អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក George W. Bush មិន​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ទាំងអស់​
09, Nov 2016 , 9:51 am        
រូបភាព
​ប្រធានាធិបតី​ទី​៤៣ របស់​អាមេរិក លោក George W. Bush មិនបាន​បោះឆ្នោត​គាំទ្រ​ដល់​បេក្ខជន​ណា​ម្នាក់​ឡើយ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា (​ម៉ោង​នៅ​អាមេរិក​)​។ នាពេល​កន្លងមក អតីត​ប្រធានាធិបតី​រូបនេះ​ក៏​មិនដែល​ប្រកាស​ជា​សាធារណៈ​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ណាមួយ​ឡើយ ទាំង​លោក ដូ​ណា​ល់ ត្រាំ ដែលជា​បេក្ខជន​មក​បក្ស​សាធារណរដ្ឋ​ដូច​លោក​ដែរនោះ​។ 
 

​ខណៈ​ប្រជាជន​អាមេរិក​រាប់លាន​នាក់ កំពុង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នោះ អតីត​ប្រធានាធិបតី​អាមេរិក លោក George W. Bush ក៏បាន​ទៅ​បោះឆ្នោត​ផងដែរ​។ ប៉ុន្តែ​ជំនួយការ​ផ្ទាល់​របស់លោក Bush បាន​និយាយថា អតីត​ប្រធានាធិបតី​រូបនេះ​មិនបាន​បោះឆ្នោត​ឲ្យ​បេក្ខជន​ណាមួយ​ឡើយ​។ ពោលគឺ​លោក​មិន​គូស​ប្រអប់​របស់លោក ដូ​ណា​ល់ ត្រាំ ក៏ដូចជា​ប្រអប់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។​
 
​អតីត​ប្រធានាធិបតី George W. Bush បាន​ធ្លាប់​បង្ហាញ​សញ្ញា​ថា លោក​គ្មាន​បំណង​ចូល​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ឡើយ ក្រោយពី​ប្អូនប្រុស​របស់លោក គឺ​លោក Jeb Bush មិនបាន​ជាប់​ជា​បេក្ខជន​របស់​បក្ស​សាធារណរដ្ឋ​នោះ​។ កាលពី​អំឡុងពេល​ជ្រើសរើស​បេក្ខជន​បឋម លោក Jeb Bush មិន​បានទទួល​ការគាំទ្រ​ពី​សមាជិក​បក្ស​ឡើយ និង​បានជ្រើសរើស​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ វិញ​។ 
 
​លោក Freddy Ford ជា​ជំនួយការ​ផ្ទាល់​អតីត​ប្រធានាធិបតី Bush បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត​មាន AFP ថា ទាំង​លោក Bush និង​ភរិយា​របស់លោក បាន​បោះឆ្នោត​មិន​គាំទ្រ​បេក្ខជន​ណា​ទាំងអស់ (None of Above) សម្រាប់​បេក្ខជន​ប្រធានាធិបតី។    
 
​តាមពិតទៅ ក្រុមគ្រួសារ​លោក Bush ហាក់​នៅ​ឆ្ងាយ​ពី​ការបោះឆ្នោត​អាណត្តិ​នេះ ហើយក៏​មិនដែល​ប្រកាស​បេក្ខជន​ណា​ដែរ​។ ប៉ុន្តែ​ឪពុក​របស់លោក Bush គឺ​អតីត​ប្រធានាធិបតី George H.W. Bush ធ្លាប់​ប្រកាសប្រាប់​មិត្តភក្តិ​របស់លោក​ថា លោក​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ។​
 
​បណ្ដា​មេដឹកនាំ​សំខាន់ៗ​របស់​បក្ស​សាធារណរដ្ឋ​ជាច្រើន សុទ្ធតែ​ប្រកាស​មិន​គាំទ្រ លោក ដូ​ណា​ល់ ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី ដ្បិត​លោក​មាន​គោលនយោបាយ​ចម្រូងចម្រាស និង​ការប្រើ​វោហារសាស្ត្រ​មិន​សមរម្យ​ជាដើម​។ អតីត​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០១២ លោក Mitt Romney អតីតរដ្ឋមន្ត្រី​ការបរទេស លោក Colin Powell អតីត​អភិបាលរដ្ឋ​មួយចំនួនទៀត សុទ្ធតែ​មិន​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ទាំងអស់​៕ 

Tag:
 បោះឆ្នោត​ប្រធានាធិបតីអាមេរិក​
  George W. Bush)
© រក្សាសិទ្ធិដោយ thmeythmey.com