ជាតិ
ក្រុមហ៊ុន Hodo គ្រោង​បើកហាង​លក់​សំលៀកបំពាក់​នៅ​កម្ពុជា​
19, Nov 2016 , 1:30 pm        
រូបភាព
​ចិន​៖ ក្រុមហ៊ុន Hodo ដែលជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​អ៊ូ​ហ្ស៊ី ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន គ្រោង​បើក​លក់​សំលៀកបំពាក់​ដែលជា​ផលិតផល​ពី​ក្រុមហ៊ុន ដាក់លក់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ គួរ​បញ្ជាក់ថា ក្រុមហ៊ុន Hodo បាន​ចូលមក​វិនិយោគ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន​១១​ហិកតា កាលពី​ឆ្នាំ​២០០៨​កន្លងមក​។​



​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Hodo លោក Jack Chen បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​បាន​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​ពី​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី​១៥ វិច្ឆិកា ដើម្បី​សិក្សា​គម្រោង​បង្កើត​ហាង​លក់​សំលៀកបំពាក់​នៅ​កម្ពុជា​។ ចំពោះ​ហាង​សំលៀកបំពាក់​នេះ ត្រូវបាន​លោក Jack Chen អះអាងថា ក្រុមហ៊ុន​នឹង​នាំយក​ផលិតផល​វាយ​ន​ភណ្ឌ ដែលជា​ការ​រចនា​ម៉ូត​(Brand)​ចេញពី​ក្រុមហ៊ុន Hodo របស់លោក​ផ្ទាល់​តែម្ដង ដើម្បី​ដាក់លក់​ទៅតាម​តម្លៃ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។

​ថ្លែងប្រាប់​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​បាន​ទស្សនកិច្ច​ក្នុង​ក្រុមហ៊ុន​Hodo នៅ​ប្រទេស​ចិន​នោះ ប្រធាន​ក្រុមប្រឹក្សាភិបាល​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ក្រុមការងារ​ជំនាញ​របស់​ក្រុមហ៊ុន Hodo ខាង​បើកហាង​របស់​យើងខ្ញុំ​ទៅ​ទស្សនកិច្ច​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ពី​ទីតាំង​ថា តើ​យើង​គួរ​ជ្រើសរើស​ទីតាំងនៅ​កន្លែង​ណា ។ ហើយ​ចំពោះ​ប្រជាជន​កម្ពុជា​ចូលចិត្ត​អ្វី ដែល​ទាំងអស់នេះ​យើង​ត្រូវ​ការប្រមូល​ព័ត៌មាន​សិន មុននឹង​ចាប់ផ្ដើម​គម្រោង​នៅពេលណា ត្រូវការ​ចំណាយ​ដើមទុន​ប៉ុន្មាន ហើយ​តើ​វា​អាច​នឹង​ដំណើរការ​ទេ​»​។​

​ក្រុមហ៊ុន Hodo ដែលជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​អ៊ូ​ហ្ស៊ី ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន បាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៥៧ ដែល​ផ្ដោតលើ​អាជីវកម្ម​ចំនួន​៤ ក្នុងនោះ​រួមមាន ផ្នែក​ឧស្សាហកម្ម​សំលៀកបំពាក់​៥០​ភាគរយ ,​ផ្នែក​សំបក​កង ,​សុខាភិបាល​(​ផលិត​ថ្នាំពេទ្យ​) និង​ចលនទ្រព្យ​។

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Hodo បាន​ចូលមក​វិនិយោគ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន​១១​ហិកតា កាលពី​ឆ្នាំ​២០០៨​កន្លងមក​។ ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ ក្រុមហ៊ុន​Hodo បាន​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ លើ​ផ្ទៃដី​៥​ហិកតា​ហើយ ដែលមាន​ក្រុមហ៊ុន​បាន​ចូល​វិនិយោគ​ចំនួន​១៣៨​ក្រុមហ៊ុន ក្នុង​វិស័យ​ឧស្សាហកម្ម លើ​ផ្នែក​វាយ​ន​ភណ្ឌ កាបូប​ស្បែក ក្ដាប​ន្ទះ សំបក​កង់​និង​ពោះវៀន​កង់​ជាដើម​។ តាមរយៈ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ទាំងនេះ ក៏បានផ្ដល់​ការងារ​ដល់​ប្រជាជន​ជុំវិញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាង​៧០​ភាគរយ​ផងដែរ​៕


Tag:
 Hodo
  ​ចិន​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com