ជាតិ
ក្រសួងសុខាភិបាល​កាន់តែ​បាត់បង់​ទំនុកចិត្ត​ដោយសារ​ការ​ប្រហែស​លើ​ការរកឃើញ​វីរុស​ហ្ស៊ី​កា​
22, Nov 2016 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងពេល​តែមួយ​ថ្ងៃ ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពីរ​ផ្សេងគ្នា បញ្ជាក់​ពី​ការរកឃើញ និង​បដិសេធ​នៃ​វត្តមាន​វីរុស​ហ្ស៊ី​កា ដែល​ឆ្លងតាម​សត្វ​មូស និង​តាម​ការ​រួមភេទ​។ ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ថ្លែងថា ក្រសួងសុខាភិបាល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ទំនុកចិត្ត​ពី​មហាជន​ខ្មែរ ហើយ​ថា ក្រសួង​មិនអាច​យក​បញ្ហា​សុខភាព​មកលេង​សើច​បា​ន​នោះឡើយ​។​



​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សៅរ៍​បានស្នើ​ឲ្យ​ក្រសួងសុខាភិបាល បង្កើន​ការប្រយ័ត្នប្រយែង​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​នានា​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​នៃ​ជំងឺឆ្លង ដើម្បី​បញ្ចៀស​ការភ័ន្តច្រឡំ​ក្នុងចំណោម​សាធារណជន​ខ្មែរ​។​

​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​សាធារណជន​ថា មានការ​រកឃើញ​មេរោគ ឬ​វីរុស​ហ្ស៊ី​កា (Zika) នៅក្នុង​ឈាម​បុរស​ម្នាក់​អាយុ​៤៤​ឆ្នាំ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ក្រសួង​បាន​លើកឡើងថា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានបញ្ជាក់​ការរកឃើញ​មេរោគ​នេះ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា​។​

​ប៉ុន្តែ​នៅក្នុង​ថ្ងៃ​សុក្រ​ដដែល​នោះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផ្សេងទៀត ធ្វើការ​កែតម្រូវ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ដោយ​អះអាងថា កម្ពុជា​មិនមាន​ករណី​ជំងឺ​ហ្ស៊ី​កា​នៅ​ខេត្តកំពង់ចាម​នោះទេ​។​

​ក្រសួងសុខាភិបាល​បាន​ពន្យល់​នៅក្នុង​សេចក្តីប្រកាស​លើក​ទី​ពីរ​របស់ខ្លួន​ថា​៖ «​មួយ​ម៉ោង​ក្រោយពី​ក្រសួង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ករណី​វិជ្ជមាន​ហ្ស៊ី​កា​នៅ​ខេត្តកំពង់ចាម តាមរយៈ​ការធ្វើ​វិភាគ​មន្ទីរពិសោធន៍​តាម​ដំណាក់កាល​បន្តបន្ទាប់​គ្នា ដើម្បី​បញ្ជាក់​ពី​ភាព​វិជ្ជមាន​ដែល​បានឃើញ​នៅ​ការវិភាគ​លើកទីមួយ​នោះ ក្រសួងសុខាភិបាល​បានទទួល​ព័ត៌មាន​ពី​លទ្ធផល​ពិនិត្យ​បន្ត​លើក​ទី​ពីរ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បានបញ្ជាក់​ច្បាស់​ថា ករណី​ដែលថា​មាន​វិជ្ជមាន​វីរុស​ហ្ស៊ី​កា​លើ​បុរស​ម្នា​ក់នៅ​ខេត្តកំពង់ចាម​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ​»​។​

​លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីល​ការ ដែល​ធ្វើការ​ឃ្លាំមើល​គោលនយោបាយ​សាធារណៈ​នៅ​កម្ពុជា បាន​ប្រាប់ VOA កាលពី​ថ្ងៃ​សៅរ៍​ថា ការចេញ​សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​នៃ​ការកើតមាន​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា​នេះ នឹង​បង្ក​ឲ្យ​មានការ​សង្ស័យ​ទៅលើ​សមត្ថភាព​របស់​ម​ន្ត្រី​សុខាភិបាល ក្នុងការ​បញ្ជាក់​ពី​ការចម្លង​មេរោគ​ដែល​ផ្តល់​ផលវិបាក​ដល់​ការ​ចម្រើន​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​។​

