ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទោះ​មាន​ជំហរ​ស្រប​សម្ដេច ហ៊ុន សែន តែ​ឯ​.​ឧ សម រង្ស៊ី មិន​គាំទ្រ​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​ឡើយ​
29, Nov 2016 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ បើទោះជា​មេដឹកនាំ​គណបក្សប្រឆាំង ឯកឧត្តម សម រង្ស៊ី បានបង្ហាញ​ជំហរ​ស្របគ្នា​នឹង​សម្តេច ហ៊ុន សែន ក្នុង​ការស្នើ​រដ្ឋាភិបាល​បារាំង ឲ្យ​ជួយ​ផ្ដល់ជំនួយ​បច្ចេកទេស​ក្នុងការ​រៀបចំ​ខ្នាត​ផែនទី​ប្រទេស​កម្ពុជា​សម្រាប់​យកទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ក្តី តែ​ឯកឧត្តម សម រង្ស៊ី មិន​គាំទ្រ​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​ឡើយ​។​



​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកគាំទ្រ​ខ្លួន ដែល​បាន​ចោទសួរ​អំពី​គោលជំហរ ដែល​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​កែប្រែ​ផែនទី​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី បាន​បកស្រាយ​ដោយ​អះអាងថា ការពង្រីក​ផែនទី​ពី​ខ្នាត​១​លើ​១០០​ពាន់​(១/១០០០០០) ទៅ​ខ្នាត​១​លើ​៥០​ពាន់ (១/៥០០០០) វិញ មាន​លក្ខណៈ​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។ បន្ថែម​ពីលើ​ការពន្យល់​នេះ​ឯកឧត្តម សម រង្ស៊ី ដែល​ហាក់​មាន​ជំហ​គាំទ្រ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុង​ការផ្ទេ​ខ្នាត​ផែនទី​នេះ មិនចាំបាច់​ត្រូវ​កែប្រែ​រដ្ឋធម្មនុញ្ញ​ឡើយ​។​

​ប្រធាន​គណបក្សប្រឆាំង ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឆ្លើយតប​នឹង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ Dara In យ៉ាង​ដូច្នេះ​ថា​៖«​ការពង្រីក​ខ្នាត​ផែនទី​ពី ១/១០០.០០០ (​គឺ ១ សង់ទីម៉ែត្រ លើ​ផែនទី​ក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើ​ផែនដី​ជាក់ស្តែង​) ទៅជា ១/៥០.០០០ (​គឺ ២ សង់ទីម៉ែត្រ លើ​ផែនទី​ក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ​ដដែល លើ​ផែនដី​ជាក់ស្តែង​) មានន័យថា ផែនទី ១/៥០.០០០ លម្អិត​ជាង ២ ដង ហើយក៏​ច្បាស់​ជាង ២ ដង ប្រៀបធៀប​ទៅនឹង​ផែនទី ១/១០០.០០០ ដោយ​គ្មាន​ប្រែប្រួល​អ្វី​ដែលជា​លក្ខណៈ​មូលដ្ឋាន​ឡើយ​។ ដូច្នេះ មិនចាំបាច់​កែ​រដ្ឋធម្មនុញ្ញ​ទេ ចំពោះ​ការពង្រីក​ផែន​ទីនេះ​តែប៉ុណ្ណោះ​»​។​



​មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច រំលោភ​បាន ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០,០០០ ធ្វើ​នៅ​ចន្លោះ ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៩​។​

​កន្លងទៅ​ពេល​ថ្មីៗ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្គាប់​ឲ្យ​លោក ឡុង វី​សា​ឡូ រដ្ឋលេខាធិការ​ក្រសួង ការបរទេស​កម្ពុជា ព្រាង​ឯកសារ​ច្បាប់​ជាមួយ​ភាគី​វៀតណាម ដើម្បី​រៀបចំ​លិខិតស្នាម​ផ្លូវកា​ស្នើ​ទៅ​បារាំង​ស្នើសុំ ជំនួយ​បច្ចេកទេស​មកជួយ​រៀបចំ​ផែនទី​ផ្ទេរ​ពី​ខ្នាត​១​លើ​១០០​ពាន់ មក​ខ្នាត​១​លើ​៥០​ពាន់​វិញ​។ សម្តេច​បានចេញ​ការណែនាំ​ដូច្នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក នៅ ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៣ វិច្ឆិកា​។ ប៉ុន្តែ សម្តេចនាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ហេតុផល​នៅ​ពីក្រោយ​គោលបំណង​បំ​លែង​ផែនទី​ពី​ខ្នាត​១​លើ​១០០​ពាន់ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ទៅប្រើ​ខ្នាត​១​លើ ៥០​ពាន់​វិញ​ទេ​៕


Tag:
 សម រង្ស៊ី​
  ​ហ៊ុន សែន​
 ​ ផែនទី​
  ​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com