អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លទ្ធផល​បោះឆ្នោត​យ៉ាងណា សម្ព័ន្ធភាព​អាមេរិក​-​កូរ៉េខាងត្បូង នៅតែ​រឹងមាំ
09, Nov 2016 , 9:19 am        
រូបភាព
 

​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បានផ្ដល់​នៅ​ការធានា​រឹងមាំ​មួយ​ជុំវិញ​ទំនាក់ទំនង​ជាមួយ​អាមេរិក ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា (​ម៉ោង​អាមេរិក​)​។ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ធានាថា សម្ព័ន្ធភាព​អាមេរិក​-​កូរ៉េខាងត្បូង នឹង​នៅតែ​បន្ត​រឹងមាំ ទោះជា​លទ្ធផល​ឆ្នោត​ចេញមក​យ៉ាងណាក៏ដោយ​។ កូរ៉េខាងត្បូង ក៏​នឹង​បន្ត​នយោបាយ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី​។​

 
«​បើទោះជា​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​យ៉ាងម៉េច​ក៏ដោយ យើង​ច្បាស់​ថា សម្ព័ន្ធភាព​របស់​យើង​ជាមួយ​អាមេរិក នឹង​នៅតែ​បន្ត​ទៅមុខទៀត​។​» នេះ​ជាការ​លើកឡើង​របស់លោក Cho June-hyuck អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​អាមេរិក ក្រោយ​ការបោះឆ្នោត​នៅ​អាមេរិក ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​។​
 
​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ អ្នកនាំពាក្យ​រូបនេះ​បន្តថា កូរ៉េខាងត្បូង នឹង​បន្ត​គោលនយោបាយ​ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​នាពេល​កន្លងមក​។ ការបោះឆ្នោត​នៅ​អាមេរិក ពិត​ជាមាន​ឥទ្ធិពល​យ៉ាងខ្លាំង ដ្បិត​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ នឹង​ប៉ះពាល់​ខ្លាំង​លើ​នយោបាយ​អាមេរិក មាន​ចំពោះ​កូរ៉េខាងត្បូង ដូចជា​ការ​គំរាម​របស់​កូរ៉េខាងជើង ទំនាក់ទំនង​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងទៀត​។​
 
​អ្នកនាំពាក្យ​ដដែល​នេះ​បញ្ជាក់ទៀតថា រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នឹង​ចាត់វិធានកា​ចាំបាច់​ទាំងឡាយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ ជាមួយ​រដ្ឋាភិបាល​ថ្មី ដោយ​ពឹង​ផ្អែកលើ​បណ្ដាញ​ដែល​ត្រូវបាន​បង្កើត​ជាមួយនឹង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Yonhap ។​
 
​យ៉ាងណា​ក៏ដោយចុះ គេ​រំពឹងថា ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ទំនងជា​មិន​ប៉ះពាល់​អ្វី​ឡើយ ដ្បិត​ក្រុង​សេ​អ៊ូ​ល ជា​សម្ព័ន្ធមិត្ត​ស្អិតល្មួត​របស់​ក្រុង​វ៉ាស៊ីនតោន នៅ​តំបន់​អាស៊ី​។ ហើយ​គេ​ក៏​មិន​រំពឹងថា ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​អាច​ដក​ដៃ​ចេញពី​កូរ៉េខាងត្បូង​ដែរ​។ នរណា​ក៏​ដឹង​ដែរ​ថា អាមេរិក​បាន​ចាប់​កូរ៉េខាងត្បូង​យ៉ាង​ជាប់ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក ហើយក៏​មិនដែល​លែងដៃ​ដែរ​។ 
 
​មួយវិញទៀត គោលនយោបាយ​របស់​បេក្ខជន​ទាំងពីរ​ចំពោះ​កូរ៉េខាងត្បូង ក៏​មិន​ខុសគ្នា​ពី​ប្រធានាធិបតី​ផ្សេង​ទៀតឡើយ គឺ​ក្រសោប​កូរ៉េខាងត្បូង​យ៉ាង​ជាប់​។ បើទោះជា​បេក្ខជន​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ហាក់​មាន​គោលនយោបាយ​ខុសប្លែក និង​មាន​ទំនោរ​ឲ្យ​តម្លៃ​ខ្លាំង​លើ​គោលនយោបាយ​ឯករាជ្យ ក៏ដូចជា​ផែនការ​កាត់បន្ថយ​ការចំណាយ​លើ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក៏ដោយ គោលនយោបាយ​អាមេរិក​ចំពោះ​កូរ៉េខាងត្បូង នឹង​នៅតែ​រក្សា​ដូច​ពេលកន្លងមក​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com