អន្តរជាតិ
លោក ត្រាំ រិះគន់អ្នកកាសែតដែលមិនរាយការណ៍ការវាយប្រហារនៅអឺរ៉ុប
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៦ ខែមករា បានរិះគន់បណ្ដាសារព័ត៌មានដែលមិនខ្វល់ខ្វាយរាយការណ៍ព័ត៌មានទាក់ទងនឹងការវាយប្រហារភេវរកម្មនៅតំបន់អឺរ៉ុប។ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះសារព័ត៌មានទាំងនោះឡើយ ហើយលោកក៏មិនបានបញ្ជាក់ពីហេតុការណ៍នៃការវាយប្រហារដែលបណ្ដាញសារព័ត៌មានខកខានមិនបានផ្សាយដែរ។
ជាថ្មីម្ដងទៀត ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយវាយប្រហារបណ្ដាញសារព័ត៌មាន ដែលមិនរវីរវល់ផ្សាយព័ត៌មានពីហេតុការណ៍វាយប្រហារនៅទូទាំងតំបន់អឺរ៉ុប។ លោក ដូណាល់ ត្រាំ ដែលកំពុងមិនត្រូវគ្នាជាមួយសារព័ត៌មានស្រាប់ផងនោះ មិនបានប្រាប់ឈ្មោះស្ថាប័នសារព័ត៌មានដែលមិនផ្សាយពីហេតុការណ៍វាយប្រហារឡើយ និងរឹតតែមិនបង្ហាញពីហេតុការណ៍ដែលលោកនិយាយថា សារព័ត៌មានមិនយកព័ត៌មានដែរ។
ថ្លែងទៅកាន់ទាហាន៣ពាន់នាក់នៅមូលដ្ឋានទ័ពអាកាសMacDill ក្នុងរដ្ឋFlorida នៅថ្ងៃទី៦ កុម្ភៈប្រធានាធិបតីរូបនេះនិយាយថា នៅទូទាំងតំបន់អឺរ៉ុប ខ្មាន់កាំភ្លើងតែងតែធ្វើសកម្មភាពវាយប្រហាររហូតមក ប៉ុន្តែហេតុការណ៍ខ្លះ មិនត្រូវបានផ្សព្វផ្សាយឡើយ។ លោកបន្តថា ក្នុងករណីច្រើនទៀត សារព័ត៌មានមិនស្មោះត្រង់ទាំងនោះ មិនចង់រាយការណ៍តែម្ដង ហើយលោកក៏ដឹងថា ហេតុអ្វីបានជាពួកគេមិនផ្សាយពីរឿងទាំងនោះដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters សេតវិមានបានបញ្ចេញរបាយការណ៍បញ្ជីនៃការវាយប្រហារនៅជុំវិញពិភពលោកចំនួន៧៨លើក ចាប់ពីខែកញ្ញា ឆ្នាំ២០១៤ ដល់ខែធ្នូ ឆ្នាំ២០១៦ ។ មន្ត្រីសេតវិមានបញ្ជាក់ថា បណ្ដាញសារព័ត៌មាន មិនបានធ្វើការងារដូចអ្វីដែលពួកគេធ្លាប់ធ្វើពីមុនឡើយ ហើយរឿងនេះ ក៏មិនអាចបន្តឲ្យកើតឡើងដែរ។
សង្គ្រាមពាក្យសម្ដីរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងបណ្ដាញសារព័ត៌មាន ចាប់ផ្ដើមតាំងពីយុទ្ធនាការស្វែងរកសំឡេងឆ្នោតមកម្ល៉េះ។ លោក ត្រាំ បានចោទប្រកាន់សារព័ត៌មានថាបានព្យាយាមវាយប្រហារលោក ដើម្បីបន្ទាបឱកាសលោកក្នុងការប្រកួតប្រជែងកៅអីប្រធានាធិបតី។ ក្រោយការឈ្នះឆ្នោត និងស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករា លោក ត្រាំ ក៏បង្កើនការវាយប្រហារកាន់តែខ្លាំងលើស្ថាប័នសារព័ត៌មាន។
លោក ត្រាំ ធ្លាប់ហៅស្ថាប័នសារព័ត៌មានធំៗនៅអាមេរិក ទៅស្ដីឲ្យដល់ការិយាល័យរបស់លោក និងបានហៅពួកគេជាសារព័ត៌មានក្លែងក្លាយទៀតផង។ សារព័ត៌មានល្បីឈ្មោះដូចជា CNN ជាដើម សុទ្ធតែធ្លាប់រងការរិះគន់ចំៗពីសំណាក់ប្រធានាធិបតី។ មិនតែប៉ុណ្ណោះ ស្ថាប័នព័ត៌មានណាដែលមានជម្លោះជាមួយលោក ពួកគេនឹងរងការរឹតបន្តឹងខ្លាំងមុននឹងអនុញ្ញាតឲ្យចូលយកព័ត៌មានទាក់ទងលោក ហើយពេលខ្លះក៏មិនអាចសម្ភាសលោកផ្ដាច់មុខដែរ៕
Tag:
ដូណាល់ ត្រាំ
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com