​ដុះ​ស្រូវ​ប្រភេទ​ម្លិះ​។ 

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​សប្ដាហ៍​មុន​បាន​ជួយ​លុយ​ច្រើនជាង​២០​ពាន់​លាន​បាត​រួចហើយ សម្រាប់​កសិករ​រងគ្រោះ​ដោយសារ​ការធ្លាក់​ថ្លៃ ដែល​ដាំ​ដុះ​ស្រូវម្លិះ​នៅ​តំបន់​ភាគ​ខាងជើង និង​ភាគ​ឦសាន​។ ការផ្ដល់​លុយ​ជំនួយ​នេះ ធ្វើ​ឲ្យ​កសិករ​តំបន់​ផ្សេង​ដែល​ដាំ​ដុះ​ស្រូវ​ប្រភេទ​ផ្សេង មិន​សប្បាយចិត្ត​ឡើយ ដោយ​ពួកគេ​ចង់បាន​ជំនួយ​ស្មើៗ​គ្នា​ទាំងអស់​។​

​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បញ្ជាក់ថា រដ្ឋាភិបាល​ចង់​ជួយ​កសិករ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​ការធ្លាក់​ថ្លៃ​តម្លៃ​ស្រូវ​អង្ករ នៅ​ទូទាំងប្រទេស ដោយ​មិន​រើសអើង​នោះទេ​។ ប៉ុន្តែ​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ប្រើ​ថវិការដ្ឋ​ទាំងអស់ ដើម្បី​ជួយ​កសិករ​ឡើយ​។ លោក​បន្តថា កសិករ​ត្រូវ​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​គិតពី​របៀប​ដាំ​ដុះ​ថ្មី ដូចជា​ប្រើប្រាស់​ប្រភេទ​ស្រូវ​ផ្សេង ឬក៏​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី ដែល​អាច​កាត់បន្ថយ​ការពឹង​ផ្អែកលើ​រដ្ឋាភិបាល​។​

​នាយករដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់ទៀតថា​៖ «​ពីមុន​យើង​ដោះស្រាយ​បញ្ហា​នៅ​កម្រិត​ទាប តាមរយៈ​ការផ្ដល់ប្រាក់​កម្ចី​ឲ្យ​កសិករ ដែល​រឿងនេះ​ធ្វើ​ឲ្យ​ពួកគេ​ពឹងផ្អែក​តែ​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​ពិបាក​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​។ តែ​ពេលនេះ​យើង​ដោះស្រាយ​បញ្ហា​ពី​ខាងលើ​វិញ ដូចជា​ការផ្លាស់ប្ដូរ​រ​បៀ​ប​នៃ​ការដាំដុះ ការប្រើប្រាស់​ទឹក ក៏ដូចជា​របៀប​នៃ​ការប្រើប្រាស់​ដី​កសិកម្ម​ជាដើម​៕» 


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com