អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដល់ពេល​អឺរ៉ុប​ម្ចាស់ការ​ខ្លួនឯង ពេល​លោក ដូ​ណា​ល់ ត្រាំ ដឹកនាំ​អាមេរិក​
11, Nov 2016 , 10:19 pm        
រូបភាព
​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក ចាប់ពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​នៅក្នុង​ការសម្រេច​ចុងក្រោយ​របស់​ប្រតិភូ​តំណាង​ដែល​នឹង​បោះឆ្នោត​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ។ មនុស្ស​មិនតិច​ទេ​ភ្ញាក់ផ្អើល​ជ័យជម្នះ​របស់លោក ត្រាំ ហើយ​ក៏មាន​មនុស្ស​មិនតិច​ដែរ មិន​ពេញចិត្ត​គោលនយោបាយ​ចម្រូងចម្រាស​របស់លោក​។ សហភាព​អឺរ៉ុប ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក ដូចជា​ជ្រួលច្របល់​ជាងគេ​។ ហេតុអ្វី​បានជា​អឺរ៉ុប​ត្រូវ​បារម្ភ​ចំពោះ​រឿងនេះ​?



​លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា លោក ដូ​ណា​ល់ ត្រាំ ដែល​គ្មាន​ជំនាញ​នយោបាយ ចេះតែ​ក្បួន​រកស៊ី បាន​ផ្ដួល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ជោគជាំ​ដោយ​បទពិសោធន៍​នយោបាយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ជ័យជម្នះ​របស់លោក ត្រាំ លើក​ឡើងជា​សំណួរ​ជាច្រើន​ពាក់ព័ន្ធ​គោលនយោបាយ​របស់លោក ជាពិសេស​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​តែម្ដង​។ លោក​ចង់​ឲ្យ​ប្រទេស​អឺរ៉ុប​គោរព​កិច្ចព្រមព្រៀង ដោយ​បង់ថ្លៃ​ពីរ​ភាគរយ​នៃ GDP សម្រាប់​ណា​តូ ដែល​រឿង​ហើយ​ធ្វើ​ឲ្យ​បណ្ដា​មេដឹកនាំ​អឺរ៉ុប​ជ្រួលច្រាល់​ខ្លាំង​។​

​តំបន់​អឺរ៉ុប កំពុង​ប្រឈមមុខ​នឹង​ការ​វាតទី​របស់​រុស្សី ហើយ​វត្តមាន​ពេញលេញ​នៃ​កម្លាំង​អាមេរិក ដែលជា​ស្នូល​នៃ​សម្ព័ន្ធ​យោធា​ណា​តូ ពិតជា​ដើរតួ​សំខាន់​ណាស់​។ ប្រទេស​អឺរ៉ុប​តែឯង​មិនអាច​ទប់ទល់​នឹង​កម្លាំង​រុស្សី​បានឡើយ តែ​អឺរ៉ុប​ទាំងមូល​រួមបញ្ចូល​កម្លាំងយោធា​អាមេរិក​ទៀត​នោះ ពិតជា​អាច​ថ្លឹងថ្លែង​នឹង​អំណាច​យោធា​របស់​រុស្សី​បាន​។ យ៉ាងណាក្ដី លោក ដូ​ណា​ល់ ត្រាំ មាន​ជំហរ​ងាក​ទៅ​ពង្រឹង​សម្ព័ន្ធ​ភាពរឹងមាំ​ជាមួយ​រុស្សី ដែល​អាចធ្វើ​ឲ្យ​អាមេរិក​ដកឃ្លា​ពី​អឺរ៉ុប​បាន​។​

​បន្ទាប់ពី​ដឹងថា លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​អ្នក​កាច់ចង្កូត​នាវា​អាមេរិក​ទៅហើយនោះ គេ​មិនដឹង​នាវា​ដ៏​ធំ​នេះ​នឹង​តម្រង់ទិស​ទៅណា​ច្បាស់​ដែរ​។ ជាមួយ​ប្រធានាធិបតី​ថ្មី ដែល​ទាំង​គ្មាន​បទពិសោធ​នយោបាយ ទាំង​មាន​អាកប្បកិរិយា​មិន​សមរម្យ អាមេរិក​នឹង​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​មួយ ដែល​អាចបង្កើត​ជាការ​ផ្លាស់ប្ដូរ​ដ៏​ធំ​សម្រាប់​បរិបទ​ពិភពលោក​។​

