ជាតិ
គ​.​ជ​.​ប សម្រេច​បន្ថែម​រយៈពេល​ចុះឈ្មោះ​បោះឆ្នោត តែ​១​ថ្ងៃ​ប៉ុណ្ណោះ​
29, Nov 2016 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​បន្ថែម​រយៈ​ពេល​ចុះឈ្មោះ​បោះឆ្នោត ចំនួន​១​ថ្ងៃ​ទៀត​។ នេះ​ជាការ​ជូនដំណឹង​របស់​គ​.​ជ​.​ប នៅមុននេះ​បន្តិច​។

 
​សេចក្តី​ជូនដំណឹង​នោះបាន​សរសេរថា​៖«​គ​.​ជ​.​ប ពន្យារពេល​ចុះឈ្មោះ​បោះឆ្នោត ចំនួន​១​ថ្ងៃ​ទៀត​នៅ​គ្រប់​ឃុំ​-​សង្កាត់​។ ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បិទ​បញ្ចប់​ត្រឹម​ម៉ោង ៥​និង​៣០​នាទីល្ងាច នា​ថ្ងៃ​ពុធ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦»​។ 
 
​ការសម្រេច​ខាងលើ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ ការបន្ថែម​រយៈពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត គឺជា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ រួមទាំងក្រុមសង្គមស៊ីវិលមួយចំនួន។  តាមពិតទៅ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​គ​.​ជ​.​ប បន្ថែម​រយៈពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត ចំនួន​៣​ថ្ងៃ​ឯណោះ​។ តែ​ទីបំផុត គ​.​ជ​.​ប បាន​បន្ថែម​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​

យ៉ាងណា សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ដើម្បីសុំអត្ថាធិប្បាយបន្ថែមបានទេ ជុំវិញបញ្ហានេះ។
 
​មូលហេតុ​ដែល គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គ​.​ជ​.​ប បន្ថែម​រយៈពេល​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ចំនួន​៣​ថ្ងៃ​ទៀត គឺ​ដោយសារតែ​បក្សប្រឆាំង​មួយ​នេះ យល់ថា​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ 

បើ​គិតពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ប្រជាពលរដ្ឋ​ជាង ៧​លាន ៧​សែន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ដោយឡែក ប្រជាពលរដ្ឋ​ជិត​២​លាន​នាក់​ទៀត នៅ​មិនទាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ​ទេ ខណៈ​ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បិទ​បញ្ចប់​នៅ​ម៉ោង​៥​រសៀល ថ្ងៃ​អង្គារ​នេះឯង​៕
 
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com