ជាតិ
អាជ្ញាធរ​អប្សរា​នឹង​សង់ស្ពាន​ឆ្លង​ថ្មី​ជំនួស​មុន​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​
26, Nov 2016 , 10:39 pm        
រូបភាព
ប្លង់ស្ពាន​ថ្មី។ រូបថត អាជ្ញាធរអប្សរា
ប្លង់ស្ពាន​ថ្មី។ រូបថត អាជ្ញាធរអប្សរា
ដោយ: ថ្មីៗ
​សៀមរាប​៖ ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​ដំណាក់កាល​ទី​ពីរ នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​។ ការដ្ឋាន​នេះ តម្រូវ​ឲ្យ​បិទ​ចរាចរណ៍​ទាំងស្រុង​នៅលើ​ស្ពាន​ហាល (​ផ្លូវ​ចូល​ខាងមុខ​អង្គរវត្ត​) ដែល​កន្លងមក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តែង​ឆ្លងកាត់​ដើម្បី​ចូល​ទស្សនា​ប្រាសាទ​ង​អង្គរវត្ត​។ ដើម្បី​សម្រួល​ចរាចរណ៍​ទាំងនេះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​សង់ស្ពាន​ជ័រ​បណ្តែត​ទឹក​មួយ​បណ្តោះអាសន្ន ដែល​នឹង​ដំណើរ​នៅ​ចុងខែ​វិច្ឆិកា​ខាងមុខនេះ​។​



អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​សេចក្តីជូនដំណឹង​ចុះផ្សាយ​នៅ​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ​២០១៦ បានធ្វើការ​ជម្រាបជូន​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​សាធារណជន​ទាំងអស់ អំពី​ការងារ​សាងសង់​ស្ពាន​បណ្តែត​ទឹក ដើម្បី​ជំនួស​ស្ពាន​ហាល ដែល​នឹងត្រូវ​ជួសជុល​នាពេលខាងមុខ​។ ក្នុង​សេចក្តីជូនដំណឹង​នោះបាន​បញ្ជាក់ថា ការជួសជុល​នឹង​តម្រូវ​ឲ្យ​បិទ​ចរាចរណ៍​ទាំងស្រុង ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​អនុវត្ត​ការជួសជុល​ស្ពាន​ហាល​ឲ្យ​បានល្អ​ប្រសើរ​។​

ដើម្បី​សម្រួល​ចរាចរណ៍​ខាងលើ​ឲ្យ​មាន​សុវត្ថិភាព និង​បញ្ចៀស​នូវ​រាល់​ហានិភ័យ​ផ្សេងៗ អាជ្ញាធរ​ជាតិ​អប្សរា  នឹង​រៀបចំ​សាងសង់​ស្ពាន​បណ្តែត​ទឹក​បណ្តោះអាសន្ន ដែលមាន​ទីតាំងនៅ​ខាងត្បូង​ស្ពាន​ហាល​។ ការសាងសង់​ស្ពាន​បណ្តែត​ទឹក​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៦ រហូតដល់​ចុងខែ​ឧសភា ឆ្នាំ​២០១៧៕


Tag:
 ស្ពាន​ហាល​អង្គរវត្ត​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com