ជាតិ
លោក ម៉ម ប៊ុនហេង ប្រាប់​សភា​ថា ក្រសួងសុខាភិបាល​ធ្វើការ​ស្របតាម​ច្បាប់​ទាំងអស់​
29, Dec 2016 , 10:40 am        
រូបភាព
ដោយ:
 
​ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឆ្លើយ​ប្រាប់​សភា​ថា ការអភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​គម្រោង​នានា គឺ​ស្របតាម​ច្បាប់នីតិវិធីរ​បស់​ក្រសួង និង​ការអភិវឌ្ឍ​របស់​សាលា​រាជធានី​ភ្នំពេញ​។  


​លោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ទៅ​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា តាម​ការសាកសួរ​ពី​សមាជិកសភា​បក្ស​ស​ង្គ្រោះ​ជាតិ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ​។ 
 
​លោក ម៉ម ប៊ុនហេង បាន​អាន​ចម្លើយ​ចំនួន​៩​ទំព័រ ដែល​ត្រូវ​បានរៀបចំ​ដើម្បី​ឆ្លើយ​សំណួរ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើតាម​ចម្លើយ​របស់លោក ម៉ម ប៊ុនហេង ទាក់ទង​នឹងការ​ប្រើប្រាស់​ជំនួយក្នុងការ​ទិញមុងការ​បារ​ជំងឺគ្រុនចាញ់គម្រោង​មូលនិធិ​សកល​(Global Fund)  ក្រសួង​បាន​ពុំមាន​កាត​ព្វ​កិច្ច​ដោះស្រាយ​ជាមួយ Global Fund នោះទេ នេះ​ជា​សមត្ថកិច្ច​ផ្តាច់មុខ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បានធ្វើការ​ជាមួយ​មូលនិធិ​សកល ក្នុងការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​។ 
 
​ទាក់ទង​នឹង​ការដោះដូរ​មន្ទីរពេទ្យ លោក​ ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ក្រសួង​បាន​អនុវត្តន៍​ដោយ​តម្លាភាព តាម​នីតិវិធី​របស់រ​ដ្ឋ ដោយមាន​ការចូលរួម​របស់​គណៈកម្មការ​អន្តរក្រសួង​។ លោក ម៉ម ប៊ុនហេង បានស្នើ​ឲ្យ​ប្តឹងទៅ អង្គភាព ប្រឆាំង​អំពើពុករលួយ ក្នុងករណី​រកឃើញថា​មានការ​ដោះដូរ ឃុបឃិត ឬ​អំពើពុករលួយ​។ ករណី​ផ្សេងៗ​ទៀត លោក​រដ្ឋមន្ត្រី​ក៏​អះអាង​ដូចគ្នា​ថា ក្រសួង​ធ្វើទៅ​នីតិ​ច្បាប់​ដែល​រដ្ឋ​មាន​។ 
 
​សូមបញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កោះអញ្ជើញ​លោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឲ្យ​ឆ្លើយ​ត្រូវ​ឆ្លើយបំភ្លឺ​សំណួរ​ចំនួន​១០ ដែល​រួមមាន ១. ការបាត់​ប្រាក់​ជំនួយ​របស់ Global Fund  ការលក់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត និង​ការទិញ​គ្រឿង​បរិក្ខា និង​ថ្នាំពេទ្យ ២. ការផ្តល់សេវា​សុខាភិបាល ៣. វិធានការ​ក្នុងការ​ពង្រឹងគុណភាព​ជំនាញ និង​ក្រមសីលធម៌​ពេទ្យ ៤. ការចែក​ចាយ និង​គ្រប់គ្រង​សម្ភារ​ពេទ្យ និង​ថ្នាំពេទ្យ ៥. ការគ្រប់គ្រង​មន្ទីរពេទ្យ​ឯកជន និង​រថយន្ត​សង្គ្រោះបន្ទាន់ ៦. និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផា ៧. កិច្ច​គាំពារ​ជនរងគ្រោះ​ពី​កំហុស​គ្រូពេទ្យ និង​ការកេងប្រវ័ញ្ច ៨. វិធានការ​របស់​ក្រសួង​ចំពោះ​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សុខភាព​ដល់​ពលរដ្ឋ​ក្រីក្រ ៩.​ការគ្រប់គ្រង​ការផលិត និង​នាំចូល​ថ្នាំពេទ្យ និង​១០.​ការគ្រប់គ្រង​ឱសថស្ថាន ថ្នាំពេទ្យ​ក្លែងក្លាយ និង​ថ្នាំពេទ្យ​ខូចគុណភាព​។​
 
 
 

Tag:
 ម៉ម ប៊ុនហេង​
  ​សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com