អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​កាន់អំណាច​តៃវ៉ាន់ ប្រាប់​ចិន​ឲ្យ​គោរព​សិទ្ធិ​ហុងកុង​
10, Nov 2016 , 7:39 am        
រូបភាព
 
 
​គណបក្សកាន់អំណាច​តៃវ៉ាន់ ប្រជាធិបតេយ្យ​ជឿនលឿន (DPP) នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា បាន​ទទូច​ឲ្យ​មេដឹកនាំ​ក្រុង​ប៉េកាំង ស្ដាប់​តាម​ប្រជាជន​ក្រុង​ហុងកុង​ដែល​ចង់បាន​ប្រជាធិបតេយ្យ​។ បក្ស​កាន់អំណាច​តៃវ៉ាន់ ក៏​ទទូច​ឲ្យ​ក្រុង​ប៉េកាំង​គោរព​សិទ្ធិ​តំណាងរាស្ត្រ​គាំទ្រ​ឯករាជ្យ​ហុងកុង ក្រោយ​សភា​ប្រជាជន​ចិន ហាម​សមាជិកសភា​ទាំងនោះ ចូលកាន់​តំណែង​របស់​ខ្លួន​។​

 
​នា​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​លូកដៃ​ចូល​កាន់តែ​ជ្រៅ​ចូល​កិច្ចការ​របស់​តំបន់​ស្វយ័ត​ហុងកុង តាមរយៈ​ការបកប្រែ​ច្បាប់​ហុងកុង​ដែល​ហាមឃាត់​សមាជិកសភា​គាំទ្រ​ឯករាជ្យ​ពី​ការស្បថ​ចូលកាន់​តំណែង​។ ការ​លូកដៃ​កកូរកកាយ​របស់​ក្រុង​ប៉េកាំង ក៏បាន​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ឯណោះ ព្រួយបារម្ភ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គោរព​សិទ្ធិ​សម្រេច​របស់​ប្រជាជន​ហុងកុង​ផងដែរ​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ការអំពាវនាវ​របស់​កោះ​តៃវ៉ាន់ ធ្វើឡើង​បន្ទាប់ពី​សភា​ប្រជាជន​ចិន បាន​បកប្រែ​ច្បាប់​មូលដ្ឋាន​ដែលជា​ធម្មនុញ្ញ​របស់​ហុងកុង ដោយបាន​រារាំង​សមាជិកសភា​ហុងកុង​មាន​និន្នាការ​ប្រកាស​ឯករាជ្យ​ពីររូប មិន​ឲ្យ​ចូល​ស្បថ​កាន់តំណែង​បាន​។ ការរារាំង​នេះ គឺជា​ការអន្តរាគមន៍​ដោយផ្ទាល់​ក្នុង​កិច្ចការ​ហុងកុង ចាប់តាំងពី​ចិន​បាន​ស្វ័យភាព​ដល់​ក្រុង​មួយ​នេះ​ក្នុង​ឆ្នាំ​១៩៩៧ ។​
 
​លោក Yang Chia-liang អ្នកនាំពាក្យ​គណបក្សកាន់អំណាច DPP និយាយថា រដ្ឋាភិបាល​ចិន និង​ហុងកុង គួរ​ស្ដាប់​បំណងប្រាថ្នា​របស់​ប្រជាជន​ហុងកុង ដែល​ចង់បាន​ប្រជាធិបតេយ្យ​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា គណបក្ស DPP និង​ប្រជាជន​តៃវ៉ាន់ តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​របៀប​ដែល​ក្រុង​ប៉េកាំង​ដោះស្រាយ​ជាមួយ​ស្ថានការណ៍​នៅ​ហុងកុង ហើយក៏​គាំទ្រ​សិទ្ធិ​ប្រជាជន​ហុងកុង​ក្នុងការ​ជ្រើសរើស​តំណាង​របស់ខ្លួន​ដែរ​។  
 
​ច្បាស់​ណាស់​ថា ការអធិប្បាយ​ទាក់ទង​កិច្ចការ​ហុងកុង​របស់​កោះ​តៃវ៉ាន់ ពិតជា​បញ្ឆេះ​កំហឹង​ក្រុង​ប៉េកាំង​មិន​ខាន​។ តាំងពីដើម​មក ចិនដីគោក មិនដែល​ទទួលស្គាល់​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​ឡើយ និង​តែងតែ​ចាត់ទុក​កោះ​មួយ​នេះ ជា​ខេត្ត​មួយ​របស់ខ្លួន​រហូតមក​។ មិនតែប៉ុណ្ណោះ ក្រុង​ប៉េកាំង ក៏​ធ្លាប់​ប្រកាស​ហើយ​ថា ខ្លួន​មិន​រួញរា​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ដណ្ដើម​កោះ​តៃវ៉ាន់​មកវិញ​ឡើយ​។​
 
​សូមបញ្ជាក់ថា ចក្រភព​អង់គ្លេស បានប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ក្នុង​ឆ្នាំ​១៩៩៧ ។ យ៉ាងណាក្ដី ចិន​បាន​បង្កើត​ប្រព័ន្ធ​នយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ដើម្បី​គ្រប់គ្រង​ក្រុង​ហុងកុង​។ ពោលគឺ​ហុងកុង​ទទួលបាន​ស្វ័យភាព​យ៉ាង​ទូលាយ លើ​កិច្ចការ​តុលាការ ហិរញ្ញវត្ថុ និង​រដ្ឋបាល ហើយ​ចិន​ទទួលបន្ទុក​កិច្ចការ​យោធា និង​ការងារ​ការបរទេស​ជំនួស​ហុងកុង​វិញ​៕    

Tag:
 ចិន​
  ហុងកុង​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com