អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ហៅ​កាសែត CNN, NBC, ABC,… មក​ស្តី​ឲ្យ​ដល់ផ្ទះ​
23, Nov 2016 , 1:49 pm        
រូបភាព
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​កោះហៅ​សារព័ត៌មាន​ធំៗ​ជាច្រើន​របស់​អាមេរិក​មកជួប​លោក​នៅឯ Trump Tower នៅ​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា​។ ដំបូង​ក្រុមអ្នកកាសែត​ល្បីឈ្មោះ​ទាំងនោះ​គិតថា​លោក ត្រាំ ហៅ​ពួកគេ​ដើម្បី​ប្រាប់​ពី​របៀប​ធ្វើការ​រវាង​អ្នកកាសែត​និង​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​។ អ្វីដែល​មិន​នឹកស្មាន​នោះ អ្នកកាសែត​ទាំងនោះ បែរជា​ត្រូវ​លោក ដូ​ណា​ល់ ត្រាំ ហៅ​ទៅ​ជម្រះបញ្ជី​ដែល​ធ្លាប់​រិះគន់​លោក​ទៅវិញ​។



​បណ្ដាញសារព័ត៌មាន​នៅ​អាមេរិក ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ដើមខែ​វិច្ឆិកា​នេះ​។ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មាន​និន្នាការ​ងាក​ទៅ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​ជួយ​ឃោសនា​ឲ្យ​លោកស្រី​ទៀតផង​។ សារព័ត៌មាន​ធំៗ​ដូចជា CNN, NBC, ABC និង​បណ្ដាញសារព័ត៌មាន​មួយចំនួនទៀត បាន​រិះគន់​វាយប្រហារ​លោក ត្រាំ យ៉ាង​ចាស់ដៃ​។ តែ​ចុងក្រោយ​លោកស្រី ហ៊ី​ឡា​រី នៅតែ​ចាញ់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ។

​បន្ទាប់ពី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ហើយ គឺ​ដល់​វេន​លោក ដូ​ណា​ល់ ត្រាំ វាយបក​លើ​ក្រុម​សារព័ត៌មាន​ទាំងនោះ​វិញ​។ ប្រធានាធិបតី​ជាប់ឆ្នោត​នេះ បាន​អញ្ជើញ​ក្រុមអ្នកកាសែត​ធំៗ​របស់​អាមេរិក​ទៅ Trump Tower ក្នុង​ក្រុង New York នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ហើយ​លោក​ក៏​ឆ្លៀត​ពេលនោះ​ហៅ​អ្នកកាសែត​ទាំងនោះ​ជា «​មនុស្ស​កុហក​»​។ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ជំនួប​លើក​នេះ​ទៀតផង​។​

​បើតាម​សារព័ត៌មាន The Independent តំណាង​មកពី CNN, NBC, ABC និង​សារព័ត៌មាន​ធំៗ​ខ្លះទៀត ដែល​ប្រមូល​ផ្ដុំគ្នា​នៅ Trump Tower រំពឹង​នឹង​បាន​រៀនសូត្រ​ពី​របៀប​ធ្វើការ របស់លោក ត្រាំ ជាមួយ​អ្នកកាសែត​ពេល​លោក​ចូលកាន់​តំណែង​។ ផ្ទុយទៅវិញ ពួកគេ​បែរជា​ត្រូវ​លោក ត្រាំ ព្រលះ​ធ្ងន់ៗ​លើ​សកម្មភាព​អំឡុង​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត ដែល​ពួកគេ​វាយប្រហារ​ខ្លាំង​លើ​គោលនយោបាយ និង​អាកប្បកិរិយា​បុគ្គល​របស់លោក​។​

​ប្រភពពី​អ្នក​ដែល​ចូលរួម​កិច្ចប្រជុំ​នោះ​បង្ហើប​ថា ប្រធានាធិបតី​ជាប់ឆ្នោត រិះគន់​សារព័ត៌មាន CNN មុនគេ​។ លោក​ប្រាប់​ប្រធាន​ក្រុមហ៊ុន CNN លោក Jeff Zucker ថា លោក​ស្អប់ CNN ណាស់ ហើយ​អ្នក​គ្រប់គ្នា​ធ្វើការ​នៅ CNN គឺជា​មនុស្ស​កុហក​។ ប៉ុន្តែ​គេ​មិនបាន​ដឹងថា សេដ្ឋី​អចលនទ្រព្យ​រូបនេះ ប្រើ​សម្ដី​យ៉ាងម៉េច​ទៀត​ជាមួយ​តំណាង​សារព័ត៌មាន​ធំៗ​ដទៃទៀត​ដែល​លោក​ហៅ​ទៅ​ជួប​ដែរ​។

​ទំនាក់ទំនង​រវាង​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ និង​ក្រុម​សារព័ត៌មាន​ភាគច្រើន​នៅ​អាមេរិក មិនល្អ​ឡើយ​។ លោក​ចាត់ទុក​សារព័ត៌មាន​ទាំងនោះ​ថា ផ្សាយ​ព័ត៌មាន​លម្អៀង មិន​ស្មោះត្រង់ និង​តែង​សរសេរ​វាយប្រហារ​លើ​រូបលោក​។ ដោយសារ​ហេតុនេះ ទើប​លោកនិយម​ប្រើ​បណ្ដាញ​សង្គម Twitter សម្រាប់​បញ្ចេញ​ព័ត៌មាន​ទាំងឡាយ ជំនួស​ឲ្យ​ការផ្សាយ​លើ​ទំព័រ​កាសែត​។ ពេលខ្លះទៀត លោក ដូ​ណា​ល់ ត្រាំ គំរាម​ប្ដឹង​សារព័ត៌មាន​ទាំងនោះ​ផងដែរ​។ ជាក់ស្ដែង លោក​គំរាម​ប្ដឹង​កាសែត The Times ដែល​ចុះផ្សាយ​ព័ត៌មាន​ថា លោក​បំពាន​លើ​រាងកាយ​ស្ត្រី​ម្នាក់​ទៀតផង​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com