កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី លុបចោលការប្រកួតមិត្តភាពជាមួយមីយ៉ាន់ម៉ា ដោយសាររឿងរ៉ូហ៊ីងយ៉ា ប្រភពរូបភាព៖ Rappler
× ភ្នំពេញ៖ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានលុបចោលការប្រកួតមិត្តភាពអាយុក្រោម២២ឆ្នាំ (U22) ជាមួយក្រុមមីយ៉ាន់ម៉ា ។ ការលុបចោលការប្រកួតនេះ ដោយសារតែម៉ាឡេស៊ី មិនគាំទ្រចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានចាត់វិធានការបង្ក្រាប់ទៅលើជនជនភាគតិចរ៉ូហ៊ីងយ៉ា។
អ្នកនាំពាក្យក្រុមជម្រើសជាតិម៉ាឡេស៊ី បានបញ្ជាក់ថា ការលុបចោលការប្រកួតនេះ គឺជាការសម្រេចចិត្តតាមគោលនយោបាយរដ្ឋាភិបាលម៉ាឡេស៊ី ដោយសារតែករណីរឿងជនជាតិរ៉ូហ៊ីងយ៉ា គឺជារឿងដែលរសើប។ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Reuters ដែលបានស្រង់សម្ដីរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី ពីTwitter នោះបានបញ្ជាក់ដូច្នេះថា៖«ការប្រកួតមិត្តភាពអន្តរជាតិអាយុក្រោម ២២ឆ្នាំ រវាងក្រុមម៉ាឡេស៊ី Harimau និងក្រុមមីយ៉ានម៉ា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៩ និង១២ នៅទីក្រុងយ៉ាងហ្គូន ត្រូវបានលុបចោល»។
កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីកីឡាជាតិម៉ាឡេស៊ី លោកKhairy Jamaluddin បានស្នើឲ្យ មីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ាននេះ គួរតែត្រួតពិនិត្យឡើងវិញ ចំពោះចំណាត់ការធ្វើទុកបុកម្នេញយ៉ាងឃោឃៅទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានេះ ខណៈដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាសាក់ក៏បានថ្លែងសារបង្ហាញពីក្តីកង្វល់ខ្លួន ចំពោះបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា នេះដែរ។
កន្លងមកជនជាតិម៉ូស្លីមម៉ាឡេស៊ី បានចេញរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានប្រើអំពើហិង្សា នៅភាគជើងក្នុងរដ្ឋរ៉ាក់គីន ដែលបណ្ដាឲ្យមនុស្សរាប់រយនាក់បានរត់ភៀសខ្លួនឆ្លងចូលព្រំដែនប្រទេសបង់ក្លាដេសផងដែរ។ អំពើហិង្សានេះ ត្រូវបានបង្កឡើងដោយសារក្រុមកងកម្លាំងសន្តិសុខ នៅក្នុងរដ្ឋរ៉ាក់គីន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២កន្លងមក មានការប៉ះទង្គិចគ្នា ដោយប្រើអំពើហិង្សាបង្ហូរឈាមយ៉ាងធ្ងន់ធ្ងរមួយបានកើតឡើង នៅក្នុងតំបន់រដ្ឋរ៉ាក់គីននេះ ដែលកាលនោះបានបណ្ដាឲ្យមនុស្សរាប់រយនាក់បានស្លាប់ផងដែរ៕
Tag:
ម៉ាឡេស៊ី
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com