ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ កោះហៅ​ឯកឧត្តម សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី១៤ កុម្ភៈ ពីបទ​បរិហារកេរ្តិ៍​សម្តេច ហ៊ុន សែន
31, Jan 2017 , 6:51 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​កោះហៅ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស ឲ្យ​ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ជុំវិញ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ប្តឹង​ដោយ សម្តេច ហ៊ុន សែន។



ក្នុង​ដីកា​រកោះ​ចុះ​ថ្ងៃទី២៥ ខែមករា សរសេរ​ដូច្នេះ​ថា៖«អញ្ជើញ​ឈ្មោះ សម រង្ស៊ី ជា​ជនសង្ស័យ ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ នៅ​ម៉ោង៩ព្រឹក ដើម្បី​សាកសួរ​បំភ្លឺ ពី​ដំណើររឿង ឈ្មោះ គី តិច ជា​មេធាវី​តំណាង​ដោយ​អណ​ត្តិ​របស់ សម្តេច ហ៊ុន សែន ប្តឹង​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧»។

តាមរយៈ​បណ្តឹង​ថ្មី​នេះ  សម្តេចនាយក​រដ្ឋមន្ត្រី បាន​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន១លាន​ដុ​លា្ល​រ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ បណ្តឹង​ថ្មី​នេះ គឺ​ដោយសារតែ​ឯកឧត្តម សម រង្ស៊ី ចោទ សម្តេច ហ៊ុន សែន ថា បាន​សូក​ប្រាក់​ចំនួន១លាន​ដុ​លា្ល​រ ដល់ក​ញ្ញា ធី សុវណ្ណ​ថា ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ។ ព្រោះតែ​ការលើកឡើង​បែបនេះ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ «បរិហារ​កេ​រ្ត៍​ជា​សាធារណៈ» ដូចគ្នា​ដែរ ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២សែន ៥ម៉ឺន​ដុល្លារ។ 

សូមបញ្ជាក់ថា  មកដល់ពេលនេះ ឯកឧត្តម សម រង្ស៊ី កំពុង​រួមរឹត​ដោយ​បណ្តឹង​ចំនួន៨  ។ បណ្តឹង​ខ្លះ បាន​ជម្រះ​រួចហើយ ដែល​អាច​ឲ្យ​ឯកឧត្តម សម រង្ស៊ី ជាប់ពន្ធនាគារ​ដល់​ទៅ៥ ឆ្នាំ និង​បង់ប្រាក់​ប្រហែល៥ម៉ឺន​ដុល្លារ។

ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ថ្មី​នេះដែរ នា​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៣១ ខែមករា សម្តេច ហ៊ុន សែន បាន​ព្រមាន​បង្កក​ទ្រព្យសម្បត្តិ​ឯកឧត្តម សម រង្ស៊ី  និង​ព្រលយ​ថា​យក​ទ្រព្យ​របស់​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ទៅ​ដាក់លក់​ឡាយឡុង យកប្រាក់​ជំងឺ​ចិត្ត​សង់ផ្ទះ​ឲ្យ​ជនពិការ៕




Tag:
 ហ៊ុន សែន
 សម រង្ស៊ី
 គី តិច
© រក្សាសិទ្ធិដោយ thmeythmey.com