អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​អឺរ៉ុប​ថា ខ្លួន​មិនអាច​ពឹង​លើ​អាមេរិក​រហូត​ឡើយ ក្រោយ​លោក ត្រាំ ឈ្នះឆ្នោត​
10, Nov 2016 , 8:19 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប Jean-Cluade Juncker (រូបភាព Xinhua)
ប្រធានគណៈកម្មការអឺរ៉ុប Jean-Cluade Juncker (រូបភាព Xinhua)
​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker លើកឡើងថា អឺរ៉ុប​គួរតែបង្កើត​ទ័ព​ដោយ​ខ្លួនឯង និង​មិនអាច​ទុកចិត្ត​ការធានា​ការពារ​សន្តិសុខ​ពី​សំណាក់​អាមេរិក​ឡើយ​។ ប្រធាន​គណៈកម្មាការ​អឺរ៉ុប លើកឡើង​ដូចនេះ ក្រោយពេល​សេដ្ឋី ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​អាមេរិក ហើយ​លោក​ក៏មាន​គោលនយោបាយ​តឹងតែង​ចំពោះ​សម្ព័ន្ធ​យោធា​ណា​តូ ដែលជា​អ្នកការពារ​សន្តិសុខ​អឺរ៉ុប​ដ៏​ធំ​។​



​គេ​ប្រហែលជា​ចាំ​មិន​ភ្លេច​ឡើយ​គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ចំពោះ​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ លោក ដូ​ណា​ល់ ត្រាំ មាន​និន្នាការ​បន្ថយ​ការចំណាយ​និង​ការពារ​ក្រុម​ប្រទេស​ណា​តូ និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​។ លោក​ធ្លាប់​អះអាងថា ក្រុម​ប្រទេស​សមាជិក​ណា​តូ ត្រូវ​បង់​វិភាគទាន​ឲ្យ​គ្រប់គ្រាន់​តាម​ការកំណត់​នៅក្នុង​សន្ធិសញ្ញា បើសិនជា​ចង់​ឲ្យ​អាមេរិក​ការពារ​ពេល​មាន​បញ្ហា​សន្តិសុខ​។​

​នៅពេលនេះ មេដឹកនាំ​អឺរ៉ុប ទំនងជា​ភ័យព្រួយ​ខ្លាំង​ហើយ​ជុំវិញ​សុវត្ថិភាព​របស់​អឺរ៉ុប ក្រោយពេល​លោក ដូ​ណា​ល់ ត្រាំ ឈ្នះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា​។ ទាក់ទង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker និយាយថា អឺរ៉ុប គួរតែមាន​កងទ័ព​ផ្ទាល់ខ្លួន ជាជាង​ពឹងផ្អែក​ខ្លាំង​លើ​កម្លាំង​អាមេរិក ដែល​មិន​ច្បាស់លាស់​នោះ​។

​ដោយ​លើកឡើង​ពី​ការ​គំរាម​ពី​សំណាក់​ក្រុម​ភេរវកម្ម​លើ​សន្តិសុខ​អឺរ៉ុប ប្រធាន​គណៈកម្មការ​រូបនេះ​បញ្ជាក់ដែរថា សហភាព​អឺរ៉ុប គួរតែ​ផ្ដល់នូវ​ការការពារ​ចាំបាច់​ដល់​ប្រជាជន​របស់ខ្លួន​។ ថ្លែង​ទៅកាន់​កម្មវិធី​មួយ​ក្នុង​ក្រុង​បែរ​ឡាំង លោក Juncker បញ្ជាក់​ច្បាស់​ថា​៖ «​យើង​ត្រូវការ​សន្តិសុខ​ថែមទៀត​សម្រាប់​អឺរ៉ុប មិនមែន​តែ​ការប្រឆាំង​ភេរវកម្ម​មួយ​មុខ​ទេ តែ​យើង​ក៏ត្រូវ​ការ​ការរៀប​ចំក​ង​ទ័ព​ការពារ​អឺរ៉ុប​ដែរ​»​។​

«​យើង​ពិតជា​ត្រូវការ​កងទ័ព​ណាស់​។ លទ្ធផល​នៃ​ការបោះឆ្នោត​អាមេរិក​បង្ហាញថា អាមេរិក នឹងមិន​ការពារ​អឺរ៉ុប​រហូត​ទេ​។ យើង​ត្រូវធ្វើ​ដោយ​ខ្លួនឯង​។ ដូច្នេះ​នេះ​ជា​អ្វីដែល​យើង​ត្រូវការ​ដំណោះស្រាយ​ថ្មី ដើម្បី​ការពារ​សន្តិសុខ​អឺរ៉ុប ដោយ​រួមទាំង​ការបង្កើត​កងទ័ព​អឺរ៉ុប​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្សី RT ជុំវិញ​ការទទួល​ជ័យជម្នះ​របស់លោក ត្រាំ និង​គំនិត​នៃ​ការបង្កើត​ទ័ព​អឺរ៉ុប​។

​ខណៈ​នេះ ការប្រឈមមុខ​ជាមួយ​រុស្សី កាន់តែ​ឡើងក​ម្ដៅ​នោះ សហភាព​អឺរ៉ុប បាន​បញ្ជូន​កងកម្លាំង​ជាច្រើន​ទៅកាន់​ព្រំដែន​ជាមួយ​រុស្សី​។ ហើយ​កងទ័ព​អាមេរិក ដែលជា​ស្នូល​សំខាន់​នៃ​សម្ព័ន្ធ​យោធា​ណា​តូ គឺជា​កម្លាំង​សំខាន់​នៃ​ការពង្រាយ​យោធា ដើម្បី​ទ​ប​ទល់​កងកម្លាំង​ជាង​បី​សែន​នាក់​របស់​រុស្សី​។ យ៉ាងណាក្ដី ការជាប់ឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ បង្កើតជា​កង្វល់​ជុំវិញ​វត្តមាន​របស់​កងទ័ព​អាមេរិក​នៅ​អឺរ៉ុប ដ្បិត​លោក ត្រាំ ចង់​ឲ្យ​អឺរ៉ុប​បង្កើន​ប្រាក់ឧបត្ថម្ភ​ដល់​ណា​តូ​នោះ​៕  


Tag:
 ​អាមេរិក​
  អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com