អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​សាធារណរដ្ឋ​បន្ត​គ្រប់គ្រង​រដ្ឋសភា ឯ​ព្រឹទ្ធសភា​នៅ​ប្រទាញប្រទង់​
09, Nov 2016 , 10:58 am        
រូបភាព
 
 
​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​បង្ហា​ញ​ថា គណបក្ស​សាធារណរដ្ឋ នឹង​បន្ត​គ្រប់គ្រង​រដ្ឋសភា​អាមេរិក រយៈពេល​៦​ឆ្នាំ​ទៅមុខទៀត​។ នេះ​បើ​យោងតាម​ការបង្ហាញ​លទ្ធ​ផល​ដោយ​បណ្ដាញសារព័ត៌មាន​អាមេរិក​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា (​ម៉ោង​នៅ​អាមេរិក​) ខណៈ​នៅ​សមរភូមិ​ព្រឹទ្ធសភា​វិញ ទាំង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ នៅមាន​សំឡេង​ប្រទាញប្រទង់​គ្នា​នៅឡើយ​។

 
​បណ្ដាញសារព័ត៌មាន​អាមេរិក​មាន ABC និង​ទូរទស្សន៍ NBC ជាដើម​ផ្សាយ​ថា ក្រុម​សាធារណរដ្ឋ នឹង​បន្ត​ការគ្រប់គ្រង​រដ្ឋសភារ​បស់​ខ្លួន​មួយ​អាណត្តិ​ទៀត ក្រោយពេល​កាន់កាប់​អ​សនៈ​ភាគច្រើន​នៅ​រដ្ឋសភា​តាំងពី​ឆ្នាំ​២០១១​មក​នោះ​។ ទន្ទឹមគ្នានេះ បក្ស​សាធារណរដ្ឋ ក៏​ប្រឈមមុខ​សមរភូមិ​តឹងតែង ដើម្បី​ការពារ​សំឡេង​ភាគច្រើន​របស់​នៅ​ព្រឹទ្ធសភា​ដែរនោះ​។​
 
​ក្នុងការ​ប្រជែង​កៅអី​ព្រឹទ្ធសភា រដ្ឋ​ចំនួន​១៦ បានប្រកាស​លទ្ធផល​ហើយ ស្រប​ពេលដែល​បក្ស​ប្រជាធិបតេយ្យ​នាំ​មុខតែ​រដ្ឋ​មាន​កៅអី​មួយៗ​ប៉ុណ្ណោះ​។ យ៉ាងណាក្ដី នៅសល់​រដ្ឋ​ជាច្រើន​ទៀត ដែល​មិនទាន់​ចេញ​លទ្ធផល​ផ្លូវការ ជាពិសេស​នៅតាម​រដ្ឋ​សំខាន់​ផ្សេងទៀត ដែល​បក្ស​ទាំងពីរ​សុទ្ធតែ​សង្ឃឹម​ទទួលបាន​ការគាំទ្រ​ដូចគ្នាៗ​។ 
 
​ការគ្រប់គ្រង​រដ្ឋសភា គឺជា​រឿង​សំខាន់​របស់​បក្ស​ទាំងពីរ ព្រោះ​វា​នឹងមាន​ឥទ្ធិពល​ដល់​ការបង្កើត​គោលនយោបាយ​នានា​របស់​អាមេរិក មិន​ថា​សម្រាប់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ឬ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។ បក្ស​សាធារណរដ្ឋ​បាន​គ្រប់​ព្រឹទ្ធសភា​ដែលមាន​១០០​កៅអី ចាប់តាំងពី​២០១៥ មក​ម្លេះ ប៉ុន្តែ​ក្នុងការ​បោះឆ្នោត​លើក​នេះ បក្ស​ទាំងពីរ​ហាក់​មានការ​ប្រជែង​ខ្លាំង​។​
 
​ក្នុងករណី​គណបក្ស​ទាំងពីរ​ទទួលបាន​៥០​កៅអី​ដូចគ្នា​នៅ​ព្រឹទ្ធសភា​នោះ អនុ​ប្រធានាធិបតី​ថ្មី នឹង​ជា​តួអង្គ​កាត់សេចក្ដី​ក្នុងការ​សម្រេចចិត្ត​រប​ស់​ព្រឹទ្ធសភា​អាមេរិក​។ ខណៈ​ការរាប់​សន្លឹកឆ្នោត​មិនទាន់​បញ្ចប់​នោះ គេ​មិនទាន់​ដឹងថា បេក្ខជន​អនុ​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ Mike Pence ឬ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ Tim Kaine នឹង​កាន់តំណែង​សំខាន់​នេះ​នៅឡើយ​ទេ​៕
 
 

Tag:
 បោះឆ្នោត​អាមេរិក​
  គណបក្ស​សាធារណរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com