ជាតិ
លោក ច័ន្ទ សារុន ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ ដើម្បី​បន្ថយ​ការ​នាំចូល​បន្លែ​ពី​វៀតណាម​
19, Nov 2016 , 9:19 pm        
រូបភាព
លោកទេសរដ្ឋមន្រ្តី ចាន់ សារ៉ុន ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតនៅខេត្តតាកែវ
លោកទេសរដ្ឋមន្រ្តី ចាន់ សារ៉ុន ផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតនៅខេត្តតាកែវ
ដោយ:
​ភ្នំពេញ​៖ លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​ប្រជាកសិករ ដាំ​ដំណាំ​លើដី​ស្រែ បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​រួច​។ ការដាំ​ដំណាំ​បន្ទាស់​លើដី​តែមួយ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ដី​មាន​ជីវជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏អាច​ផ្គត់​ផ្ត​ង់​តម្រូវការ​បន្លែក្នុងស្រុកបាន​ដែរ ខណៈ​បន្លែ​ពី​វៀតណាម​កំពុង​វាយលុក​ខ្លាំង ក្នុង​ទីផ្សារ​កម្ពុជា​។​



​លោក​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន មានប្រសាសន៍ថា ការដាំ​ស្រូវ​តែមួយ​មុខ មិនបាន​ផ្តល់​ផល ដល់​កសិករ​ច្រើន​ឡើយ ផ្ទុយទៅវិញ ប្រសិនបើ​កសិករ​នាំគ្នា​ដាំ​បន្លែ បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​នោះ ដី​ក៏​កាន់តែ​ល្អ​។ លោក ច័​ន្ធ​សារ៉ុន ពន្យល់ថា​បន្លាស់​ដំណាំ លើដី​តែមួយ គឺ​ធ្វើ​ឲ្យ​ដី​កាន់​តែមាន​ជីជាតិ​ល្អ និង​ធ្វើ​ឲ្យ​ដំណាំ​ទទួលបាន​ទិន្នផល​ខ្ពស់​។

​បន្ថែម​ពីនេះ លោក​ថា បន្លែ​មួយចំនួន មានតម្លៃ​ថ្លៃ​ជាង​ស្រូវ និង​ងាយ​ថែទាំ ដែល​អាចជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​។ លោក​លើក​ឧទាហរណ៍ ថា មាន​កសិករ​នៅ​ស្រុក​ត្រាំកក់​ម្នាក់​បាន​ដាំ​ខ្ទឹម​ក្នុង​មួយថ្ងៃ បាន​១៥​គីឡូក្រាម យកទៅ​ហាង​គុយទាវ ដែល​អាច​រកចំណូលបាន​ច្រើន​សម្រាប់​ចិញ្ចឹម​គ្រួសារ​។  

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ ដោយ​ស្រង់​ការលើកឡើង​របស់ លោក យង់ សាំង កុមារ ទីប្រឹក្សា​ជាន់ខ្ពស់​អង្គការ​សេ​ដាក ដែល​ធ្លាប់​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​បាន​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ប្រហែល​៨០​ភាគរយ ខណៈដែល​ពលរដ្ឋ​កម្ពុជា​អាច​ផលិត​បន្លែ​បានត្រឹមតែ​ជាង​២០​ប៉ុណ្ណោះ​។  

​ការ​ថ្លែង​របស់លោក​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន  គឺធ្វើឡើង​នៅក្នុង ទិវា​ស្រែ ស្តីពី​៖«​ការជំរុញ​ការធ្វើ​ស្រែ​តាមបែប​ប្រពលវប្បកម្ម ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​» ដែល​រៀបចំ​ដោយ​អង្គការ​សេ​ដាក នៅ​ភូមិ​ត្បែង​ទទឹង ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា​។

​សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​លោក​ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ដូចតទៅ​៖           






Tag:
 ​ច័ន្ទ សារ៉ុន​
 ​ កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com