អន្តរជាតិ
Calexit៖​ កាលីហ្វ័រ​នីញ៉ា​ចាប់ផ្តើម​គម្រោង​ផ្លូវការ​ដើម្បី​ចាក​ចេញពី​សហរដ្ឋអាមេរិក
28, Jan 2017 , 11:19 pm        
រូបភាព
សំណើរ​ជា​ផ្លូវការ​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចាកចេញ​របស់​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ពី​សហរដ្ឋអាមេរិក​នឹងត្រូវ​ដាក់​ទៅកាន់​ការិយាល័យ​រដ្ឋលេខា​ធិ​ការ​ការបរទេស​ប្រចាំ​រដ្ឋ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​។ សំណើរ​នេះ​ជួយ​ត្រួស​ត្រាយផ្លូវ​ឲ្យ​ប្រជាជន​បោះឆ្នោត​លុបចោល​បទ​ប​ញ្ញ​តិ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ប្រកាស​ផ្តាច់ខ្លួន​ចេញពី​សហរដ្ឋអាមេរិក​តែម្តង​។​



ចលនា​ទាមទារ​ធ្វើ​ប្រជាមតិ​ដើម្បី​ប្រកាស​ផ្តាច់ខ្លួន​ពី​សហរដ្ឋអាមេរិក​រប​ស់​រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​ផុសផុល​ឡើង​ខ្លាំង​ចាប់ពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃ ៨​វិច្ឆិកា ឆ្នាំ ២០១៦​។ មកដល់​បច្ចុប្បន្ននេះ ក្រុម​មេដឹកនាំ​ចលនា​នេះ​បានសម្រេច​រៀបចំ​ដាក់សំណើរ​ជា​ផ្លូវការ​ហើយ​ដើម្បី​ត្រួសត្រាយ​ឲ្យ​មាន​ការធ្វើប្រជាមតិ​ជា​ផ្លូវការ​។​

យោងតាម​សារព័ត៌មាន Fox News សំណើរ Calexit ដែល​តំណាង​ឲ្យ​«​ការចាកចេញ​របស់រ​ដ្ឋ​កាលីហ្វ័រ​នីញ៉ា​ពី​សហរដ្ឋអាមេរិក​» នឹងត្រូវ​ដាក់​ទៅកាន់​ការិយាល័យ​រដ្ឋលេខា​ធិ​ការ​ការបរទេស​ប្រចាំ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​នៅ​សប្តាហ៍​ក្រោយ​។

យោងតាម​ការស្ទង់មតិ​កន្លងមក​រកឃើញថា ប្រជាជន​ម្នាក់​ក្នុងចំណោម​ប្រជាជន ៣​នាក់​នៅ​កាលីហ្វ័រ​នីញ៉ា នឹង​គាំទ្រ​សំណើរ​សុំ​ប្រកាស​ផ្តាច់ខ្លួន​ពី​អាមេរិក​នេះ ដោយសារ​ពួកគេ​ស្អប់​លោក ដូ​ណា​ល់ ត្រាំ និង​មិន​ពេញចិត្ត​នយោបាយ​របស់លោក​។

បើសិនជា​គំនិត​ផ្តួចផ្តើម​នេះ​ត្រឹមត្រូវ​និង​ពេញលក្ខណៈ​សម្រាប់​ឲ្យ​ប្រជាជន​បោះឆ្នោត​បាន វា​នឹងមាន​ការបោះឆ្នោត​មួយ​នៅពេល​ខាងមុខ​ដើម្បី​កំណត់ថា រដ្ឋ​កាលីហ្វ័រ​នីញ៉ា​គួរ​នៅ​ជាមួយ​អាមេរិក​ទៀត​ឬ​អត់​។