​មិន​ត្រឹមតែ​គំរាម​ដកខ្លួន​ចេញពី​សម្ព័ន្ធ​យោធា​ឡើយ សូម្បីតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួម​រវាង​អាមេរិក និង​អឺរ៉ុប ក៏​ប្រឈមមុខ​នឹង​ហានិភ័យ​ដែរ​។ កិច្ចព្រមព្រៀង​នេះ ត្រូវ​រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ឆ្នាំ​ក្រោយនេះ ប៉ុន្តែ​ការជាប់ឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ បង្ក​ជាការ​សង្ស័យថា កិច្ចព្រមព្រៀង​នេះ​អាច​នឹងត្រូវ​ចុះហត្ថលេខា​តាម​ការគ្រោងទុក ឬ​យ៉ាងណា​នោះឡើយ​។​

​តាមពិតទៅ ការមិន​ពេញចិត្ត​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ​អន្ត​រអា​ត្ល​ង់​ទិ​ករ​វាង​អាមេរិក នឹង​អឺរ៉ុប (TTIP) ក៏​មិន​លេចចេញ​នា​រយៈពេល​ចុងក្រោយ​នេះដែរ​។ សមាជិក​អឺរ៉ុប​ផ្ទាល់ ដូចជា​បារាំង និង​អាល្លឺម៉ង់ មិន​គាំទ្រ​កិច្ចព្រមព្រៀង​នេះឡើយ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​អង់គ្លេស​បាន​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ទៅទៀត​។ ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស បង្កើតជា​ភាពមិនច្បាស់លាស់​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រួមគ្នា​នេះ ដ្បិត​លោក ត្រាំ ធ្លាប់​អះអាងថា លោក​ប្រហែលជា​ចរចា​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​វិញ​។​

​តាំងពីដើម​មក​នោះ ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ មិនមាន​ជំហរ​នៅ​ពីក្រោយ​អឺរ៉ុប​ឡើយ​។ លោក​គាំទ្រ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ហើយ​ថែមទាំង​អញ្ជើញលោក Nigel Farage ជា​អ្នកគាំទ្រ​ការចាកចេញ ឲ្យ​ចូលរួម​យុទ្ធនាការ​របស់លោក​ទៅទៀត​។ នេះ​ក៏​ដោយសារតែ​លោក​មាន​និន្នាការ​គាំពារ​និយម ចូលចិត្ត​នយោបាយ​បិទទ្វារ​សេដ្ឋកិច្ច​ខ្លួនឯង និង​អនុវត្ត​គោលការណ៍​ឯករាជ្យ​ផងដែរ​។

​ទាំងនេះ​មានន័យថា អឺរ៉ុប​មិន​ស្ថិតក្នុង​ក្រសែភ្នែក​អាមេរិក​ទៀតឡើយ ហើយ​យ៉ាងហោចណាស់​ក៏​ក្នុង​រយៈពេល​បួន​ឆ្នាំ​នៃ​អាណត្តិ​ដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ ដែរ​។ ការ​ងាក​ទៅ​រឹតចំណង​ជាមួយ​រុស្សី នឹងធ្វើ​ឲ្យ​អា​មេ​រិ​ឃ្លាតឆ្ងាយ​ពី​អឺរ៉ុប ហើយ​បើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួមគ្នា​ត្រូវ​លុបចោល​ទៀត​នោះ អាមេរិក និង​អឺរ៉ុប កាន់តែ​ងាក​ចេញពី​គ្នា​ទៅ​ដែរ​។

​ទន្ទឹមគ្នានេះ បណ្ដា​មេដឹកនាំ​អឺរ៉ុប​ហាក់ដូចជា​ដឹង​ហើយ​ថា វា​ដល់ពេល​ត្រូវ​ម្ចាស់ការ​ខ្លួនឯង ជាជាង​ពឹង​ផ្អែកលើ​អាមេរិក​ហើយ​។ ការពឹងផ្អែក​ខ្លាំង​លើ​អាមេរិក ជាពិសេស​លើ​វិស័យ​យោធា​ដើម្បី​ទប់ទល់​រុស្សី ធ្វើ​ឲ្យ​អឺរ៉ុប​ខ្លួនឯង​ទន់​ដៃជើង និង​មិនបាន​ត្រៀមខ្លួន​ក្នុងករណី​អាក្រក់​ឡើយ ដ្បិត​អឺរ៉ុប​មិនដែល​គិតថា អាមេរិក​ដកខ្លួន​ចេញ​ដោយ​ងាយ​នោះទេ​។ មាន​មេដឹកនាំ​អឺរ៉ុប​ខ្លះ​ថែមទាំង​អះអាងថា ជីវិត​ពេលនេះ នឹង​កាន់តែ​លំបាក​ហើយ​៕


Tag:
 ​អឺរ៉ុប​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com