ជាតិ
លោក ងួន ញ៉ិល បកស្រាយ​ទាក់ទង​នឹង​ការបើក​បញ្ច្រាសទិស
24, Nov 2016 , 1:34 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ងួន ញ៉ិល អនុប្រធាន​ទី​ពីរ​រដ្ឋសភា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន (​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល - H.E Nguon Nhel) បាន​បកស្រាយ​ទាក់ទង​នឹង​ការបើកបរ​រថយន្ត​បញ្ច្រាសទិស​ច​រា​ចរណ៍​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ មូលហេតុ គឺ​ដោយសារ​ការកកស្ទះ​ចរាចរណ៍​៣​កន្លែង ដែល​ធ្វើ​ឲ្យ​លោក​យឺត​ពេល​១០​នាទី ក្នុង​ដំណើរ​ទៅ​ជួប​សម្តេច សាយ ឈុំ ដើម្បី​រាយការណ៍​ទាក់ទង​នឹង​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) លើក​ទី​៩​។​



«​កាលពី​ថ្ងៃ​ម្សិលមិញ ក្នុង​គណនី Facebook របស់​ក្មួយប្រុស​ឈ្មោះ Sovath Chhay-Andy បាន Post រថយន្ត​របស់ខ្ញុំ​បើកបរ​បញ្ច្រាស់ទិស​ចរាច​រណ៍ ។ ចំពោះ​បញ្ហា​នេះ ខ្ញុំ​បញ្ជាក់ជូន​ថា ខ្ញុំ​មាន​កិច្ចការ ចាំបាច់​ក្នុង​ដំណើរ​ទៅ​ជួប សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដើម្បី​រាយការណ៍​ជូន អំពី​មហាសន្និបាត សភា​តំបន់​អាស៊ី (APA) លើក​ទី​៩ វេលា​ម៉ោង ៨.០០ ព្រឹក នៅ​វិមាន​ព្រឹទ្ធសភា​» ។ នេះ​ជាការ​សរសេរ​រៀបរាប់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល - H.E Nguon Nhel»​។​

​លោក ងួន ញ៉ិល បាន​បញ្ជាក់ថា ដោយសារ​ការកកស្ទះ​ចរាចរណ៍​ចំនួន ៣​កន្លែង នៅ​កំណាត់​ផ្លូវ​ពី​ព្រែកប្រា​ទៅ​ច្បារអំពៅ ១​កន្លែង ១​កន្លែង​ទៀត​នៅ​គល់ស្ពាន ព្រះមុនីវង្ស​ខាងកើត ក្នុង​ខណ្ឌ​ច្បារអំពៅ និង​មួយកន្លែង​ទៀត​ចាប់តាំងពី​សណ្ឋាគា​រតាយ​ម៉េង រហូតដល់ ភ្លើងស្តុប​ខាងជើង​ក្រសួងមហាផ្ទៃ នាំ​ឲ្យ​លោក​លើស​ម៉ោង​កំណត់ ១០​នាទី ដូច្នេះ​អង្គរក្ស​ក្រសួងមហាផ្ទៃ​ដែល​ការពារ​លោក​នៅក្នុង​ឡាន ឈ្មោះ ចាន់ ប៊ុនធឿន បាន​អន្តរាគមន៍​សម្រួល​ទៅ នគ​បាល​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ និង​បន្ត​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍ ដែលមាន​ភារកិច្ច​សម្រួល​ចរាចរណ៍​នៅមុខ​ក្រសួងមហាផ្ទៃ ទើប​លោក​បានចេញ​រួច​ពី​កន្លែង​កកស្ទះ​ដោយសារ​នគរបាល​ចរាច​រណ៍​អន្តរាគមន៍ ។

​អនុប្រធានរដ្ឋសភា បាន​អះអាងថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ស្ថាប័ន​រដ្ឋសភា និង​ជា​អ្នក​ពិភាក្សា​និង​អនុម័ត​ច្បាប់​នោះ ខ្ញុំ​មិន​បំពាន​ច្បាប់​ចរាចរណ៍​នេះ​ទេ​»​។ អំណះអំណាង​របស់លោក គឺ​យោងតាម ច្បាប់​ចរាចរណ៍​ជើងគោក មាត្រា​៦ អំពី​បញ្ហា​សិទ្ធ​អាទិភាព​ចំណុច​ទី​៣ បាន​ចែងថា «​សញ្ញា​បញ្ជា​របស់​ភ្នាក់ងារ​ចរាចរណ៍​មាន​សិទ្ធិ​អាទិភាព​លើ​ភ្លើង​សញ្ញា​ចរាចរណ៍ គំនូស​សញ្ញា​ចរាចរណ៍ នៅលើ​ទ្រូងផ្លូវ ផ្លាកសញ្ញា​ចរាចរណ៍​នៅតាម​ដងផ្លូវ និង​បទ​ប្បញ្ញត្តិ​ចរាចរណ៍​ទាំងឡាយ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com