«​យើង​ចង់​ទុកចិត្ត​ទៅលើ​អ្វីដែល​គាត់​និយាយ ហើយ​ដែល​បាន​និយាយ​មក​ម្តង​មាន ម្តង​អត់​អញ្ចឹង​ដូចជា ធ្វើ​ឲ្យ​យើង​មាន​ចម្ងល់​ថា តើ​គាត់​ដឹង​អំពី​ស្ថានភាព​ទូទៅ​នៅក្នុង​ប្រទេស​ឬ​អត់ នេះ​សំណួរ​ដែល​យើងទាំងអស់គ្នា​មាន ហើយ​បើសិនណា​ជា​យើង​អត់​ទុកចិត្ត​គាត់ ឬមួយ​ក៏​យើង​មើលទៅ​ថា គាត់​និយាយ​វា​អត់​ត្រឹមត្រូវ​ទៅតាម​ការណ៍​ជាក់ស្តែង​ដែល​យើង​មាន អានោះ​ការណ៍​ដែល​លំបាក​បំផុត​នោះ​គឺ​វិធានការ ដើម្បី​ទប់ទល់​នោះ​អត់​មាន អញ្ចឹង​ទៅ​គោលនយោបាយ​ដើម្បី​ទប់ទល់​អត់​មាន ហើយ​ប្រជាពលរដ្ឋ ដែល​អត់​ដឹង​រឿង អត់​អាកា​រពារ​ខ្លួន​បាន ព្រោះ​យើង​ដឹង​ហើយ​អា​ហ្ស៊ី​កា​ហ្នឹង វា​ធ្វើ​ឲ្យ អ្នក​ដែល​ទំងន់​ហ្នឹង​អាចមាន​បញ្ហា​ក្នុងការ​កើតកូន​មក ដែល​វា​មិន​គ្រប់ទឹក មិន​គ្រប់​ដប់​»​។​

​លោកស្រី​ថ្លែងបន្តថា ក្រសួងសុខាភិបាល​ត្រូវមាន​សេចក្តី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការបញ្ចេញ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​វិធានការ និង​ការរកឃើញ​វីរុស​ដ៏​គ្រោះថ្នាក់​មួយ​នេះ​។​

«​ដូច្នេះ​ជា​រឿង​មួយ​សំខាន់​ដែល​យើង​ត្រូវការ​ក្រសួងសុខាភិបាល​ដែល​ការពារ​ផលប្រយោជន៍​ទូទៅ​ខាង​សុខមាលភាព​ប្រជាពលរដ្ឋ​ហ្នឹង​ធ្វើ​ម៉េច ឲ្យ​មាន​វិធានការ​ច្បាស់លាស់​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ត្រង់ ដើម្បី​រក​វិធានការ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មានការ​ទុកចិត្ត​»​។​

​លោកស្រី ធីតា ឃឹះ សង្កត់ធ្ងន់ថា មន្ត្រី​សុខាភិបាល​ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​កិច្ច​ការជំនាញ​របស់ខ្លួន ឲ្យ​ដូចនឹង​ការខិតខំ​ការពារ​មុខមាត់​នៃ​ជីវិត​នយោបាយ​របស់ខ្លួន​ផងដែរ​។ លោកស្រី​បន្ថែមថា បញ្ហា​សុខមាលភាព​របស់​ប្រជារាស្ត្រ ជា​បញ្ហាសំខាន់​ដែល​មន្ត្រី​សុខាភិបាល​មិនអាច​មើលស្រាល ឬ​ធ្វេសប្រហែស​បាន​នោះឡើយ​។​

​លោក យ៉ង គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព សំដែង​ការសោកស្តាយ ចំពោះ​ការសន្និដ្ឋាន​មិន​ប្រាកដប្រជា​របស់​ក្រសួងសុខាភិបាល អំពី​ការកើតមាន​ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា ដែល​នៅ​ជា​ក្តីបារម្ភ​របស់​ពិភពលោក​ចំពោះ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​។​

