អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ាក ហ្គឺ​ន​ហេ ដក​នាយករដ្ឋមន្ត្រី​ថ្មី​ទាំង​មិនទាន់បាន​កាន់តំណែង ដោយ​ទុក​ឲ្យ​សភា​ជ្រើសរើស​វិញ​
08, Nov 2016 , 8:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (រូបភាព Xinhua)
ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (រូបភាព Xinhua)
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បានសម្រេច​ដក​លោក Kim Byong-joon ពី​តំណែង​នាយករដ្ឋមន្ត្រី​ជ្រើសតាំង​ហើយ ក្រោយ​ជំនួប​ជាមួយ​ប្រធានសភា​រួចមក​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានជ្រើសរើស​លោក Kim Byong-joon សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ដែលជា​ផ្នែក​មួយ​នៃ​ការរុះរើ​គណៈរដ្ឋមន្ត្រី ក្រោយ​លេច​ធ្លាយ​រឿងអាស្រូវ​លូកដៃ​ចូល​កិច្ចការរដ្ឋ​ពី​សំណាក់​មនុស្ស​ជំនិត​លោកស្រី​។



សូមស្ដាប់ព័ត៌មានលម្អិត៖




​មិនទាន់​ទាំង​បាន​កាន់តំណែង​ផង លោក Kim Byong-joon ដែល​ត្រូវបាន​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ជ្រើសតាំង​នាយករដ្ឋមន្ត្រី​កាល​ថ្ងៃ ២​វិច្ឆិកា ក៏ត្រូវ​អស់តំណែង​វិញ ក្រោយពេល​លោកស្រី ប៉ាក ហ្គឺ​ន​ហេ សម្រេច​ដកតំណែង​នេះ​។ លោកស្រី​ប្រធានាធិបតី​កំពុង​រួបរឹត​ដោយ​រឿងអាស្រូវ​រូបនេះ ក៏​សម្រេច​ឲ្យ​សភា​ជ្រើសរើស​បេក្ខភាព​ថ្មី​ដើម្បី​គ្រប់គ្រង​រដ្ឋាភិបាល​។ ហើយ​វា​ក៏​ជាការ​ទាមទារ​របស់​គ​ណ​បក្សប្រឆាំង​ដែរ​។​

​ថ្លែង​អំឡុងពេល​ជួប​ជាមួយ​ប្រធានសភា លោក Chung Sye-kyun នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា លោកស្រី ប៉ាក ហ្គឺ​ន​ហេ និយាយថា លោកស្រី​មកជួប​ប្រធានសភា ព្រោះនេះ​ជា​កាតព្វកិច្ច​របស់លោក​ស្រី ដើម្បី​រក្សា​ដំណើរការ​ជា​ប្រក្រតី​នៃ​កិច្ចការរដ្ឋ​។ លោកស្រី​បន្តថា ប្រសិនបើ​សភា លើកសំណើ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី លោកស្រី​នឹង​តែងតាំង​បេក្ខជន​ថ្មី​នោះ​ភ្លាម ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​។​

​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា ជំនួប​រវាង​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ និង​ប្រធានសភា ធ្វើឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ព្រោះ​វា​ត្រូវ​រំខាន​ដោយ​សមាជិកសភា​ប្រឆាំង ដែល​ទាមទារ​ឲ្យ​លោកស្រី ប៉ាក ចុះ​ចេញពី​តំណែង​ដោយសារតែ​រឿងអាស្រូវ​នយោបាយ​។ សមាជិកសភា​គណបក្ស​ប្រឆាំង ក៏បាន​ជំទាស់​នឹង​ការជ្រើសតាំង​លោក Kim Byong-joon ជា​នាយករដ្ឋមន្ត្រី​ផងដែរ ដ្បិត​លោកស្រី ប៉ាក មិនបាន​ពិភាក្សា​ជាមួយ​សភា​ជាមុន​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ បានតែងតាំង​លោក Kim Byong-joon ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក Hwang Kyo-ahn​។ លោក Kim Byong-joon គឺជា​មន្ត្រីជាន់ខ្ពស់​រប​ស់​រដ្ឋបាល​អតីត​ប្រធានាធិបតី Roh Moo-hyun​។ ការផ្លាស់ប្ដូរ​នាយករ​ដ្ឋ​មន្ត្រី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ គឺ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​រដ្ឋាភិបាល​ឡើងវិញ ដែល​ធ្លាក់ចុះ​ដោយសារ​រឿងអាស្រូវ​របស់លោក​ស្រី ប៉ាក ផ្ទាល់​។​

​យ៉ាងណាមិញ ការតែងតាំង​លោក Kim Byong-joon ជា​នាយករដ្ឋមន្ត្រី ដោយ​គ្មាន​ការពិភាក្សា​ជាមួយ​គណបក្ស​ដទៃ ធ្វើ​ឲ្យ​លោកស្រី ប៉ាក រង​កា​ររ​រិះគន់​យ៉ាងខ្លាំង ជាពិសេស​ពី​សំណាក់​គណបក្សប្រឆាំង​។ ក្រុម​បក្សប្រឆាំង ចង់​ឲ្យ​ការជ្រើសរើស​នាយករដ្ឋមន្ត្រី ផ្អែក​តាម​ការព្រមព្រៀង​រវាង​គណបក្ស​ពីរ ជាជាង​ជ្រើសតាំង​ដោយ​បក្ស​តែមួយ​។ វា​ទំនង​ដោយសារ​បញ្ហា​នេះ ទើប​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ទៅ​ជួប​ប្រធានសភា និង​ទុក​សិទ្ធិ​ឲ្យ​សភា​ជា​អ្នក​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​វិញ​៕


Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ
© រក្សាសិទ្ធិដោយ thmeythmey.com