ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ឡាន​ត​ទ្រុង ដើម្បី​…
21, Nov 2016 , 11:06 am        
រូបភាព
 
​ភ្នំពេញ​៖ ពី​ពិធី​បើកសម្ពោធ​ផ្លូវជាតិ​លេខ​៧៦ ត​ភ្ជាប់​រវាង​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ឡាន​ធុន​ធ្ងន់ ដែល​កែច្នៃ​ត​ទ្រុង​ខុស​ទម្រង់​ដើម​នោះ យកមក​រក្សាទុក ឫ​កាត់​ផ្នែក​ណាមួយ​នៃ​ទ្រុង​នោះ​ចោល ដើម្បី​បញ្ចៀស​ការបំផ្លាញ​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្គាប់​យ៉ាង​ដូច្នេះ​ថា​៖« បាន​ផ្លូវ​ហើយ កុំ​បំផ្លាញ​ផ្លូវ​ចោល តាមរយៈ​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​។ រឿងនេះ​មិនមែនជា​រឿង​ថ្មី​ទេ ប៉ុន្តែ​ភ្លេចខ្លួន​ជំងឺ​ចាស់​វា​រើ រឿង​ដឹក​លើស​ទម្ងន់​ម្ខាង​ហើយ តែ​រឿង​ឡាន​ត​ទ្រុង​…​ឥឡូវ​ចាប់​កាត់​(​ផ្នែក​ទ្រុង​)​តទៅទៀត មិនទាន់​កាត់​មិន​ឲ្យ​បើក​លើផ្លូវ ។ វា​មិនដែល​ឡាន​គេ​ធ្វើ​ស្ដង់ដា​ពី​រោងចក្រ​មក​១២​ម៉ែត្រ តែ​យកទៅ​ត​១៥​ម៉ែត្រ​វា​ខុស​ក្បួន វា​គ្រោះថ្នាក់​…​។ ឥឡូវ​ចាប់​ឲ្យ​អស់​ប្រមូល​ឡាន​ទាំងនេះ កុំ​ឲ្យ​មាន​លើផ្លូវ សហការ​ជាមួយ​នគរបាល ដើម្បី​ប្រមូល​ឡាន​នេះហើយ​យកទៅ​កាត់​។ បើ​មិន​កាត់​ទេ ទុកចោល​តែម្ដង កុំទៅ​ធ្វើ​ខ្វល់​។ មក​បំផ្លាញ​ផ្លូវ​យ៉ាងម៉េច​»​។​
 
​គួរ​បញ្ជាក់ថា នៅតាម​ដងផ្លូវ​មួយចំនួន​ដែលមាន​ការស្ថាបនា​ហេ​ដ្ឋា​រចនាសម្ព័ន​ហើយ​នោះ តែងតែ​រង​ការ​ខូច​ផ្លូវ​វិញ ដោយសារតែ​ការបើកបរ​ល្មើស​ដោយ​រថយន្ត​លើស​ទម្ងន់​កំណត់ និង​រថយន្ត​ត​ទ្រុង​ជាដើម ដែល​បង្ក​អ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ផងដែរ​៕
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com