«​បាទ​នេះ​ជា​រឿង​មួយ​ដែល​យើង​មានការ​សោកស្តាយ បើសិនជា​ថា បើ​នៅ​កម្ពុជា បើ​យើង​គិត​ឃើញថា បញ្ហា​ដែល​បញ្ហា​សុខភាព​នេះ កាលណា​គេ​ប្រកាសថា មាន​ស្អី​មួយ​មេរោគ ដែល​វា​សាហាវ​កាច​សាហាវ​ហ្នឹង គេ​ត្រូវគេ ត្រូវ​ឆ្លង labor គេ​ត្រួតពិនិត្យ​សម្បើម​ណាស់​បាទ​។ កាលណា​គេ​ត្រួតពិនិត្យ​គេ​ធ្វើ​ហើយ គេ​ឃើញថា​វា​បញ្ហា​បាន​គេ​ប្រកាស បើ​អត់​បញ្ហា​រឿង​អី​ប្រកាស ព្រោះថា​ស្ថាន​ប័ន​រដ្ឋ​មិន​ធ្វើ​តែ​ក្រសួង​ម្នាក់ឯង​ឯណា មាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ផ្សេងៗ​ទៀត​របស់​អន្តរជាតិ​ទៀត​បាទ​»​។​

​លោក​បន្ថែមថា ក្រសួង​មិនអាច​ធ្វើការ​ស​ន្និ​ដា្ឋ​ន​ណាមួយ​ដោយ​គ្មាន​ការពិសោធន៍​ហ្មត់ចត់​នោះឡើយ ហើយ​ថា ការសន្និដ្ឋាន​ខុស​លើ​ករណី​ការឆ្លង​មេរោគ​នីមួយៗ នឹងធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​ចិត្ត​លើ​កិច្ចការ​របស់​ក្រសួង​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

«​បើ​ធ្វើ​អញ្ចឹង​គឺ​ប្រជាជន គឺ​គេ​អត់​ដឹងថា ទៅ​ជឿ​ម៉េច​បាទ ជឿ​ក្រសួង​ម៉េច​បាទ​។ នេះ​ជា​រឿង​មួយ​សំខាន់​ណាស់ បញ្ហា​សុខភាព​ជាទូទៅ បញ្ហា​ពេទ្យ បញ្ហា​អីហ្នឹង ប្រជាជន​គេ​ឈប់​ជឿ​ទៅហើយ​ឥឡូវ អា​រឿង​ជំងឺ​អី​ទាំង​ហ្នឹង កាលណា​យើង​ម្តង​ប្រកាសថា​មាន ម្តង​ប្រកាសថា​អត់ អញ្ចឹង​អាហ្នឹង​គឺ​ធ្វើ​ឲ្យ​មាន​បញ្ហា​ខ្លាំងណាស់​បាទ​»​។​

VOA មិនទាន់​អាច​សុំ​ការអធិប្បាយ​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានទេ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។​

​ក៏ប៉ុន្តែ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បានលើកឡើង​អំពី​សេចក្តីអំពាវនាវ​របស់​លោក ម៉ម ប៊ុនហេង អំពី​វិធានការ​ការពារ​ការឆ្លង​វីរុស​ហ្ស៊ី​កា ដែល​រួមមាន​ការបំបាត់​ជម្រក​មូស​ខ្លា ដោយ​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​ផ្ទះ ការពារ​កុំ​ឲ្យ​មានទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ និង​ការ​ស្លៀកពាក់​ខោជើងវែង អាវដៃវែង និង​ស្រោមជើង ធ្វើយ៉ាងណា​គ្របដណ្តប់​ភាគច្រើន​នៃ​រាងកាយ​ឲ្យ​ជិត​។ ចំពោះ​ស្ត្រី​ដែលមាន​ផ្ទៃពោះ និង​រោគសញ្ញា​នៃ​ការឆ្លង​វីរុស​ហ្ស៊ី​កា​ត្រូវ​មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​គ្រូពេទ្យ​ដែលមាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា មេរោគ​ដែល​ឆ្លងតាម​រយៈ​មូស​មួយ​នេះ ដំបូង​ឡើយ​ត្រូវបាន​គេ​មើលឃើញថា មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​នោះទេ ប៉ុន្តែ​ដោយសារតែ​មេរោគ​នេះ​រាលដាល​យ៉ាង​ឆាប់រហ័ស វា​បាន​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ និង​ធ្វើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​ការឆ្លង​ជំងឺ​ហ្ស៊ី​កា​នេះ បច្ចុប្បន្នកំពុង​ប៉ះពាល់​ដល់​ប្រជាជន​ក្នុង​ទ្វីបអាមេរិក​ខាងត្បូង ដែល​បណ្ដាល​ឲ្យ​មាន​ភាពខុសប្រក្រតី​នៃ​ការផ្តល់​កំណើត​ដល់​ទារក ជាពិសេស​ភាពមិនប្រក្រតី​ដែល​ប៉ះពាល់​ដល់​ការលូតលាស់​ជាធម្មតា​នៃ​ក្បាល​របស់​ទារក​។​

