ជាតិ
រថយន្ត​ធុន​ធំ ត្រូវ​ផ្អាក​ឆ្លងកាត់​ការដ្ឋាន​ផ្លូវជាតិ​លេខ​១​ជាប​ណ្តោះ​អាសន្ន​
28, Jan 2017 , 2:07 pm        
រូបភាព
ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ពង្វាង​ចរាចរណ៍ ដល់​រថយន្ត​ធ្វើដំណើរ និង​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ដែល​ឆ្លងកាត់​តំបន់​ការដ្ឋាន​ផ្លូវជាតិ​លេខ​១ ចន្លោះ​ពី​ស្ពាន​ព្រះមុនីវង្ស ដល់​វត្ត​ក្ដី​តា​កុយ​។ ការផ្អាក​មិន​ឲ្យ​មាន​ចរាចរណ៍​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ព​ន្លឿ​ន​នៃ​ការដ្ឋាន​សាងសង់​ឲ្យ​ឆាប់​ចាប់​តាម​ផែនការ​កំណត់​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​ខាងមុខនេះ​។​


យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧​នេះ ដំណើរការ​នៃ​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស ដល់​វត្ត​ក្ដី​តា​កុយ  បានសម្រេច​លទ្ធផល ៨០%​ហើយ  ។ ជាមួយគ្នានេះ ការសម្រេច​ពង្វាង​ចរាចរណ៍​នេះ ដោយសារតែ ការដ្ឋាន​សាងសង់​បាន​ដំណើរការ​មកដល់​ចំណុច​ទីប្រជុំជន​ផ្សារ​ច្បារអំពៅ ដែលជា​ចំណុច​កកស្ទះ​ចរាចរណ៍​ខ្លាំង​។​

ជាការ​កត់សម្គាល់​សាលា​រាជធានី​បាន​បញ្ជាក់ថា ចំពោះ​យានយន្ត​ធ្វើដំណើរ​ចូលមក​រាជធានី​ភ្នំពេញ តាម​ដងផ្លូវ​ជាតិ​លេខ​១ ត្រូវ​ពង្វាង​តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​ពី​ផ្លូវជាតិ​លេខ​១ ឆ្លង​កាត់មុខ​រោងចក្រ​ថៃ​ហ្គ័​រ ឆ្ពោះទៅ​ស្ពាន​សំរោង​តាខ្មៅ​។  បន្ថែម​លើ​នេះ ចំពោះ​យានយន្ត​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ តាម​ដង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម ត្រូវ​ពង្វាង​តាមផ្លូវ​ជាតិ​លេខ​២ ចាក់អង្រែ​ឆ្ពោះទៅ​ស្ពាន​សំរោង​តាខ្មៅ រួច​ធ្វើដំណើរ​តាមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ដោយ​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ឡើយ​។​

សាលា​រាជធានី​ភ្នំពេញ ជឿជាក់ថា​សាធារណជន ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់ និង​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​ខាងលើនេះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ជាពិសេស អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​៕


© រក្សាសិទ្ធិដោយ thmeythmey.com