អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ទាស់សម្ដី​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រឿង​ជនភៀសខ្លួន​
02, Feb 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull កាលពី​ថ្ងៃទី​៣១ ខែមករា ជាការ​ពិភាក្សា​ដែល​គេ​រំពឹងថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​។ យ៉ាងណាមិញ ការពិភាក្សា​តាម​ទូរ​សព្ទ​នេះ មិនបាន​សម្រេច​អ្វី​ឡើយ ដោយ​លោក​ប្រធានាធិបតី ត្រាំ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី បែរជា​ទាស់សម្ដី​គ្នា​ដោយសារ​បញ្ហា​ជនភៀសខ្លួន​នេះ​ទៅវិញ ដែល​រឿងនេះ​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ ឈានដល់​ផ្លូវ​រង្គោះរង្គើ​ហើយ​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ហៅ​ការនិយាយ​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull  ជា «​ការនិយាយ​ទូរ​សព្ទ​អាក្រក់​បំផុត​» ក្នុងចំណោម​ការនិយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​។ លោក​ប្រធានាធិបតី ត្រាំ និង​លោកនាយក​រដ្ឋមន្ត្រី Turnbull បាន​និយាយ​ប៉ះពាល់​សម្ដី​គ្នា​ខ្លះ​អំឡុងពេល​ការពិភាក្សា​តាម​ទូរ​សព្ទ​កាលពី​ចុង​សប្ដាហ៍​មុន​។ បញ្ហា​ដែល​មិនត្រូវ​គ្នា​នោះ គឺ​គ្មានអ្វី​ក្រៅពី​បញ្ហា​ជនភៀសខ្លួន​ឡើយ​។​

​យោងតាម​សារព័ត៌មាន The Washington Post ក្នុង​កិច្ចសន្ទនា​រយៈពេល​២៥​នាទី ប្រធានាធិបតី​អាមេរិក​រូបនេះ ចាត់ទុក​កិច្ចព្រមព្រៀង​ទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មកកាន់​អាមេរិក​ដែល​សម្រេច​ដោយ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ជា​កិច្ចព្រមព្រៀង​អាក្រក់​បំផុត​។ លោក ក៏បាន​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Turnbull ថា ចង់​នាំចូល​អ្នក​បំផ្ទុះ​គ្រាប់បែក​មកកាន់​ទឹកដី​អាមេរិក​ទៀតផង ហើយ​លោក​ក៏​មិន​ចង់ឃើញ​ជនភៀសខ្លួន​ទាំង​នោះដែរ​។​

​ប្រធានាធិបតី ត្រាំ បាន​និយាយ​ដូចនេះ ខណៈដែល​នាយករដ្ឋមន្ត្រី Turnbull បានលើកឡើង​ពី​កិច្ចព្រមព្រៀង​មួយ​ដែល​សំដៅ​បញ្ជូន​ជនភៀសខ្លួន​ចំនួន​១២៥០​នាក់​ទៅកាន់​អាមេរិក​។ យ៉ាងណាក្ដី លោក Turnbull ក៏បាន​បញ្ជាក់ដែរថា ប្រធានាធិបតី​អាមេរិក មិនបាន​ផ្លាស់ប្ដូរ​ជំហរ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះឡើយ ចំណែក​មន្ត្រីរដ្ឋបាល​លោក ត្រាំ ក៏ដូចជា​ស្ថានទូត​អាមេរិក​ប្រចាំ​អូស្ត្រាលី ក៏បាន​បង្ហាញ​ជំហរ​ដូចគ្នា​ដែរ​។​

​ទាក់ទង​នឹង​ការនិយាយ​ទូរ​សព្ទ​វិញ បើទោះជា​មានការ​ទើសទាល់​សម្ដី​ខ្លះ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​នៅតែ​អះអាងថា ជាការ​សន្ទនា​ដែល​ស្មោះត្រង់ មិន​លាក់លៀម និង​ធ្វើជា​លក្ខណៈ​ឯកជន​។ ប្រភពព័ត៌មាន​ខាងលើ​បន្តថា បន្ទាប់ពី​និយាយ​គ្នា​រឿង​ជនភៀសខ្លួន​រួចរាល់ លោក Turnbull ចង់​ប្ដូរ​ប្រធានបទ​ទៅ​ពិភាក្សា​រឿង​ជម្លោះ​ស៊ី​រី និង​បញ្ហា​អន្តរជាតិ​ដទៃទៀត ប៉ុន្តែ​លោក ត្រាំ មិន​ព្រម រួច​ក៏​បិទ​ទូរ​សព្ទ​តែម្ដងទៅ​។​

​អាច​និយាយបានថា នេះ​ជា​រឿង​កម្រ​មាន​ដែលមាន​មេដឹកនាំ​អាមេរិក និង​អូស្ត្រាលី​ទាស់សម្ដី​គ្នា​ខ្លាំង​។ នរណា​ក៏​ដឹង​ដែរ​ថា អូស្ត្រាលី​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក​នៅ​តំបន់​អាស៊ី និង​បាន​ជួយ​អាមេរិក​ជាច្រើន​ក្នុងពេល​កន្លងមក​។ ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហាក់​បែរខ្នង​ដាក់​សម្ព័ន្ធមិត្ត​ចាស់វស្សា​របស់ខ្លួន និង​ងាក​ទៅ​ពង្រឹង​មិត្តភាព​ជាមួយ​គូប្រជែងរ​បស់​ខ្លួន​ទៅវិញ​។ ប្រធានាធិបតី​រូបនេះ​និយាយថា គោលនយោបាយ​របស់លោក គឺ «​អាមេរិក​ជា​អាទិភាព​»៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Malcolm Turnbull
  អូស្ត្រាលី​
  ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com