អន្តរជាតិ
Duterte៖ ប៉ូលិសពុករលួយនឹងក្លាយជាមុខសញ្ញានៃការសម្លាប់ក្រៅតុលាការវិញម្ដង
× ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃទី៧ ខែមករា បានគំរាមសម្លាប់មន្ត្រីប៉ូលិសពុករលួយ ដែលស៊ីរូងផ្ទៃក្នុងស្ថាប័នប៉ូលិស។ នេះជាការគំរាមថ្មីមួយទៀតរបស់ប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីលោកបានប្រាប់ឲ្យមន្ត្រីប៉ូលិសដែលប្រព្រឹត្តខុស ឲ្យទៅបារកំប្លោកទន្លេ នៅខាងក្រោយវិមានប្រធានាធិបតីរបស់លោក។ លោក Duterte កំពុងក្ដៅស្លឹកត្រចៀកខ្លាំង ដោយសាររឿងអាស្រូវពុករលួយរបស់ប៉ូលិស ដែលលោកទុកចិត្តខ្លាំងរហូតមក។
ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ បានកើនឡើងយ៉ាងខ្លាំង ចាប់ពីប្រធានាធិបតី Rodrigo Duterte ប្រកាសសង្គ្រាមបង្ក្រាបគ្រឿងញៀនមក។ ឧក្រិដ្ឋជនពាក់ព័ន្ធគ្រឿងញៀន ជាច្រើនពាន់នាក់ ត្រូវបានសម្លាប់ដោយប៉ូលិស និងខ្មាន់កាំភ្លើងក្រៅច្បាប់។ ប៉ុន្តែពេលនេះ លោកប្រធានាធិបតី Duterte បែរជានិយាយគំរាមថា មន្ត្រីប៉ូលិសដែលធ្លាប់សម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនមិនរើសមុខ នឹងក្លាយជាមុខសញ្ញានៃការសម្លាប់ក្រៅប្រព័ន្ធតុលាការវិញម្ដង។
ប្រធានាធិបតីហ្វីលីពីន គំរាមដូចនេះ អំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់មន្ត្រីប៉ូលិសប្រមាណ២រយនាក់ នៅថ្ងៃទី៧ ខែកុម្ភៈ នៅវិមានប្រធានាធិបតី។ មន្ត្រីប៉ូលិសទាំងជាង ២ រយនាក់ដែលជួបលោក Duterte ពេលនេះ បានប្រព្រឹត្តកំហុសតិចតួចដូចជាទោសកំហែងយក ឬក៏មានទោសលួចជាដើម។ ពួកគេទាំងនោះ ក៏នឹងត្រូវបញ្ជូនទៅកាន់តំបន់ភាគត្បូង ដើម្បីរក្សាសន្តិសុខនៅទីនោះ ព្រោះក្រុមភេរវកម្មវាយប្រហារញឹកញាប់ ហើយនេះជាការពិន័យរបស់លោក Duterte លើកំហុសពួកគេ។
បើតាមសារព័ត៌មាន Rappler លោក Duterte ទុកពេលឲ្យប៉ូលិសទាំងនោះរយៈពេល១៥ថ្ងៃ ដើម្បីត្រៀមខ្លួនធ្វើដំណើរទៅកាន់កោះ Mindanao។ ចំពោះប៉ូលិសណាដែលមិនសុខចិត្តនឹងការដាក់ពិន័យនេះ ពួកគេត្រូវដាក់លាលែងពីតំណែងទៅថ្នាក់លើតែម្ដង។ លោក Duterte ក៏បង្កើតប៉ូលិសមួយក្រុមទៀត ដើម្បីតាមដានប៉ូលិសដែលត្រូវបណ្ដេញចេញពីអង្គភាព ដ្បិតពួកគេអាចប្រព្រឹត្តអំពើឧក្រិដ្ឋមិនខាន។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ប្រធានាធិបតីដៃឆៅរូបនេះ ក៏បានគំរាមសម្លាប់ប៉ូលិសមានកំហុសផងដែរ។ ក្នុងសុន្ទរកថារយៈពេល១៣នាទី លោក Duterte សង្កត់ធ្ងន់ថា៖ «ប៉ូលិសភាគច្រើន ជាពិសេសប៉ូលិសដែលត្រូវបណ្ដេញចេញពីតំណែង ជាសមាជិកអង្គការចាត់តាំងរបស់ឧក្រិដ្ឋជន និងជាមនុស្សគ្រោះថ្នាក់ក្នុងចំណោមឧក្រិដ្ឋជនទាំងអស់។ ខ្ញុំនឹងសម្លាប់អ្នក នៅមុខប៉ូលិសតែម្ដង»។
លើសពីនោះ លោកប្រធានាធិបតី Duterte ក៏បានគំរាមប៉ូលិសពុករលួយដែរថា ពួកគេនឹងក្លាយជាជនរងគ្រោះ នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការមិនខាន។ លោក Duterte ដែលឈឺក្បាលដោយសាររឿងអាស្រូវពុករលួយរបស់ប៉ូលិស បាននិយាយដោយកំហឹងថា៖« ពួកប៉ូលិសទាំងនោះជាប់ពាក់ព័ន្ធគ្រឿងញៀន។ សុំទោស! ខ្ញុំមិនគិតម្ដងទៀតឡើយ។ អ្នកនឹងក្លាយជាជនរងគ្រោះ នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការវិញម្ដង។ នេះជាការពិត»៕
Tag:
ហ្វីលីពីន
Rodrigo Duterte
អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com