ជាតិ
សង្គមជាតិ
សម្ដេច ស ខេង កំពុង​ចាំ​របាយការណ៍​ករណី​ប៉ូលិស​ប៉ោយប៉ែត​ដែល​ល្បី​ពេញ​បណ្តាញ​សង្គម​
26, Dec 2016 , 11:27 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បើក​ការស៊ើបអង្កេត​លើ​ករណី​ប៉ូលីស​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប៉ោយប៉ែត​កន្លងមក​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ប៉ោយប៉ែត ចុះ​ពិនិត្យ​លើ​ករណី​នេះហើយ ។​



​ឆ្លើយតប​នឹង​សំណើ​រលោក អេង ឆៃអ៊ាង សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​អន្តោប្រវេសន៍​ច្រក​ប៉ោយប៉ែត ចុះ​ស៊ើបអង្កេត​និង​ត្រួតពិនិត្យ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​មន្ត្រី​ប៉ូលីស​និង​ម្ចាស់​រថយន្ត​នេះហើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ​នេះ ។ សម្ដេច ស ខេង ក៏​កំពុង​រង់ចាំ​របាយការណ៍​ជុំវិញ​ករណី​ប៉ូលីស​នេះដែរ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាង​ប្រា​ប់លោក អេង ឆៃអ៊ាង នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ លើ​វិសោធនកម្ម​សេចក្ដីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ​នេះ​។​

​លោក អេង ឆៃអ៊ាង បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​មន្ត្រី​ប៉ូលីស និង​អ្នកបើកបរ​រថយន្ត ដែល​ត្រូវបាន​បង្ហោះ​វីដេអូ​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ហាក់ដូច​ជាមិនមាន​ភាពប្រក្រតី​។ លោក​ថា ការស៊ើបអង្កេត​នេះ ដើម្បី​លុបបំបាត់​មន្ទិលសង្ស័យរ​បស់​សាធារណជន និង​បង្ហាញ​ពី​ភាពត្រឹមត្រូវ​សមត្ថកិច្ច​ផងដែរ​។​

​ប៉ូលីស​ដែល​ដួលសន្លប់​មុខ​រថយន្ត​នោះ មានឈ្មោះ ឈាន ពិសិដ្ឋ ឋានៈ​នាយរង​ប៉ុស្តិ៍​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ។ ចំណែក​អ្នកបើកបរ​រថយន្ត​នោះ​ត្រូវបាន​គេ​ដឹងថា​ឈ្មោះ ម៉ង់ ពុ​ទ្ធី ប្រធាន​សមាគមន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​ចំពោះ​ករណី​ប៉ូលីស​ខាងលើនេះ កំពុង​ត្រូវ​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ មហាជន​មួយចំនួន បាន​ចំអក(Troll) ​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ពួកគេ​ចាត់ទុក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺជា​ទង្វើ​សម្ដែង​របស់​ប៉ូលីស ដើម្បី​ទម្លាក់កំហុស​ទៅលើ​ម្ចាស់​រថយន្ត​។ ហើយ​ខ្លះទៀត ក៏បាន​យក​គ្រោះថ្នាក់​ចរាចរណ៍​នោះ មក​ធ្វើ​ត្រាប់​ចំអក ដោយ​សម្ដែង​ជា​ដើរ​ប៉ះ​រថយន្ត ម៉ូតូ និង​កង់ ដែល​ចត​ទុកចោល​នៅ​ស្ងៀម ហើយ​ដួលសន្លប់​ដូច​ករណី​ប៉ូលីស​ខាងលើនេះ​។​

​ប៉ុន្តែ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មន្ត្រី​ប៉ូលីស​ខាងលើ ក៏បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ ដោយមាន​ស្នាម​ជាំ​ជាប់​ភ្លៅ និង​ដាក់​រណប​បំពង​ករ ហើយក៏​មាន​លិខិតបញ្ជាក់​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ផងដែរ​។ តែ​យ៉ាងណា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បង្ហោះ​រូបភាព​មន្ត្រី​ប៉ូលីស​ខាងលើ ដោយ​អម​ជាមួយ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖« រឿង​បែបនេះ គេ​សម្តែង​នៅលើ​ឆាក​នៃ​រោងល្ខោន គេ​មិន​សម្តែង​នៅ​ផ្លូវថ្នល់​ទេ​»៕


Tag:
 អេង ឆៃអ៊ាង​
  ​ស ខេង​
  ​ប៉ូលីស​
© រក្សាសិទ្ធិដោយ thmeythmey.com