កីឡាអន្តរជាតិ
អន្តរជាតិ
Frank Lampard ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​ក្រោយ​ប្រឡូក​អស់​២១​ឆ្នាំ​
03, Feb 2017 , 7:19 pm        
រូបភាព
ដោយ: រួបរួម
Frank Lampard អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប Chelsea សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ ដែល​ខ្លួន​បាន​ប្រឡូក​នា​រយៈពេល​២១​ឆ្នាំ​កន្លងមកនេះ​។ កីឡាករ​រូបនេះ បានប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន​តាមរយៈ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​២ ខែកុម្ភៈ​។​



«​ខ្ញុំ​ទទួលបាន​នូវ​ការផ្តល់​ដ៏​រំភើប​ជាច្រើន​ដើម្បី​ឲ្យ​ខ្ញុំ​បន្ត​អាជីព ប៉ុន្តែ​ឈានដល់​វ័យ​៣៨​ឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​ថា ពេលនេះ ជា​ពេលដែល​ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ទំព័រ​ថ្មី​មួយទៀត​ក្នុង​ជីវិត​របស់ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់ Lampard នៅលើ​បណ្តាញ​សង្គម​។​

Lampard បាន​ចូល​លេង​ចំនួន​១០៦​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចន្លោះ​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៤ ។ ខ្សែបម្រើ​រូបនេះ បាន​ប្រឡូក​ក្នុង​ក្របខណ្ឌ​អាជីព​ចាប់តាំងពី​ឆ្នាំ​១៩៩៦ ដោយ​ចាប់ផ្តើម​ជាមួយ​ក្លិប West Ham ដែលមាន​លោក Harry Redknapp ជា​គ្រូបង្វឹក និង​ជា​ឪ​ពុម​មា​របស់ខ្លួន​។ នាពេលនោះ Lampard ក៏​ធ្លាប់​លេង​ជា​កីឡាករ​ខ្ចី​ជើង​នៅ Swansea City ផងដែរ​។​

​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៤ Lampard ជា​កីឡាករ​របស់​ក្លិប​តោ​ខៀវ Chelsea ដោយបាន​បង្ហាញខ្លួនរ​ហូត​ដល់​៦៤៩​លើក​។ ក្រោយ​ការសម្រេច​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ Lampard បាន​បន្ត​អាជីព​របស់ខ្លួន​នៅ​ក្លិប Manchester City (២០១៤-២០១៥) និង​ចុងក្រោយ ក្លិប New York City (២០១៥-២០១៦)​។​

​ក្នុង​អាជីព​របស់ខ្លួន Lampard ឈ្នះ​ពាន​សំខាន់ៗ​ចំនួន​១១ ក្នុងនោះ មាន Premier League ៣​លើក Champions League នៅ​ឆ្នាំ​២០១២ FA Cup ៤​លើក League Cup ២​លើក និង Europa League ១​លើក រួមទាំង​ពាន​ឯកត្តជន​ជាច្រើន​ទៀត​។​

Lampard ត្រូវបាន​គ្រូបង្វឹក មិត្ត​រួម​អាជីព និង​អ្នកជំនាញ​បាល់ទាត់​វាយតម្លៃថា ជា​កីឡាករ​ដ៏​គួរ​ឲ្យ​គោរព និង​កោតសរសើរ​ម្នាក់ ជាពិសេស​សមិទ្ធផល​ដ៏​ធំធេង​បំផុត​នៅ​កីឡដ្ឋាន Stamford Bridge នៃ​ក្លិប Chelsea​។

​សម្រាប់​អនាគត​បន្ទាប់ Lampard ទំនងជា​ប្រឡូក​ខ្លួន​ក្នុង​អាជីព​ជា​គ្រូបង្វឹក ដោយ​ក្នុង​សារ​របស់ខ្លួន គេ​ក៏បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​ផងដែរ ដែល​បានផ្តល់​ឱកាស​ដល់​រូបគេ​ក្នុង​ការសិក្សា​អាជីព​មួយ​នេះ​៕


Tag:
 បាល់ទាត់​
  Frank Lampard
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com