​វីរុស​នេះ​ក៏​ត្រូ​បាន​ចម្លង​តាមរយៈ​ការរួម​ភេទ ការបញ្ចូល​ឈាម ការឆ្លង​ពី​ម្តាយ​ទៅ​កូន ហើយក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចុះ​ខ្សោយ​នៃ​សាច់ដុំ និង​រោគ​ខ្វិន​ដៃជើង ដោយសារតែ​កោសិកា​ប្រសាទ​បាន​ខូចខាត​ដែល​គេ​ស្គាល់​ថា​ជា​អាការៈរោគ Guillain-Barre​។​ប្រទេស​សិង្ហ​បុរី​បាន​រាយការណ៍​អំពី​ករណី​នៃ​ការឆ្លង​មេរោគ​ហ្ស៊ី​កា​ជាង​២៤០​ករណី ខណៈពេលដែល​ប្រទេស​ម៉ាឡេស៊ី និង​ថៃ ក៏បាន​រាយការណ៍​អំពី​ការឆ្លង​មេរោគ​នេះ​ផងដែរ​។​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​កាសែត The Guardian នៅ​ចក្រភព​អង់គ្លេស  មាន​ប្រទេស​ចំនួន​ជិត​៣០​ប្រទេស បាន​រាយការណ៍​អំពី​វិកលភាព​ពី​កំណើត​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​មេរោគ​ហ្ស៊ី​កា ដោយ​ក្នុងនោះ មាន​ករណី​ទាក់ទង​នឹង​ភាពមិន​ដំណើរការ​បានល្អ​នៃ​ប្រព័ន្ធ​ប្រសាទ​ចំនួន​២១០០​ករណី ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បានកើត​មាននៅ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​តែម្នាក់ឯង​ប៉ុណ្ណោះ​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ឲ្យ​ដឹងថា រោគសញ្ញា​ទូទៅ​នៃ​ការឆ្លង​មេរោគ​ហ្ស៊ី​កា ហើយ​បណ្តាល​ឲ្យ​មាន​ជំងឺ​ហ្ស៊ី​កា រួមមាន​គ្រុនក្តៅ​ស្ទិញៗ និង​កន្ទួល​ក្រហម​លើ​ស្បែក​។ អ្នក​ឆ្លង​ខ្លះ​អាចមាន​ភ្នែក​ឡើង​ក្រហម ឈឺ​សាច់ដុំ ឈឺសន្លាក់ និង​អស់កម្លាំង​ជាដើម​។ រោគសញ្ញា​ទាំងនេះ​ជាធម្មតា​ជាសះស្បើយ​ក្នុង​រយៈពេល​ពី​២​ទៅ​៧​ថ្ងៃ​។ គេ​បាន​ប៉ាន់ប្រមាណ​ថា ៨០​ភាគរយ​នៃ​មនុស្ស​ដែល​បាន​ឆ្លង​ជំងឺ​នេះ មិនបាន​បង្ហាញ​រោគសញ្ញា​អ្វី​ទេ​។​

​នៅក្នុង​ការវិវត្ត​ថ្មី​នៃ​ការទប់ស្កាត់​ជំងឺ​ហ្ស៊ី​កា ភ្នាក់ងារ​សុខភាព​រប​ស់​អង្គការសហប្រជាជាតិ បានប្រកាស​កាលពីពេល​ថ្មីៗ​ថា មេរោគ​ហ្ស៊ី​កា មិនមែនជា​ភាពអាសន្ន​នៃ​សុខភាព​សម្រាប់​ពិភពលោក​ទៀត​នោះទេ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com