អន្តរជាតិ
ស៊ី ជិន​ពីង សាទរ ដូ​ណា​ល់ ត្រាំ និង​រំពឹងថា ទំនាក់ទំនង​ចិន​-​អាមេរិក នឹង​កាន់តែ​ប្រសើរ
10, Nov 2016 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា បាន​ផ្ញើ​សារ​អបអរសាទរ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ។ នៅក្នុង​សារ​នោះ ប្រធានាធិបតី​ចិន​និយាយថា លោក​រំពឹង​ធ្វើការ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ចិន​-​អាមេរិក ដោយ​ផ្ដើម​ពី «​ចំណុច​ចាប់ផ្ដើម​ថ្មី​» ។​



​បើទោះជា​ចិន និង​អាមេរិក ជា​គូប្រជែង​លើ​ឆាក​អន្តរជាតិ​ក៏ដោយ មេដឹកនាំ​កំពូល​ចិន ក៏បាន​បង្ហាញ​ការ​សាទរ​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ ដែល​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​មហាអំណាច​ទីមួយ​របស់​ពិភពលោក​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និយាយថា ចិន​-​អាមេរិក ត្រូវ​ទទួលខុសត្រូវ​លើ​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​ពិភពលោក ព្រមទាំង​ការជំរុញ​ការអភិវឌ្ឍ​សកលលោក ដ្បិត​ភាគី​ទាំងពីរ ក៏មាន​ផលប្រយោជន៍​រួមគ្នា​ដែរ​។​

​យោងតាម​សារព័ត៌មាន​ចិន China Daily ក្នុង​សារ​អបអរ​ផ្ញើ​ទៅ​ឲ្យ​លោក ត្រាំ ប្រធានាធិបតី​ចិន​បន្តថា លោក​ឲ្យ​តម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ចិន​-​អាមេរិក ហើយ​លោក នឹង​រង់ចាំ​ធ្វើការ​ជាមួយ​លោក ត្រាំ ដើម្បី​ពង្រីក​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ទាំងអស់ ទាំង​កម្រិត​ទ្វេភាគី កម្រិត​តំបន់ និង​ពិភពលោក​។ លោក​បញ្ជាក់ថា​៖ «​ទំនាក់ទំនង​នេះ ពឹង​ផ្អែកលើ​គោលការណ៍​មិន​បង្កជម្លោះ មិន​ប្រឈមមុខ គោរព​គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ 

​នៅក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​៩ ខែវិច្ឆិកា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang ក៏​អះអាង​ដែរ​ថា ក្រុង​ប៉េកាំង​នឹងធ្វើ​ការ​ជាមួយ​រដ្ឋបាល​ថ្មី​ក្រុង​វ៉ាស៊ីនតោន ក្រោយពេល​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ផ្លូវការ​នៅ​ខែមករា ឆ្នាំ​២០១៧​។ អ្នកនាំពាក្យ​ដដែល​បន្តថា ចិន និង​អាមេរិក នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដែល​កំពុង​រីកចម្រើន​ស្រាប់ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ និង​ពិភពលោក​ដែរ​។​

​កាលពី​អំឡុងពេល​យុទ្ធនា​ការរក​សំឡេងឆ្នោត លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ប្រកាស​កំណត់​ពន្ធ​នាំចូល​៤៥​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន ព្រមទាំង​ទាមទារ​ឲ្យ​ចិន​ផ្ដល់​សម្បទាន​ផ្នែក​សេដ្ឋកិច្ច​ដល់​អាមេរិក​ទៀតផង​។ គោលនយោបាយ​បែបនេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ទំនាក់ទំនង​អាមេរិក និង​ចិន អាច​ប្រឈមមុខ​ស្ថាន​ភាពមិនច្បាស់លាស់ ដ្បិត​លោក ត្រាំ ហាក់​មិនមាន​និន្នាការ​ស្រប​ជាមួយ​ចិន​ឡើយ​។​

​អាមេរិក និង​ចិន ត្រូវបាន​ចាត់ទុកជា​តួអង្គ​សំខាន់​ក្នុង​កិច្ចការ​ពិភពលោក​បច្ចុប្បន្ននេះ​។ ប៉ុន្តែ​មហា​ប្រទេស​ទាំងពីរ នៅ​បន្ត​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន ដែលជា​ការព្រួយបារម្ភ​របស់​ប្រទេស​ដទៃទៀត​។ ហើយ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន ក៏​ជា​កូនសោរ​សម្រាប់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ពិភពលោក​ផងដែរ​៕


Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com