ដោយឡែក រដ្ឋលេខាធិការ​ការបរទេស​ប្រចាំ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា លោក Alex Padilla បាន​លើកឡើងថា ក្រុម​ដែល​រៀន​ចំ​សំណើរ​មក​នោះ​ចាប់ផ្តើម​ប្រមូល​ហត្ថលេខា​ប្រជាជន​កាលីហ្វ័រ​នីញ៉ា​ចំនួន ៦​សែន​ដើម្បី​ឲ្យ​គ្រប់​តាម​តម្រូវការ​។ បើសិនជា​ជោគជ័យ គេ​នឹង​អាច​ឈានទៅ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​មួយ​នៅ​ឆ្នាំ ២០១៨​។​

ក្នុងការ​បោះឆ្នោត​ប្រសិន ប្រជាជន​សម្រេច​បោះឆ្នោត​គាំទ្រ​ការចាកចេញ វា​នឹង​និរាករណ៍​មាត្រា​ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​កាលីហ្វ័រ​នីញ៉ា​ដែល​ចែងថា កាលីហ្វ័រ​នីញ៉ា​ជា​រដ្ឋ​មិនអាច​បំបែក​បាន​របស់​សហរ​ដ្ឋ​អាមេរិក និង​រដ្ឋធម្មនុញ្ញ​អាមេរិក​ជា​ច្បាប់កំពូល​របស់​រដ្ឋ​នោះ​។ 

១. កាលីហ្វ័រ​ញ៉ា​អាច​រស់​ដោយ​ខ្លួនឯងបាន​

​និយាយ​រឿង​ប្រកាស​ឯករាជ្យ កាលីហ្វ័រ​ញ៉ា ពិត​ជាមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​អាចមាន​ស្វ័យភាព​ផ្នែក​សេដ្ឋកិច្ច​ពេញលេញ​ក្នុងការ​ប្រែ​ក្លាយខ្លួនជា​រដ្ឋ​ឯករាជ្យ​ដោយ​មិន​ពឹង​ផ្អែកលើ​អាមេរិក​ដែរ​។ មួយវិញទៀត កាលីហ្វ័រ​នីញ៉ា ជា​រដ្ឋ​មួយ​ដែល​ខុសពី​រដ្ឋ​ដទៃទៀត​របស់​អាមេរិក​ទាំង​វប្បធម៌ និង​ប្រពៃណី ដែល​វា​ជំរុញ​ឲ្យ​ប្រជាជន​ហាក់​មិនសូវ​ចង់​រស់នៅក្នុង​សហរដ្ឋអាមេរិក​ឡើយ​។​

​អាច​ថា ក្រៅពី​ថា មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ជា​រដ្ឋ កាលីហ្វ័រ​នីញ៉ា មានលទ្ធភាព​អាច​រស់​ដោយ​ខ្លួន​បាន​ដោយសារ​សេដ្ឋកិច្ច​របស់​វា​ធំ​ជាង​សេដ្ឋកិច្ច​របស់​មហាអំណាច​បារាំង​ទៅទៀត​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន Fortune សេដ្ឋកិច្ច​របស់​រដ្ឋកា​លី​ហ្វ័​រ​នីញ៉ា​មាន​ទំហំ​រហូតដល់​២,៤៦ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៥ ហើយ​មាន​កំណើនសេដ្ឋកិច្ច​មធ្យ​ម ៤, ១​ភាគរយ​ឯណោះ​។  ចំណែក​បារាំង​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី ៧​របស់​ពិភពលោក​នោះ​មាន​ទំហំ​សេដ្ឋកិច្ច​ត្រឹម ២,៤២​ប៉ុណ្ណោះ​។

​ជារួម រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មាន​ទាំង ឧស្សាហកម្ម សង្វាក់​ផលិតកម្ម និង​សកម្មភាព​ពាណិជ្ជកម្ម​ផ្សេងទៀត ដែល​អាចជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បាន​យ៉ាង​ស្រួល​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ​។​

​ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី បណ្តា​អ្នកជំនួញ​ធំៗ​នៅ​កាលីហ្វ័រ​នីញ៉ា​បានប្រកាស​គាំទ្រ និង​ឧបត្ថម្ភ​ចលនា​ទាមទារ​ប្រកាស​ផ្តាច់ខ្លួន​របស់​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា​ដែរ​។ លោក Shervin Pishevar សហ​ស្ថាបនិក​ក្រុមហ៊ុន Hyperloop One បានប្រកាសថា លោក​គាំទ្រ​យុទ្ធនាការ​ស្របច្បាប់​នេះ ដើម្បី​ជំរុញ​ឲ្យ​កាលីហ្វ័រ​នីញ៉ា​ក្លាយជា​រដ្ឋ​ឯករាជ្យ​។ ហើយ​អ្នកជំនួញ​ម្នាក់ទៀត​លោក Marc Hemeon ដែលមាន​ក្រុមហ៊ុន​រចនា​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង ស្ថាបនិក​ក្រុមហ៊ុន​ទំនាក់ទំនង​សង្គម Path លោក Dave Morin ក៏​ប្រកាស​គាំទ្រ​ការផ្តាច់​ខ្លួន​របស់​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ពី​សហរដ្ឋអាមេរិក​ដែរ​។ ដូច្នេះ បើ​និយាយ​តាម​ស្ថានភាព​ជាក់ស្តែង វា​មិនមែនជា​រឿង​លំបាក​សម្រាប់​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា ក្នុងការ​ក្លាយខ្លួនជា​រដ្ឋ​ឯករាជ្យ​នោះ​។​

២. ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ កាលីហ្វ័រ​នីញ៉ា ពិបាក​ចេញពី​អាមេរិក​

ដូច​បាន​រៀបរាប់​ខាងដើម​ស្រាប់ ការ​ក្លាយខ្លួនជា​រដ្ឋ​ឯករាជ្យ​មិនមែនជា​រឿង​លំបាក​សម្រាប់​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា​ឡើយ ហើយ​រដ្ឋ​នេះ​អាច​រស់​ដោយ​ខ្លួនឯងបាន​ដោយ​មិន​ចាប់​បាច់​ពឹង​លើ​សហរដ្ឋអាមេរិក​ឡើយ​។ ប៉ុន្តែ​បើ​ក្រឡេកមើល​ទិដ្ឋភាព​ច្បាប់​វិញ វា​មិនអាច​ទៅរួច​ឡើយ​។ ហើយ​រឿង​ទាមទារ​ប្រកាស​ឯករាជ្យ​នេះ​កើតឡើង​មិនតិចជាង ២០០​ដង​ឡើង​រាប់​ចាប់ពី​រដ្ឋ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៨៥០​នោះ​។​

​កាលីហ្វ័រ​នីញ៉ា មិនអាច​ចេញ​ឬ​ចូល​សហរដ្ឋអាមេរិក​បាន​តាមចិត្ត​នោះឡើយ​។ តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ដើម្បី​បញ្ចប់​សម្ព័ន្ធ​ភាពជា​រដ្ឋ​សហព័ន្ធ​របស់​អាមេរិក រដ្ឋ​នីមួយៗ​ត្រូវ​ស្វែងរក​ឲ្យ​បានការ​គាំទ្រ​ពី​សភា​ទាំងពីរ​សិន​ព្រោះ​វា​ត្រូវការ​ការសម្រេច​របស់​ស្ថាប័ន​នីតិបញ្ញត្តិ​។ ដូច្នេះ កាលីហ្វ័រ​នីញ៉ា ត្រូវ​រក​ឲ្យ​បាន​នូវ​សំឡេងគាំទ្រ ២​ភាគ​៣ នៅ​សភា​ទាំងពីរ​មាន​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក បន្ថែម​ជាមួយ​ការអនុញ្ញាត​ពី​សំណាក់​សមាជិកសភា​ទាំង ៣៨ ដែល​តំណាង​ឲ្យ​រដ្ឋ​នេះ​ថែម​ទៀតផង​។ ដូច្នេះហើយ វា​ជា​រឿង​ដែល​មិន​ងាយ​សម្រេច​ទៅរួច​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com